អានតួអត្ថបទ
បារាំង-ជំងឺអេដស៍

ប្រធានាធិបតី​បារាំង​អំពាវនាវ​ឱ្យ​យុវជន​ប្រើ​ស្រោម​អនាម័យដើម្បីការពារ​ខ្លួនពីជំងឺ​អេដស៍

សមាគម​បារាំង​តែង​បើក​យុទ្ធនាការ​ការពារ​ជំងឺ​ស៊ីដា​ឬអេដស៍​ជា​រៀង​ឆ្នាំ ក្រោយ​ពី​បាន​រក​ឃើញ​វីរ៉ុស​ស៊ីដា នៅ​ឆ្នាំ​១៩៨៣ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​នៅវិទ្យាស្ថាន​ប៉ាស្ទ័រមក។ ក្នុង​ឱកាស​ខួប​៣០​ឆ្នាំ​នៃ​យុទ្ធនាការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ថ្ងៃទី ២៤​មីនា​២០២៤​នេះ លោកប្រធានាធិបតី​បារាំង​បាន​អំពាវនាវ​​ឱ្យ​យុវវ័យចេះ​ការពារ​ខ្លួន និង​ប្រើ​ស្រោម​អនាម័យ​នៅពេល​រួម​រក្ស​ស្នេហា ដើម្បី​កុំ​ឱ្យ​ឆ្លង​ជំងឺ​អេដស៍ ដែល​គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​ដាច់​ទេ។

ប្រធានាធិបតី​បារាំង​អំពាវនាវ​ឱ្យ​យុវជន​ប្រើ​ស្រោម​អនាម័យដើម្បីការពារ​ខ្លួនពី​ជំងឺអេដស៍
ប្រធានាធិបតី​បារាំង​អំពាវនាវ​ឱ្យ​យុវជន​ប្រើ​ស្រោម​អនាម័យដើម្បីការពារ​ខ្លួនពី​ជំងឺអេដស៍ iStock / CatLane
ផ្សាយពាណិជ្ជកម្ម

“សូម​កុំ​ប្រហែស! ​សូម​យុវវ័យបារាំង​​អាយុ​ក្រោម​២៦​ឆ្នាំ​បន្ត​ប្រើប្រាស់​ស្រោម​អនាម័យ។ ​​តាំងពី​ថ្ងៃទី​​១មករា​២០២៣​មក រដ្ឋាភិបាល​បារាំង​បាន​ចែក​ចាយ​ស្រោម​អនាម័យ​ដោយ​គិត​ថ្លៃ​អស់​១៦លាន​៧សែន​ហើយ។ នេះ​ជា​សារ​តើន​រំឮក​​របស់​លោកប្រធានាធិបតី​បារាំង នៅ​ថ្ងៃអាទិត្យ​ទី ២៤​មីនា​២០២៤ ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​​លើក​ទី​៣០។ សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយបារាំង​សង្កេត​ឃើញ​ថា​ការ​ប្រើប្រាស់​ស្រោមអនាម័យ​កំពុង​ធ្លាក់​ចុះនៅ​ក្នុង​ចំណោម​យុវជន​។ បើ​តាម​​វិទ្យាស្ថាន​ស្ទង់​មតិបារាំង​ យុវវ័យ​អាយុ​១៥ទៅ​២៤​ឆ្នាំ ប្រមាណ​៦០%​ គ្មាន​ទម្លាប់​​ពាក់​ស្រោម​អនាម័យ​នៅពេល​រួម​រក្ស​ស្នេហា​ទេ។ ហើយ​ជិត​៤០%​មិនស្គាល់​​កន្លែង​ត្រូវ​ទៅធ្វើ​តេស្ត និង​មិន​ដឹង​ថា​មាន​​ថ្នាំ​ព្យាបាល​បន្ទាន់​ ក្រោយ​រួម​រក្សជាមួយ​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ដោយ​មិន​បានការពារ​ផង​។

ឯវីរ៉ុស​ស៊ីដា​នៅតែ​សកម្ម​និង​បន្ត​ចម្លង​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ។ បើ​តាម​លោក​ស្រី Françoise Barré Sinoussi ប្រធាន​សមាគម​Sidaction ដែល​តែង​រៀប​ចំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា ជា​រៀង​រាល់​ឆ្នាំ​ តាំងពី​៣០​ឆ្នាំ​មក នៅ​ក្នុង​ប្រទេស​បារាំង បច្ចុប្បន្ន​អ្នកជំងឺ​​អេដស៍​អាច​រស់ជាមួយ​​មេរោគហ៊ីវ​បានដូច​មនុស្សទូទៅ ​ដោយ​ត្រូវ​លេប​ថ្នាំ​ពន្យារ​ជីវិត​អស់​មួយ​ជីវិត។ ប៉ុន្តែ​អ្នក​ជំងឺ​មិន​អាច​ជាដាច់​​ពី​រោគ​ស៊ីដា​បាន​ទេ​។ សម្រាប់​លោកស្រី​វេជ្ជបណ្ឌិត​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ​មេរោគ​ហ៊ីវ នៅ​ឆ្នាំ​១៩៨៣ និង​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែលវេជ្ជសាស្ត្រ​ឆ្នាំ​២០០៨​ចំពោះ​ការ​រក​ឃើញ​មេរោគ​បង្ក​ជំងឺ​ស៊ីដា​ មធ្យោបាយ​ព្យាបាល​ជំងឺ​ស៊ីដា​មាន​ការ​ជឿន​លឿន​ខ្លាំង ប៉ុន្តែ​ដំណើរ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត និង​មិន​អាច​បញ្ឈប់​កណ្តាល​ផ្លូវ​បាន​ទេ។

កម្មវត្ថុរបស់​អង្គការ​សហប្រជាជាតិ​ចង់បិទ​​​បញ្ចប់​ការរាតត្បាត​នៃ​ជំងឺ​ស៊ីដា​នៅ​ឆ្នាំ​២០៣០ អាច​សម្រេច​បាន​ ដរាប​ណា​តែ​គេ​ព្រម​ផ្តល់​មធ្យោបាយ​ និង​ទទួល​ស្គាល់​តម្លៃ​ការងារ​របស់​អ្នក​នៅជួរ​មុខ។ នេះ​បើ​តាម​ទស្សនៈ​របស់​លោក​ស្រី​Françoise Barré-Sinoussi ជាមួយ​នឹង​ពាក្យ​ព្រមាន​ថា ភាព​ជឿន​លឿន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា​មាន​លក្ខណៈ​ផុយស្រួយ​ណាស់ និង​មាន​សញ្ញា​គួរ​ឱ្យ​បារម្ភ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​យ៉ាង​កាណាដា ដែល​អត្រាប្រេវ៉ាឡង់​ឆ្លង​មេរោគ​ហ៊ីវ​ហាក់​កំពុង​​មាន​និន្នាការ​កើន​ឡើង​។ ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី សុទ្ធសឹង​ជា​ប្រទេស​នៅ​តំបន់​អាស៊ី ដែល​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ហ៊ីវ​បាន​កើន​ឡើង ដោយ​ហេតុតែ​​កង្វះ​ការ​អប់​រំផ្នែក​​សុខភាព​ផ្លូវ​ភេទ និង​ឥរិយាបថបែប​​អភិរក្ស​និយម​​។

នៅ​កំរិត​ពិភពលោក មាន​មនុស្ស​៣៩​លាន​នាក់​មាន​ផ្ទុក​មេរោគ​ហ៊ីវ ក្នុងនោះប្រមាណ​​មួយ​ភាគ​បួន​មិន​បានទទួល​ការ​ព្យាបាល​ទេ ជា​ពិសេស​នៅ​ទ្វីប​អាហ្វ្រិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ