អានតួអត្ថបទ
អេស្ប៉ាញ-អាមេរិក-សមុទ្រក្រហម

សមុទ្រក្រហម៖ អេស្ប៉ាញប្រកាសបដិសេធ មិនចូលរួមជាមួយសម្ព័ន្ធភាពយោធា ដឹកនាំដោយអាមេរិក

កាលពីថ្ងៃចន្ទ ទី​១៨ធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាន​ប្រកាសបង្កើតសម្ព័ន្ធភាពយោធាមួយ ដើម្បីការពារសន្តិសុខតំបន់សមុទ្រក្រហម បន្ទាប់ពីក្រុមហ៊ូទីយេម៉ែន បាន​វាយ​ប្រហារជាច្រើនលើក មកលើ​នាវាដឹកទំនិញ​អន្តរជាតិ។ ភាគីអាមេរិក​អះអាងថា មាន១០ប្រទេសចូលរួមក្នុងសម្ព័ន្ធភាពនេះ ដោយ​ក្នុងនោះមានអេស្ប៉ាញដែរ។ តែស្រាប់តែនៅថ្ងៃសៅរ៍ទី​២៣ធ្នូ រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសខ្លួន​នឹងមិនចូលរួម​ក្នុងសម្ព័ន្ធភាពយោធា​នេះទេ។

U.S. Defense Secretary Lloyd Austin, rear, addresses members of an international maritime task force protecting commercial ships in the Red Sea at U.S. Navy Central Command headquarters in Manama, Bah
លោករដ្ឋមន្ត្រីការពារជាតិអាមេរិក​ Lloyd Austin កំពុងនិយាយទៅកាន់​កងទ័ពជើងទឹក​​ អំពី​ការបង្កើត​សម្ព័ន្ធ​យោធា ការពារសន្តិសុខ​នាវាដឹកទំនិញក្នុងសមុទ្រក្រហម នៅឯអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក​ប្រចាំ​តំបន់​ដើម​បូព៌ា ទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ថ្ងៃទី ១៩ធ្នូ២០២៣ AP - Tara Copp
ផ្សាយពាណិជ្ជកម្ម

អស់មួយសប្តាហ៍​មកហើយ ដែលក្នុងជួរនយោបាយ​អេស្ប៉ាញ មាន​ចម្ងល់និង​ការជជែកសួរដេញដោលគ្នា បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រកាសថាអេស្ប៉ាញស្ថិតក្នុង​ចំណោម​១០ប្រទេស​​ ដែលចូលរួមក្នុង​សម្ព័ន្ធភាព​យោធា ដើម្បីការពារសន្តិសុខតំបន់​សមុទ្រក្រហម។​ បន្ទាប់ពី​បាន​ស្ទាក់ស្ទើ ដោយ​ទើសទាល់​ ទីបំផុត​ រដ្ឋភិបាល​អេស្ប៉ាញ បានចេញមុខប្រកាស អេស្ប៉ាញ​មិនចូលរួម​នៅក្នុងសម្ព័ន្ធភាពនេះទេ​។

យោងតាមលិខិតប្រកាស របស់ក្រសួងការពារជាតិអេស្ប៉ាញ ចេញផ្សាយ​នៅល្ងាចថ្ងៃសៅរ៍ ទី២៣ធ្នូ គឺរដ្ឋាភិបាល​អេស្ប៉ាញ សូមបដិសេធ​មិនគាំទ្រគំនិតពង្រីកបេសសកម្ម Atalante ដែល​ត្រូវបាន​បង្កើតឡើងនៅឆ្នាំ​២០០៨ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​សកម្មភាពចោរសមុទ្រ ក្នុង​មហាសមុទ្រឥណ្ឌាឡើយ។ សម្រាប់អេស្ប៉ាញ ប្រតិបត្តិការនេះ គឺមាន​គោលដៅកម្មវត្ថុ ខុសពី​សម្ព័ន្ធភាព​យោធា ដែលសហរដ្ឋអាមេរិកកំពុងតែបង្កើត នៅក្នុងតំបន់សមុទ្រក្រហម។ តែយ៉ាងណា ក្រសួងការពារ​ជាតិ​អេស្ប៉ាញ ទទួលស្គាល់ថា សម្ព័ន្ធភាព​យោធាការពារសន្តិសុខនាវាដឹកទំនិញ នៅតំបន់​សមុទ្រក្រហម គឺត្រូវតែមាន​វិសាលភាព​ប្រតិបត្តិការ មធ្យោបាយ និងកម្មវត្ថុច្បាស់លាស់ដាច់ដោយឡែក ដែល​អាចត្រូវបាន​សម្រេច​ ដោយស្ថា​ប័នមានសមត្ថកិច្ចនៃសហភាពអឺរ៉ុប។ ទន្ទឹមគ្នា​នេះ​ អេស្ប៉ាញនឹងមិន​ទៅរារាំងការបង្កើតសម្ព័ន្ធភាពនេះ ការចូលរួមរបស់ប្រទេសអឺរ៉ុបណាទេ។

ទាក់ទងសួរដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃអាទិត្យ​ទី​២៤ធ្នូ អ្នកនាំពាក្យ​ក្រសួងការពារជាតិអេស្ប៉ាញ បាន​បញ្ជាក់ថា អេស្ប៉ាញនឹងមិនចូលរួម​ជាមួយ​អឺរ៉ុបទេ ក្នុងសម្ព័ន្ធភាពយោធាការពារសន្តិសុខក្នុងសមុទ្រក្រហម។ ដោយ​មិនបញ្ជាក់ពីហេតុផល ការប្រកែកពីសំណាក់អេស្ប៉ាញនេះ គឺបានធ្វើឡើង បន្ទាប់ពី​លោក​ចូ បៃដិន បាន​ទូរស័ព្ទទៅនិយាយជាមួយ​លោក​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ប៉េដ្រូ សន់ឆែស កាលពីល្ងាចថ្ងៃសុក្រ​។

យោងតាមការចុះផ្សាយ​ របស់​បណ្តាញព័ត៌មានអេស្ប៉ាញ នៅថ្ងៃអាទិត្យ ការបដិសេធរបស់អេស្ប៉ាញ មិនចូលរួម​ក្នុងសម្ព័ន្ធភាព​យោធាដែលអាមេរិក​ប្រកាស​បង្កើតនេះ គឺអាចមកពីហេតុ​ផល​នយោបាយ​ផ្ទៃក្នុង។ រដ្ឋាភិបាល​របស់​លោក ប៉េដ្រូ សន់ឆែស ត្រូវការ​សំឡេងគាំទ្រក្នុងរដ្ឋាភិបាល ពីសំណាក់​ក្រុមបក្សនយោបាយឆ្វេងនិយមជ្រុល​។ លោកស្រី Yolanda Diaz មេដឹកនាំបក្ស​ឆ្វេងនិយមជ្រុល និងជាអនុប្រធានរដ្ឋាភិបាលអេស្ប៉ាញ ធ្លាប់​បាននិយាយបរិហារថា ពេល​ក្រុមប្រទេសលោកខាងលិច​ ចង់ប្រមូលផ្តុំគ្នា​បង្កើតសម្ព័ន្ធភាព​យោធា​ការពារ​សន្តិសុខផ្លូវសមុទ្រនៅតំបន់សមុទ្រក្រហម គឺគេអាចធ្វើបានភ្លាមៗ។ តែផ្ទុយទៅវិញ​ ពេល​រឿងជួយ​ការពារអាយុជីវិតប្រជាជនស៊ីវីល​នៅហ្កាហ្សាវិញ គឺធ្វើមិនចេញទេ ទុកឲ្យ​អ៊ីស្រាអែលទម្លាក់គ្រាប់បែក​រហូតមកទល់ពេលនេះ​។

សូមរំលឹកថា ប្រឈមនឹង​ការវាយ​ប្រហារជាច្រើនដង ទៅលើនាវាដឹកទំនិញ នៅសមុទ្រក្រហម ពី​សំណាក់ក្រុមហ៊ូទី យេម៉ែន លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាស បង្កើតសម្ព័ន្ធភាពយោធាដើម្បីការពារសន្តិសុខ​តំបន់នេះ។ ក្នុងចំណោម១០ប្រទេសដែលចូលរួម ក៏មានអេស្ប៉ាញដែរ។ ភាគីអេស្ប៉ាញមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបាន់ឮដំណឹងនេះ។ លោកស្រី​ Pilar Alégria អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ ធ្លាប់បាន​លើកឡើងថា​ អេស្ប៉ាញមានការប្រុងប្រយ័ត្នខ្ពស់ណាស់ មិនអាចចេះតែចូលរួម​ក្នុងសម្ព័ន្ធភាពយោធាមួយ ដោយ​អត្តនោម័តនោះទេ។

គួរកត់សំគាល់ដែរ ថាការបដិសេធពីភាគីអេស្ប៉ាញនាពេលនេះ បានចូលរួមធ្វើឲ្យ​ទំនាក់ទំនងរវាង អេស្ប៉ាញ និងសហរដ្ឋអាមេរិក​កាន់តែល្អក់កករ។ ថ្មីនេះៗ អេស្ប៉ាញ​បានបណ្តេញ​ដោយ​ស្ងាត់ៗ នូវ​ភ្នាក់ងាចារកិច្ចអាមេរិក២នាក់ ដែលបានប៉ុនប៉ង​ អូសទាញ​មន្ត្រី​ចារកិច្ច​អេស្ប៉ាញ​២នាក់ ឲ្យធ្វើការ​ប្រមូលព័ត៌មានឲ្យខ្លួន​។ យ៉ាងណាក៏ដោយ​ នៅក្នុងលិខិតប្រកាសរបស់ខ្លួន ក្រសួងការពារជាតិអេស្ប៉ាញអះអាងថា អេស្ប៉ាញ​នឹងនៅតែជា​សម្ព័ន្ធមិត្ត​ជាទីទុកចិត្ត នៃ​បេសកកម្មយោធាក្នុងក្របខណ្ឌអឺរ៉ុប អូតង់ និង​អង្គការសហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ