អានតួអត្ថបទ
ហូឡង់-អ៊ីស្រាអែល

តុលាការបញ្ជាឲ្យហូឡង់ឈប់​បញ្ជូនគ្រឿងបន្លាស់យន្តហោះចម្បាំងF-35​ទៅ​ឲ្យអ៊ីស្រាអែល

នៅ​ហូឡង់ តុលាការ​ឧទ្ធរណ៍​បាន​ចេញ​សាលដីកា​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ហូឡង់​ឈប់​បញ្ជូនគ្រឿងបន្លាស់​យន្តហោះចម្បាំងអាមេរិក F-35 ទៅ​ឲ្យ​អ៊ីស្រាអែលតទៅទៀត។ តាម​ការយល់ឃើញ​របស់​ចៅក្រមហូឡង់ មាន​ហានិភ័យ​យ៉ាងជាក់ច្បាស់​ដែលថា អ៊ីស្រាអែល​បាន​យក​យន្តហោះចម្បាំង​F-35​ទៅប្រើ នៅក្នុងសង្រ្គាម​ហ្កាហ្សា ដោយ​មិន​គិត​ខ្វល់​ពីអាយុជីវិត​របស់​ប្រជាជន​ប៉ាឡេស្ទីន។ តុលាការ​ឧទ្ធរណ៍​ហូឡង់​បើកការជំនុំជម្រះ ស្តីពី​ការបញ្ជូន​គ្រឿងបន្លាស់​យន្តហោះចម្បាំងអាមេរិក ទៅតាម​ពាក្យបណ្តឹង​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​Oxfam Novib ដើម្បីប្រជាជន​នៅហ្កាហ្សា។ 

យន្តហោះចម្បាំងអាមេរិក​F-35ដែល​អ៊ីស្រាអែល​ទិញយកទៅបំពាក់ឲ្យកងទ័ពជើងអាកាសរបស់ខ្លួន
យន្តហោះចម្បាំងអាមេរិក​F-35ដែល​អ៊ីស្រាអែល​ទិញយកទៅបំពាក់ឲ្យកងទ័ពជើងអាកាសរបស់ខ្លួន AFP - EMMANUEL DUNAND
ផ្សាយពាណិជ្ជកម្ម

តុលាការ​ឧទ្ធរណ៍​របស់ប្រទេស​ហូឡង់​បាន​ចេញ​សាលដីកា នៅ​ថ្ងៃ​ចន្ទ ទី ១២​កុម្ភៈ បញ្ជា​ឲ្យ​រដ្ឋាភិបាល​ហូឡង់​ត្រូវ​ឈប់បញ្ជូន​គ្រឿងបន្លាស់​យន្តហោះចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​អ៊ីស្រាអែល​តទៅទៀត។ តាម​ការវាយតម្លៃ​របស់​ចៅក្រម មាន​ចំណុចច្រើន​ដែល​ធ្វើឲ្យគេជឿថា គ្រឿង​បន្លាស់​យន្តហោះ​ចម្បាំង F-35 ដែល​ហូឡង់​បញ្ជូន​ទៅ​ឲ្យ​អ៊ីស្រាអែល ចូលរួមនៅក្នុង​សកម្មភាព​រំលោភ​សិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់​អ៊ីស្រាអែល នៅទឹកដី​ហ្កាហ្សា។

បើតាម​ចៅក្រម​តុលាការ​ឧទ្ធរណ៍ហូឡង់ អ៊ីស្រាអែល​មិន​បាន​បង្ហាញថា ខ្លួន​បាន​គិតគូរ​ពីផលវិបាក អាយុជីវិត​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅពេល​បើក​ការវាយប្រហារ​ជើងអាកាស​របស់ខ្លួន ទៅលើ​ទឹកដី​ហ្កាហ្សាឡើយ។ ដោយ​យល់ឃើញ​ថា អ៊ីស្រាអែល​ប្រើ​យន្តហោះ​ចម្បាំងអាមេរិក F-35 នៅក្នុង​សង្រ្គាម​រំលោភច្បាប់​មនុស្សធម៌ នៅ​ហ្កាហ្សា ចៅក្រម​ហូឡង់​សម្រេចថា រដ្ឋាភិបាល​ត្រូវ​ឈប់បញ្ជូន​គ្រឿង​បន្លាស់​យន្តហោះ​F-35 នៅ​រយៈពេល​៧ថ្ងៃ ក្រោយ​ចេញសាលដី​របស់​តុលាការឧទ្ធរណ៍។

ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​ដឹកនាំ​ដោយ​អង្គការ​Oxfam Novib ដែល​ជា​ម្ចាស់​ដើម​បណ្តឹង​អបអរ​ការសម្រេច​របស់​តុលាការ​ឧទ្ធរណ៍ហូឡង់ ដែល​ជា​ដំណឹង​ដ៏ល្អ​សម្រាប់ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា។ សាលដីកា​របស់​តុលាការឧទ្ធរណ៍​នឹងទៅលុបចោល​ការសម្រេច​របស់​សាលាដំបូងដែលថា ការបញ្ជូន​គ្រឿងបន្លាស់យន្តហោះ​ចម្បាំង F-35 ​មានជាប់ពាក់ព័ន្ធនឹង​រឿង​នយោបាយ​ដែល​តុលាការ​គ្មាន​សិទ្ធិ​លូកដៃ​អន្តរាគមន៍។

ប៉ុន្តែ នៅក្នុងសាលដីកា នៅថ្ងៃ​ចន្ទ តុលាការ​ឧទ្ធរណ៍​វិញ​សម្រេចថា ការរក្សា​ទំនាក់ទំនងល្អជាមួយ​អាមេរិក និង​អ៊ីស្រាអែល មិនមែនជា​ទឡ្ហីករណ៍​ត្រឹមត្រូវ​ដើម្បីបន្ត​បញ្ជូន​គ្រឿងបន្លាស់​យន្តហោះចម្បាំង​ទៅ​ឲ្យ​អ៊ីស្រាអែល។

សាលដីកា​របស់​តុលាការ​ឧទ្ធរណ៍​ហូឡង់​ផ្តោត​ទៅ​លើ​គ្រឿង​បន្លាស់​យន្តហោះ​ចម្បាំង​ F-35 ដែល​អាមេរិក​ស្តុកទុក នៅក្នុង​ឃ្លាំង ក្នុងទឹកដី​ហូឡង់ មុននឹង​ត្រូវ​បញ្ជូន​ចេញ​ទៅ​ឲ្យ​ប្រទេស​ដៃគូ​ដែលប្រើយន្តហោះ F-35 ដូចជា​ប្រទេស​អ៊ីស្រាអែល​ជាដើម។ អាជ្ញាធរ​ហូឡង់​ផ្ទាល់​ធ្លាប់លើកឡើង​ថា គេ​មិនច្បាស់ថា រដ្ឋាភិបាល​ហូឡង់​មាន​សិទ្ធិអំណាច​លូកដៃ នៅក្នុង​រឿង​បញ្ជូន​គ្រឿងបន្លាស់​ទៅ​អ៊ីស្រាអែល​ដែរឬទេ ព្រោះថា គ្រឿងបន្លាស់​ទាំងនោះ​មាននៅក្នុង​ទឹកដី​ហូឡង់មែន ប៉ុន្តែ វា​ស្ថិតក្រោម​ការគ្រប់គ្រង​ចាត់ចែងផ្ទាល់​របស់​អាមេរិក​ដែលជា​ម្ចាស់កម្មសិទ្ធិ។

មួយវិញទៀត បើតាម​អាជ្ញាធរ​ហូឡង់​ ហូឡង់​ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង អនុញ្ញាត​ឲ្យ​គេ​នាំចេញ​គ្រឿងបន្លាស់ តាំង​ពី​ឆ្នាំ២០១៦ ដោយ​គ្មានកាលកំណត់។ ចៅក្រម​តុលាការ​ឧទ្ធរណ៍​នៅទីក្រុង​ឡាអេ​វិញ យល់ថា ទោះជា​ចុះកិច្ចព្រមព្រៀងអនុញ្ញាត​ឲ្យនាំចេញ​គ្រឿងបន្លាស់​យន្តហោះ​ចម្បាំង​អាមេរិក​ដោយ​គ្មានកាលកំណត់មែនហើយ ប៉ុន្តែ នេះមិនមែនមានន័យថា រដ្ឋាភិបាលហូឡង់​ត្រូវ​បិទភ្នែក មើលមិនឃើញហេតុការណ៍ដែលកំពុងកើតឡើងដែរ។

ត្រូវដឹងថា ការវាយប្រហារ​ផ្លូវអាកាស​របស់​កងទ័ព​អ៊ីស្រាអែល ដែល​អាច​ប្រើ​យន្តហោះចម្បាំង​អាមេរិក F-35 សម្លាប់ជីវិតប្រជាជន​ប៉ាឡេស្ទីន មិន​លោះថ្ងៃ។ សង្រ្គាម​សងសឹក​របស់​អ៊ីស្រាអែល​នៅហ្កាហ្សា កំពុង​បង្ក​ឲ្យ​មានការឈឺចាប់​ខ្លោចផ្សារ និង​គំនុំគុំគួន គ្មានថ្ងៃ​បញ្ចប់ នៅក្នុង​ចំណោម​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាច្រើន​ជំនាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ