អានតួអត្ថបទ
បារាំង-ម៉ាឡេស៊ី

នាយករដ្ឋមន្ត្រី​បារាំង​បំភ្លឺ​ម៉ាឡេស៊ី​ពី​រឿង​ប្រេងដូង​

នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​ទស្សនកិច្ច​​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​​ផលិតប្រេងដូង​​ទីពីរ​ក្នុង​ពិភព​លោក​នោះ នាយក​រដ្ឋមន្ត្រី​បារាំង លោក​ Jean Marc Ayrault បាន​​បំភ្លឺរដ្ឋាភិបាល​ម៉ាឡេស៊ី​​​​ឡើងវិញ​​ អំពី​​​សំណុំ​រឿង​​ប្រេង​ដូង ​​ដែល​ជា​​បញ្ហា​​​​​ទាស់ទែង​ចិត្ត​​​រវាង​​​​បារាំង​និង​ម៉ាឡេស៊ី។ លោក អៃរ៉ូល ​លើកឡើង​ថា រដ្ឋាភិបាល​បារាំង​មិន​បាន​គាំទ្រ​​​សំណើ​​ ដែល​ដាក់​អោយ​រដ្ឋាភិបាល​បារាំង​​​​​​យក​ពន្ធ​ធ្ងន់ធ្ងរ​​​លើ​​​ផលិតផល​​​​មាន​​ប្រើ​ប្រេងដូង​​នោះ​ទេ។ ដោយឡែក ​​លោក​អៃរ៉ូល ប្រហែល​មិន​អាច​​សម្រេច​​ជោគជ័យ​ក្នុង​ការ​​​​ទាក់ទាញ​​​ម៉ាឡេស៊ីអោយ​​ទិញ​​យន្តហោះ​​ចំបាំង​​របស់​ខ្លួន​នោះទេ ព្រោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​​មាន​បញ្ហា​ថវិកា​ ហើយ​កំពុង​​ត្រូវ​ការ​កាត់​បន្ថយ​បំណុល​សាធារណៈ។

នាយករដ្ឋមន្រ្តីបារាំង Jean-Marc Ayrault និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak
នាយករដ្ឋមន្រ្តីបារាំង Jean-Marc Ayrault និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak REUTERS/Bazuki Muhammad
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​នេះ ​​​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​​សំណុំ​រឿង​ប្រេងដូង​​​ ដែល​ជា​ប្រធាន​បទ​ក្តៅ​គគុក​រវាង​បារាំង​និង​ម៉ាឡេស៊ី នាយករដ្ឋមន្ត្រី​បារាំង Jean Marc Ayrault បាន​បំភ្លឺ​នៅ​ចំពោះ​មុខ​ លោក Najib Razak ដែល​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​​ថា​ បារាំង​មិន​មែន​ជា​សត្រូវ​នឹង​ប្រេងដូង​នោះទេ។ រដ្ឋាភិបាល​បារាំង​មិន​​​គាំទ្រ​សំណើ​ដែល​ដាក់​អោយ​យក​ពន្ធ​ធ្ងន់ធ្ងរ​លើ​ផលិតផល​មាន​ប្រើប្រេងដូង​នោះ​ឡើយ ហើយ​ក៏​គ្មាន​គំរោង​ដាក់​ពិន័យ​​ផ្នែក​ពន្ធ​​ប្រេងដូង​អ្វី​ដែរ។

គួរ​រំលឹក​ថា​​​ កន្លង​មក​នេះ រដ្ឋសភា​បារាំង​បាន​​​​ពិនិត្យ​វិសោធនកម្ម​ទាក់ទង​នឹងពន្ធ​​ប្រេងដូង​ដែល​ស្នើ​ដោយ​គណបក្ស​សង្គម​និយម​ ​កំពុង​កាន់អំណាចនៅ​បារាំងសព្វ​ថ្ងៃ។ គេគិតថា ប្រេងដូង​ជា​មូលហេតុ​នាំ​អោយ​កើត​រោគ​ទឹកនោម​ផ្អែម និង​​ការ​កាប់បំផ្លាញព្រៃឈើ។ សមាជិក​សភា​បារាំង​​​ដែល​ជា​អ្នក​ការពារបរិដ្ឋាន​ជាច្រើន​រូប ​ចង់​អោយ​បារាំង​ដំឡើង​​​ពន្ធ​លើ​​​ប្រេងដូងដល់ទៅ​ ៣០០ ភាគរយ។ ទោះ​ជា​​បារាំង​គ្មាន​គំរោង​​ដាក់​ពិន័យ​​ពន្ធ​លើ​ប្រេងដូង​ក្តី ​នាយករដ្ឋមន្ត្រី​បារាំង​បាន​រំលឹក​ឡើងវិញ​ថា ចាប់​ពី​ឆ្នាំ​ក្រោយទៅ អឺរ៉ុប​នឹង​ដាក់​បទបញ្ជា​ដាច់​ខាត​មួយ​អោយមាន​ជា​​ផ្លាក​​​បង្ហាញ​ឈ្មោះ​ប្រេងនានាដែល​មាន​នៅ​ក្នុង​ផលិតផល​​​​​​​ ​​​ ​​មិន​ថា​ប្រេងដូង រឺ​ក៏​ប្រេងអ្វី​ផ្សេង​ឡើយ។​

ដោយឡែក ដូច​ជា​​​​ក្នុង​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ដែរ នាយក​រដ្ឋមន្ត្រី​បារាំង បាន​​លើកតំកើង​​សហគ្រាស​ធុនតូច​និង​ធុន​មធ្យមបារាំង​ដែល​បោះ​ទីតាំង​នៅ​ម៉ាឡេស៊ី។ លើសពីនេះ វិទ្យាស្ថាន​​បច្ចេកវិទ្យា​ជីវសាស្ត្រ​​​រដ្ឋបារាំង LFB ​ និង​​​សហគ្រាសឯកជន​​​ម៉ាឡេស៊ី Strovi បាន​ចុះ​កិច្ច​ព្រមព្រៀង​​ជាមួយគ្នា ក្នុង​​ការ​​បញ្ជូន​បច្ចេកទេស​ផ្នែក​ផ្លាស្មា​ឈាម​​ ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​​ប្រមាណ​៣០​លាន​អឺរ៉ូ សម្រាប់​រយៈ​​ពេល​២០ឆ្នាំ។ ក្រៅពីនេះ បារាំង​និង​ម៉ាឡេស៊ី​ក៏បាន​ចុះហត្ថលេខា​​លើ​ពិធីសារ​ សំរេច​អោយ​មាន​​ការបណ្តុះបណ្តាលជនជាតិ​ម៉ាឡេស៊ី ​​ផ្នែក​ផ្លូវដែក ​ផ្នែក​ការពារ​ ព្រមទាំង​ផ្លូវអាកាស​​ផងដែរ។ ទោះ​ជា​បារាំង​ខំ​​យកចិត្ត​​ម៉ាឡេស៊ី​​​ក្តី ​ម៉ាឡេស៊ី​ប្រហែល​ជា​មិន​ទិញ​យន្តហោះ​ចំបាំង​បារាំង​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​​មាន​បញ្ហា​ថិវកា ជា​ពិសេស​នៅពេល​នេះ ម៉ាឡេស៊ី​កំពុង​តែ​ព្យាយាម​កាត់​បន្ថយ​បំណុល​សាធារណៈ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ