អេត្យូពី ថាអ្នកបើកយន្តហោះបានគោរពតាមគ្រប់បទបញ្ជារបស់ប៊ូអ៊ីង
ដូចការគ្រោងទុក នៅថ្ងៃព្រហស្បតិ៍នេះ អេត្យូពី បានចេញរបាយការណ៍ស៊ើបអង្កេតបឋមរបស់ខ្លួន ជុំវិញករណីធ្លាក់យន្តហោះប៊ូអ៊ីង 737Max។ បើតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេត្យូពី អ្នកបើកបរយន្តហោះនៃក្រុមហ៊ុនEthiopian Airlines ដែលបានធ្លាក់កាលពីថ្ងៃទី ១០ មីនា បានគោរពតាមបែបបទពេលមានគ្រោះអាសន្ន ស្របតាមអនុសាសន៍របស់ក្រុមហ៊ុនប៊ូអ៊ីង ជាច្រើនលើកច្រើនសា ដើម្បីអាចបញ្ជាយន្តហោះបាន ប៉ុន្តែមិនសម្រេច។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២០
តើអ្នកបើកបរយន្តហោះ ពិតជាបានគោរពតាមយ៉ាងល្អិតល្អន់បែបបទរបស់ក្រុមហ៊ុនពេលមានគ្រោះអាសន្នហោះហើរដែរឬទេ ? ចុះតើវិធានការទាំងនោះគ្រប់គ្រាន់ដែរឬយ៉ាងណា ? ការសម្ងាត់នៅក្នុងបន្ទប់បើកបរយន្តហោះ នឹងត្រូវបានក្រុមអ្នកស៊ើបអង្កេតអេត្យូពីទម្លាយប្រាប់តាមរយៈរបាយការណ៍អង្កេតបឋម ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
ជាចម្លើយ បុគ្គលិករបស់ក្រុមហ៊ុនអេត្យូពីអ៊ែរឡាញ ពិតបានប្រើ និងគោរពតាមគ្រប់ចំណុចនៃបែបបទដែលអ្នកស្ថាបនាយន្តហោះបានណែនាំឱ្យធ្វើក្នុងពេលគ្រោះអាសន្ន ប៉ុន្តែបែបបទទាំងឡាយនោះ មិនមែនជាវិធានការសមស្របសម្រាប់គ្រប់គ្រងបញ្ជាយន្តហោះបានវិញឡើយ ! យន្តហោះប៊ូអ៊ីង 737Max នៅតែដាំក្បាលទាញសំយ៉ុងចុះក្រោមដដែល។ នេះ បើតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេត្យូពី ក្នុងសន្និសីទកាសែត ដើម្បីបង្ហាញពីលទ្ធផលនៃការអង្កេតបឋមជុំវិញគ្រោះធ្លាក់យន្តហោះ។
ប៉ុន្តែរបាយការណ៍មិនបានបង្អុលបញ្ជាក់ ដោយចំៗថា ប្រព័ន្ធប្រឆាំងនឹងធ្លាក់យន្តហោះ MCAS ដែលគ្រប់គ្នាសង្ស័យនោះ អាចជាមូលហេតុនាំឱ្យយន្តហោះពីរគ្រឿងធ្លាក់ទេ។ អេត្យូពីនៅតែបន្តចោទសួរខ្លួនឯងដដែលថាតើហេតុអ្វីបានជាយន្តហោះប្រទាញក្បាលដាំចុះក្រោម រហូតធ្លាក់បុកដី ក្រោយពីបានហោះឡើងបានតែប៉ុន្មាននាទី។
សូមបញ្ជាក់ថាយន្តហោះនៃក្រុមហ៊ុនអេត្យូពីអ៊ែរឡាញ បានធ្លាក់ ស្លាប់អ្នកដំណើរ១៥៧នាក់ កាលពីថ្ងៃទី ១០មីនា បន្ទាប់ពីហោះឡើងបាន៦នាទី។ មុននេះ៥ខែ ពោលគឺនៅថ្ងៃទី ២៩តុលា ២០១៨ យន្តហោះប្រភេទដូចគ្នា នៃក្រុមហ៊ុនលីយ៉ុងអ៊ែររបស់ឥណ្ឌូណេស៊ី ក៏បានធ្លាក់ខ្ទេចក្នុងសមុទ្ទក្រោយពីបានហោះចេញបាន១៣នាទី។ ក្រោយគ្រោះថ្នាក់នៅឥណ្ឌូណេស៊ី ប៊ូអ៊ីងបានចេញបទបញ្ជា បញ្ជាក់ពីបែបបទដែលអ្នកបើកបរត្រូវធ្វើ នៅពេលអាសន្ន ដោយផ្តាច់ប្រព័ន្ធស្វ័យប្រវត្តិ MCAS ហើយងាកមកបញ្ជាដោយដៃ ដើម្បីបញ្ចៀសការធ្លាក់យន្តហោះ។ គ្រោះថា្នក់យន្តហោះកៀកគ្នាបែបនេះ បានជំរុញឱ្យអាជ្ញាធរនៅលើពិភពលោកសម្រេចមិនឱ្យយន្តហោះប្រភេទ៧៣៧Max ធ្វើការហោះហើរទៀតទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ