អានតួអត្ថបទ
រុស្ស៊ី-ភេរវកម្ម

លោកពូទីនថា អ៊ុយក្រែនជាម្ចាស់ភេរវកម្មនៅម៉ូស្គូ ទោះ​អង្គការរដ្ឋអ៊ីស្លាមប្រកាស​ជា​អ្នក​ធ្វើ​ក៏​ដោយ

នារសៀលថ្ងៃសៅរ៍ទី ២៣ មីនា លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានបង្ហាញមុខថ្លែង តាមទូរទស្សន៍ ដោយសន្យាថានឹង”ដាក់ទណ្ឌកម្ម" ពួកចាត់ចែងនិងពួកបំពេញតាម ផែនការវាយប្រហារភេរវកម្ម ក្នុងសាលតន្ត្រីមួយ ឯជាយក្រុងម៉ូស្គូ កាលពីយប់ថ្ងៃសុក្រ។ ​ ភេរវកម្ម​​បាន​ផ្តាច់​ជីវិ​ត​ពលរដ្ឋ​រុស្ស៊ី​អស់​យ៉ាង​ហោច១៣៣​ នាក់។ នៅក្នុងបទអន្តរាគមនេះ មេដឹកនាំរុស្ស៊ី បាន​ទម្លាយឲ្យដឹងថា ពួកភេរវជននោះ ត្រូវបានចាប់ខ្លួន នៅតាមផ្លូវឆ្ពោះទៅកាន់អ៊ុយក្រែន ប៉ុន្តែគាត់មិនរំលឹកទេអំពី ការចេញមុខ ទទួលខុសត្រូវដោយ អង្គការជីហាត”រដ្ឋអ៊ីស្លាម” ចំពោះភេរវកម្មនេះ។ លោកពូទីន ក៏បានប្រកាសថ្ងៃ អាទិត្យទី ២៤ មីនា ជាទិវាកាន់ទុក្ខជាតិ ឧទ្ទិសដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋស្លាប់ទាំងនោះ។

លោកពូទីនថា អ៊ុយក្រែនជាម្ចាស់ភេរវកម្មនៅម៉ូស្គូ
លោកពូទីនថា អ៊ុយក្រែនជាម្ចាស់ភេរវកម្មនៅម៉ូស្គូ AP
ផ្សាយពាណិជ្ជកម្ម

ទោះបីក្រុមជីហាតបានថ្លែងទទួលខុសត្រូវចំពោះ “ការវាយប្រហារទៅលើទីកន្លែងមាន មនុស្សច្រើន កុះករ”នៅជាយក្រុងម៉ូស្គូក្តី ក៏លោក វ៉្លាឌីមៀរ ពូទីនក្នុងសេចក្តីថ្លែងការណ៍ជាលើកដំបូង បន្ទាប់ពីសោកនាដកម្មនោះ បានចាប់យកការបកស្រាយអំពីហេតុការណ៍ ដែលលើកឡើងពីមុន ដោយ ស្ថាប័នសន្តិសុខជាតិ រុស្ស៊ី FSB ហើយមិនរំលឹកសោះឡើយអំពី ការចូលខ្លួនផ្ទាល់នៃ អង្គការ”រដ្ឋអ៊ីស្លាម” ក្នុង ភេរវកម្ម។

លោកប្រមុខរដ្ឋរុស្ស៊ី បានអះអាងថា “ ពួកដៃដល់ទាំង ៤ នាក់”នៃការវាយប្រហារនោះ ត្រូវបានចាប់ខ្លួន នៅពេលដែលពួកគេជិះរថយន្ដតាមផ្លូវឆ្ពោះទៅកាន់អ៊ុយក្រែន ជាទីដែល តាមទិន្នន័យនៃក្រុមអ្នកអង្កេត ភាគីអ៊ុយក្រែនបានរៀបចំទុកទៅហើយ ប្រឡោះ សម្រាប់ពួកនោះឆ្លងកាត់ព្រំដែនចូលក្នុងដែនដីអ៊ុយក្រែន។ តាមដែលគណៈកម្មាធិការអង្កេតរុស្ស៊ីលំអិត ៖ ក្រុមជនជាប់សង្ស័យ បានមានទំនាក់ទំនងសមស្រប ជាមួយ អ៊ុយក្រែន ហើយរំពឹងរត់ចូលប្រទេសនេះ បើតាម សន្តិសុខរុស្ស៊ី FSB ដែលមិនផ្តល់ភស្តុតាង យ៉ាង ល្អិត ល្អន់ឡើយ អំពី ប្រភេទទំនាក់ទំនងនេះ។ បុគ្គល ៤ រូបនោះ មានដើមកំណើតជាជនបរទេស ជាប់សង្ស័យ ថា ជាជនដៃដល់ក្នុងការវាយប្រហារយប់ថ្ងៃសុក្រនៅឯជាយក្រុងម៉ូស្គូ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តរុស្ស៊ី Briansk ជាប់នឹងព្រំដែន អ៊ុយក្រែន និង បេឡារុស ។

លោកប្រធានាធិបតីរុស្ស៊ី សន្យាថា “រាល់អ្នកណាដែលស្ថិតនៅពីក្រោយពួកភេរវជន នឹងត្រូវរងទណ្ឌកម្ម   យ៉ាង ត្រឹមត្រូវ និងចៀសមិនផុត “។ លោកពូទីន ក៏បានបរិហារភេរវកម្មនោះថាសែនព្រៃផ្សៃ និង ប្រកាសថ្ងៃអាទិត្យទី ២៤ មិនា ជា ទិវាកាន់ទុក្ខទូទាំងប្រទេសជាតិ។

អង្គការ”រដ្ឋអ៊ីស្លាម" ដែលរុស្ស៊ីបានប្រយុទ្ធនៅប្រទេសស៊ីរី និង ដែលក៏សកម្មនៅតំបន់ភ្នំកូកាសរុស្ស៊ីធ្លាប់បាន ប្រព្រឹត្តអំពើភេរវកម្មជាច្រើននៅរុស្ស៊ី តាំងពីចុងរង្វង់ឆ្នាំ ២០១០ មក ប៉ុន្តែក្រុមនេះ មិនដែលចេញមុខ ទទួលខុសត្រូវ ចំពោះការវាយប្រហារទ្រង់ទ្រាយធំបែបនេះឡើយ។

អ៊ុយក្រែន ពីចំណែកខ្លួន បានបដិសេធប្តូរប្តេជ្ញ ការពាក់ព័ន្ធអ្វីណាជាមួយនឹង ភេរវកម្មនេះ និងអះអាងថា រុស្ស៊ី ដែលជាងពីរឆ្នាំមកហើយវាយលុកនៅអ៊ុយក្រែន ចេះតែស្វែងរកលេស ដើម្បី ស្តីបន្កទោសអ៊ុយក្រែន។

អ៊ុយក្រែន ឥតពាក់ព័ន្ធអ្វីបន្តិចសោះឡើយនឹង ឧប្បត្តិហេតុនេះ “ សេចក្តីនេះ សង្កត់ធ្ងន់ដោយ ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podoliak ទាំងច្រានចោល ការចោទប្រកាន់ដែល មិនទំនង សោះ។

 នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ថ្ងៃសៅរ៍ បានផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ ដល់” ការវាយប្រហារ សែនកម្រោល” នៅម៉ូស្គូ ទាំងសង្ឃឹមថា វានឹងពុំក្លាយជា”លេស” សម្រាប់បង្កើនកម្រិតហិង្សាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ