អានតួអត្ថបទ

RFIជាផ្ទាំងស៊ីបនៃការវាយប្រហារដោយការផលិតព័ត៌មានក្លែងក្លាយរបស់រុស្ស៊ី

នៅរសៀល​ថ្ងៃពុធ​ទី ២៧​មីនា​២០២៤ មាន​ការ​បង្ហោះ​ផ្សាយ​បទ​យកការណ៍​ក្លែងក្លាយ​ដោយ​ប្រើ​ស្លាក​សញ្ញា​វិទ្យុបារាំង​អន្តរជាតិ RFI នៅលើ​បណ្តាញអ៊ីនធ័រនែត។ បទ​យកការណ៍​វីដេអូ​នោះ​ បង្ហាញ​ដោយ​គ្មាន​ភស្តុតាង ថា​​ជំងឺ​របេង​រាតត្បាតនៅ​អ៊ុយក្រែន កំពុង​គំរាមកំហែង​បារាំង ដែល​ទទួល​ព្យាបាល​ទាហាន​អ៊ុយក្រែន​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​តាម​បណ្តាញ​ផ្សេងៗ​ស​ឱ្យ​ឃើញ​ថា RFI ជា​ផ្ទាំង​ស៊ីប​នៃការ​រៀបចំ​ព័ត៌មាន​​វាយប្រហារ​​។

នេះ​ជា​វីដេអូ​ក្លែងក្លាយ មិន​មែន​ផលិត​ដោយវិទ្យុបារាំង​អន្តរជាតិ​ RFI ទេ
នេះ​ជា​វីដេអូ​ក្លែងក្លាយ មិន​មែន​ផលិត​ដោយវិទ្យុបារាំង​អន្តរជាតិ​ RFI ទេ © Captura de tela/ RFI
ផ្សាយពាណិជ្ជកម្ម

បទយកការណ៍វីដេអូ​ក្លែងក្លាយ​បង្ហោះផ្សាយ​តាម​បណ្តាញ​អ៊ីនធ័រនែត តាំងពី​ថ្ងៃពុធ​ទី ២៧មីនា ត្រូវ​បាន​សម្គាល់​ឃើញ​មុន​គេ​ដោយ​វិទ្យុបារាំងផ្សាយ​​ជា​ភាសា​រុស្ស៊ី និង​ជា​ភាសា​បារាំង​​របស់​RFI។ ស្លាក​សញ្ញា​សម្គាល់វិទ្យុ (Logo)​នៅ​ផ្នែក​លើ​ខាង​ស្តាំ​នៃ​រូបថត ក្រាហ្វិក ​រូបភាព​ឬសំឡេង​បទភ្លេងជា​អត្តសញ្ញាណ​របស់​វិទ្យុ​ ដែល​មាន​នៅ​ក្នុង​បទយកការណ៍​ នាំ​​ឱ្យ​គេ​គិត​ឃើញ​ភ្លាម​ថាជា​​បទ​យកការណ៍​​ផលិត​ដោយក្រុមការងារ​របស់​​វិទ្យុ​បារាំងអន្តរជាតិ។ ប៉ុន្តែ​ការ​ពិត​មិន​ដូច្នេះ​ទេ! ​ RFIមិន​មែនជា​អ្នក​ផលិត​បទយកការណ៍​នោះ​ឡើយ។

ឡូហ្កូ និង​ក្រាហ្វិក​ជា​អត្តសញ្ញាណ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ត្រូវ​បាន​គេ​លួច​ចម្លង​​ដើម្បី​បន្លំ​ភ្នែក​អ្នក​ប្រើ​អ៊ីនធ័រនែត
ឡូហ្កូ និង​ក្រាហ្វិក​ជា​អត្តសញ្ញាណ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ត្រូវ​បាន​គេ​លួច​ចម្លង​​ដើម្បី​បន្លំ​ភ្នែក​អ្នក​ប្រើ​អ៊ីនធ័រនែត © Captures d'écran/ Montage RFI

វីដេអូក្លែង​បន្លំនេះ ទំនង​ជា​ចេញ​ផ្សាយមុន​​ដំបូង​គេ​នៅ​តាម​បណ្តាញ​សារ Telegram ​ នៅវេលា​ម៉ោង​១៤​និង​៤៧​នាទី​ ម៉ោង​នៅ​ប៉ារីស ដោយ​គណនីនិយាយ​ភាសា​រុស្ស៊ី​ដែល​មាន​ឈ្មោះ​ថា “បច្ចុប្បន្នភាព​រុស្ស៊ី” ដែល​មាន​អ្នក​តាម​ដាន​៤២៨២នាក់។​ ខ្លឹម​សារ​នៃ​វីដេអូ បាន​រៀបរាប់​ ដោយ​គ្មាន​ភស្តុតាង ថា ​“ការ​​​ឆ្លង​រាតត្បាត​នៃ​ជំងឺរបេង​នៅ​អ៊ុយក្រែន​ កំពុង​គំរាមកំហែង​ដល់​ប្រទេស​បារាំង ដែល​ទទួល​យក​ទាហាន​អ៊ុយក្រែន​ទៅ​ព្យាបាល​” អម​ដោយ​ពាក្យ​ខំមិន​ថា “មាន​សង្កើច​ផង របេង​ផង ... បើ​​​ខ្ញុំ​អាច​ទៅ​លេង​កីឡា​អូឡាំពិក​នៅបារាំង...”​

នេះ​ជា​គណនី​ដែល​បង្ហោះ​បទយកការណ៍​វីដេអូ​ក្លែង​ក្លាយ​មុន​គេ
នេះ​ជា​គណនី​ដែល​បង្ហោះ​បទយកការណ៍​វីដេអូ​ក្លែង​ក្លាយ​មុន​គេ © Скриншот / Telegram

១០នាទី​ក្រោយ​ បណ្តាញ​​តេឡេក្រាមឆាណែលជាច្រើន​​​ផ្សេងទៀត ក៏​បាន​យកវីដេអូ​ដដែល​នោះ​​ទៅផ្សាយ​បន្ត​ ដោយ​គិតថា​​ជា​បទ​យកការណ៍​របស់​វិទ្យុ​RFI។ ក្នុង​ចំណោម​នោះ មាន​ឆាណែលមួយ​ មាន​អ្នក​តាម​ដាន​ដល់​ទៅ​១១៨០០០ពាន់​នាក់។ ហើយ​​ពីរ​ទៀត ជាបណ្តាញឆាណែល​គាំទ្ររបប​​​រុស្ស៊ី​ តាំងពី​ម៉ូស្គូ​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក។

The same comment in Russian always accompanies this video.
ឃ្លាខំមិន​ដដែលៗ​ដូច​គ្នា​បេះ​បិទ​​នៅអម​ពី​ក្រោម​វីដេអូ © RFI

ក្រៅ​ពី​​បណ្តាញ​តេឡេក្រាម ព័ត៌មានពុល​មួយ​នេះ​ ត្រូវ​បាន​ស៊ែរ​ចែក​ចាយ​បន្ត​នៅ​លើ​បណ្តាញ​សង្គម​VKontakte (ហ្វេសប៊ុករុស្ស៊ី) និង​វេបសាយ​រុស្ស៊ី​ជា​ច្រើន ព្រមទាំង​​បណ្តាញ​សង្គម​ X (Twitterចាស់) ទៀត។ គ្រប់​ការ​បង្ហោះ​ផ្សាយវីដេអូ​ក្លែងក្លាយ ​សុទ្ធ​តែ​អម​ដោយ​ ឃ្លាឃ្លោង​​ ​ខំមិន ​ដូច​ៗគ្នា​។

The hoax arrived on X, formerly Twitter, later in the evening of Wednesday,  27 March.
វីដេអូក្លែងក្លាយ​ចែក​ចាយ​បន្ត​នៅក្នុងបណ្តាញ​សង្គម​​X © RFI

​ទម្រង់នៃ​ការ​​​ផ្សាយ​ បទ​អត្ថាធិប្បាយ​បែប​ប្រឆាំង​អ៊ុយក្រែន​ និង​បច្ចេកទេស​លួច​​ប្រើ​អត្តសញ្ញាណ​របស់​ស្ថាប័ន​សារព័ត៌មានដទៃ​ អាច​បញ្ជាក់​អំពី​ប្រភព​នៃ​​​ការ​រៀប​ចំ​ព័ត៌មាន​វាយប្រហារបាន​។​ នេះ​ជារបៀប​វាយប្រហារ​ដែល​សារព័ត៌មាន​បារាំង​និង​បរទេសជា​ច្រើនធ្លាប់​​បាន​ជួប​ប្រទះ។

ប្រសិន​បើ​មានការ​សង្ស័យអំពី​ភាព​ពិត​នៃ​ខ្លឹម​សារ​ព័ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ សូម​ទាក់ទងមក​ក្រុម​ផ្ទៀងផ្ទាត់​ព័ត៌មាន​តាម​WhatsApp​ លេខ +33 6 89​ 07 61 09៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ