អានតួអត្ថបទ
រុស្ស៊ី-សិទ្ធិសេរីភាព

ក្រុមគ្រួសារលោកអាឡិចសី ណាវ៉ាល់នី ទាមទារឲ្យអាជ្ញាធររុស្ស៊ី​​ប្រគល់សាកសព​ជាបន្ទាន់

គិតមកទល់ពេលនេះ មិនទាន់មាន​ការបញ្ជាក់ណាមួយពី​អាជ្ញាធរុស្ស៊ី ទាក់ទិននឹង​មូលហេតុពិតប្រាកដ ដែល​បណ្តាល​ឲ្យ​លោក អាឡិចសី ណាវ៉ាល់​នី ស្លាប់​ឡើយ​។ ក្រុម​គ្រួសារ​ ក៏ដូចជាសកម្មជនស្និទ្ធនឹងលោក​ណាវ៉ាល់នី បានទាមទារ​ឲ្យ​អាជ្ញាធររុស្ស៊ី ត្រូវតែប្រគល់សាកសពលោក​ជាបន្ទាន់​។ សូមបញ្ជាក់ដែរ ថា​ចាប់ពី​រសៀលថ្ងៃសុក្រ​ទី​១៦​មករា ​​សមត្ថកិច្ចរុស្ស៊ីបាន​​ចាប់ឃាត់ខ្លួន​ មនុស្សជាង​២០០នាក់ ​​នៅតាមទីក្រុងធំៗនៅរុស្ស៊ី​ បន្ទាប់ពីពួកគេ​​បាន​ជួបជុំគ្នា​ដាក់​បាច់ផ្កា ​រំឭកវិញ្ញាណក្ខន្ធរបស់​លោក​ អាឡិចសី ណាវ៉ាល់នី។

រូបថតលោក អាឡិចសី ណាវ៉ាល់នី អមដោយបាច់ផ្កាដែលមនុស្ស​ម្នាយក​មកដាក់ ដើម្បីរំឭកវិញ្ញាណក្ខន្ធលោក។ ទីក្រុងវីលនូស ប្រទេស​លីទុយអានី ថ្ងៃទី​១៧ កុម្ភៈ ២០២៤
រូបថតលោក អាឡិចសី ណាវ៉ាល់នី អមដោយបាច់ផ្កាដែលមនុស្ស​ម្នាយក​មកដាក់ ដើម្បីរំឭកវិញ្ញាណក្ខន្ធលោក។ ទីក្រុងវីលនូស ប្រទេស​លីទុយអានី ថ្ងៃទី​១៧ កុម្ភៈ ២០២៤ AP - Mindaugas Kulbis
ផ្សាយពាណិជ្ជកម្ម

លោក​​ស្រី Kira Iarmich អ្នកនាំពាក្យរបស់​លោក​អាឡិចសី ណាវ៉ាល់នី បាន​ឲ្យដឹងថា ម្តាយរបស់លោកអាឡិចសី ណាវ៉ាល់នី រួមទាំងមេធាវី បានធ្វើដំណើរទៅ​ដល់​មន្ទីរឃុំឃាំង​នៅ​ឯតំបនអាកទិកដ៏សែនត្រជាក់ នៅថ្ងៃសៅរ៍​ទី​១៧​កុម្ភៈ។ បន្ទាប់ពីបានចាំអស់រយៈពេល​២ម៉ោង អាជ្ញាធរ​គ្រប់គ្រង​មន្ទីរឃុំឃាំងបានប្រគល់លិខិតមួយ មកឲ្យ​ម្តាយ​លោកណាវ៉ាល់នី​ ដែល​បញ្ជាក់ថា លោក អាឡិចសី ណាវ៉ាល់​នី បានស្លាប់នៅវេលាម៉ោង២និង​១៧នាទី រសៀលថ្ងៃសុក្រទី​១៦កុម្ភៈ នៅ​ក្នុងមន្ទីរឃុំឃាំង​ IK-3។

ប្រភពពីអ្នកនាំពាក្យ​រូបនេះ បន្ថែមទៀតថា​បុគ្គលិក​ម្នាក់​នៃមន្ទីរឃុំឃាំង បាន​ប្រាប់​ថាក្រុមមន្ត្រីជំនាញ បានយកសាកសព​​លោកណាវ៉ាល់នី ទៅទីក្រុង Salekhard បាត់ហើយ​។ លោកស្រី Kira Iarmich បានបញ្ជាក់ថា តាងនាមឲ្យ​ក្រុមគ្រួសារលោកអាឡិចសី ណាវ៉ាល់នី គឺលោកស្រី​សូមទាមទារ ឲ្យ​អាជ្ញាធររុស្ស៊ី ត្រូវតែ​ប្រគល់សាក​សពលោក​ណាវ៉ាល់​នី ឲ្យ​បានឆាប់ជាទីបំផុត។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ អាជ្ញាធររុស្ស៊ី បានត្រឹមតែប្រកាសពីការស្លាប់របស់​លោក​អាឡិចសី ណាវ៉ាល់នី ហើយក៏ស្ងាត់បាត់ដំណឹងសូន្យ ទាក់ទិននឹងមូលហេតុនៃការស្លាប់។ ក្រុមគ្រួសារលោកណាវ៉ាល់នី កំពុងរងចាំយ៉ាងអន្ទះសារ ដើម្បី​យកសាកសពមករៀបចំពិធីបុណ្យ​។ នៅក្នុងសារវីដេអូ ផ្សាយតាម​បណ្តាញសង្គម លោកស្រី Kira Iarmich អ្នកនាំពាក្យរបស់​លោក​អាឡិចសី ណាវ៉ាល់នី បានអះអាងថា គេបានសម្លាប់លោកណាវ៉ាល់នី នៅក្នុងគុក ហើយ​គេចង់​បំបាត់ភស្តុតាង ដោយ​យកសាកសពទៅលាក់ទុក។ បណ្តាញ​ព័ត៌មាន Novaïa Gazeta ចុះផ្សាយថានៅថ្ងៃព្រហស្បតិ៍ ពោលគឺមុនស្លាប់មួយថ្ងៃ លោកណាវ៉ាល់នី បានបង្ហាញមុខក្នុងវីដេអូសវនាការចំនួន២ ហើយ​មិនបានថ្អូញថ្អែរអ្វី​ពីបញ្ហាសុខភាពទេ។ ចំណែក​ម្តាយលោកណាវ៉ាល់នី បានអះអាងថាខ្លួនបានទទួលសារវីដេអូលើហ្វេសបុក ដែល​ក្នុងនោះកូនប្រុសគាត់​ហាក់មានសុខភាពធម្មតា​។

គួរបញ្ជាក់ថា អាជ្ញាធររុស្ស៊ី​ស្ងាត់បាត់មាត់ ​មិននិយាយអ្វី​ពី​មូលហេតុនៃការស្លាប់​របស់​លោកណាវ៉ាល់នី ក៏ពិតមែន តែ​​វិមានក្រេមឡាំងវិញ បាន​ប្រតិកម្មក្តែងៗ ទៅនឹងពាក្យ​ចោទពីបណ្តាប្រទេសលោក​ខាងលិច ដែល​ចាត់ទុកលោកពូទីន ថាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់​លោកណាវ៉ាល់នី​។

យុវជនរុស្ស៊ីម្នាក់ ត្រូវសមត្ថកិច្ចចាប់សែងញាត់​បញ្ចូល​ឡាន ក្នុងពេលមានការជួបជុំដាក់បាច់ផ្ការំឭកវិញ្ញាណក្ខន្ធលោក​ណាវ៉ាល់នី នៅក្រុងសាំងប៉េតេសបួ ថ្ងៃទី១៧ កុម្ភៈ ២០២៤។
យុវជនរុស្ស៊ីម្នាក់ ត្រូវសមត្ថកិច្ចចាប់សែងញាត់​បញ្ចូល​ឡាន ក្នុងពេលមានការជួបជុំដាក់បាច់ផ្ការំឭកវិញ្ញាណក្ខន្ធលោក​ណាវ៉ាល់នី នៅក្រុងសាំងប៉េតេសបួ ថ្ងៃទី១៧ កុម្ភៈ ២០២៤។ AP

សូមបញ្ជាក់ដែរថា ក្រោយដំណឹងមរណៈភាពរបស់​លោក អាឡិចសី ណាវ៉ាល់នី សកម្មជននយោបាយប្រឆាំង​ដ៏ធំបំផុតនៅរុស្ស៊ីនេះ មនុស្សម្នាជាច្រើននាក់នៅរុស្ស៊ី និងនៅតាមទីក្រុងអឺរ៉ុបផ្សេងៗទៀត​ បានជួបជុំគ្នាអុជទៀន និង​ដាក់​បាច់ផ្កា​ ដោយ​ក្តីក្តុកក្តួលរំជួលចិត្តជាទីបំផុត​។​ ពួកគេ​មានក្តីអាលោះអាល័យ ដល់វីរៈភាព​របស់​លោក​ ណាវ៉ាល់នី ដែល​​បានបូជាជីវិត ​ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព និងយុត្តិធម៌​នៅរុស្ស៊ី​។

គួរកត់សំគាល់ថា ផ្អែកតាមការអះអាង របស់អង្គការ​ OVD-Info គិតត្រឹមរសៀលថ្ងៃសៅរ៍​ទី​១៧កុម្ភៈ សមត្ថកិច្ចរុស្ស៊ីបានចាប់ឃាត់ខ្លួនមនុស្ស ចំនួន២១២នាក់ នៅតាមទីក្រុងធំចំនួន​ជាង១០ ក្នុងពេលដែលពួកគេមកជួបជុំរំឭកវិញ្ញាណក្ខន្ធលោក​ណាវ៉ាល់នី​។ អាជ្ញាធរសន្តិសុខរុស្ស៊ី ហាក់កំពុងត្រៀមកំលាំងប្រុងប្រយ័ត្នបំផុត ដើម្បី​ទប់ស្កាត់​មិន​ឲ្យមានបាតុកម្មណាមួយផ្ទុះឡើងទេ ព្រោះថា​ការបោះឆ្នោត នៅពាក់កណ្តាល​ខែមីនា កាន់តែខិតជិតមកដល់ហើយ​។​ ស្របពេលដែលបណ្តាញព័ត៌មានអន្តរជាតិ​ចុះផ្សាយព្រោងព្រាត អំពីការស្លាប់​របស់​លោកណាវ៉ាល់នី បណ្តាញព័ត៌មានផ្លូវការ​រុស្ស៊ីឯនោះវិញ ហាក់ដូចជាមិនអើពើប៉ុន្មានទេ។ តែផ្ទុយទៅវិញ បណ្តាញព័ត៌មានផ្លូវការរុស្ស៊ី​បាន​ផ្សព្វផ្សាយគំរាម បំភ័យប្រជាជនកុំឲ្យជួបជុំគ្នាធ្វើបាតុកម្ម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ