អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

កងទ័ពអ៊ុយក្រែនអបអរជ័យជំនះដែលបាន​បាញ់ទម្លាក់យន្តហោះចម្បាំង​៣គ្រឿង​របស់រុស្ស៊ី

អ៊ុយក្រែនអះអាងថាខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះចម្បាំង​៣គ្រឿង​របស់​រុស្ស៊ី​កាលពីថ្ងៃសុក្រទី​២២​ធ្នូ។ នៅក្នុង​សារវីដេអូ​នៅយប់ថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែន លោក​វ្លូឌីមៀរ ហ្សេឡេនស្គី​និយាយ​កោតសរសើរ​កងទ័ពជើងអាកាស​ប្រចាំការ​នៅភាគខាងត្បូង​ដែលជាអ្នកបាញ់ទម្លាក់​យន្តហោះចម្បាំង​រុស្ស៊ី។

យន្តហោះចម្បាំងរបស់រុស្ស៊ីប្រភេទ Sukhoï
យន្តហោះចម្បាំងរបស់រុស្ស៊ីប្រភេទ Sukhoï AP - Alexander Zemlianichenko Jr
ផ្សាយពាណិជ្ជកម្ម

កងទ័ពជើងអាកាស​អ៊ុយក្រែន​អះអាងថា ខ្លួន​បាន​បាញ់បំផ្លាញ​យន្តហោះចម្បាំង​របស់​រុស្ស៊ី ​បីគ្រឿ​ងប្រភេទ Sukhoï Su 34​ កាលពី​រសៀល​ថ្ងៃសុក្រ។ យោងតាមប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី ហេតុការណ៍នេះ​កើតឡើង​នៅ​ខេត្ត​Kherson ភាគខាងត្បូង​អ៊ុយក្រែន។ នៅ​ក្នុង​សារវីដេអូ​នៅយប់​ថ្ងៃ​សុក្រ លោក​ហ្សេឡេនស្គី​និយាយ​សរសើរ​ស្នាដៃ​សម្រេចបាន​របស់កងទ័ពនៃអង្គភាពការពារដែនអាកាស​​Odesa ដើម្បីបាញ់កម្ទេច​យន្តហោះចម្បាំង​រុស្ស៊ី។

វិមានក្រេមឡាំង​របស់លោកពូទីននៅមិនទាន់អត្ថាធិប្បាយ​អ្វីទាក់ទង​នឹងការលើកឡើង​របស់​ភាគីអ៊ុយក្រែន ប៉ុន្តែBlogយោធារុស្ស៊ីដែលមានឈ្មោះ​ថា Fighterbomberបាន​សរសេរពីការបាត់បង់​នៅក្នុង​សមរភូមិប្រយុទ្ធ ដោយសារ​ប្រព័ន្ធខែ​មីស៊ីលPatriot​ ដែលអាមេរិក​ប្រគល់ទៅឲ្យអ៊ុយក្រែនដើម្បីទុកការពារ​ដែនអាកាស។ អ្នកសរសេរ​ប្លុក​របស់​រុស្ស៊ីម្នាក់ទៀត បាន​លម្អិតថា យន្តហោះចម្បាំង​រុស្ស៊ី ​ Sukhoï Su 34​ បានបាត់ខ្លួន​នៅក្នុង​បេសកកម្មចេញទៅទម្លាក់គ្រាប់​លើ​ទីតាំង​ប្រយុទ្ធរបស់​កងទ័ពអ៊ុយក្រែន​នៅ​ត្រើយម្ខាងទន្លេ Dnipro ផ្នែកមួយនៃ​ខេត្ត​​Khersonដែលកំពុងស្ថិតក្រោមការកាន់កាប់​របស់​កងទ័ពរុស្ស៊ី។

នៅ​ក្នុង​សន្និសីទកាសែតដាច់ឆ្នាំ ​នៅសប្តាហ៍នេះ លោកប្រធានាធិបតី ហ្សេឡេនស្គី អះអាងថា អ៊ុយក្រែន​មិនបាន​ចាញ់សង្រ្គាម​នៅចំពោះមុខការឈ្លានពាន​របស់​រុស្ស៊ី នៅក្នុងខណៈពេល​ដែលមាន​ការរាយការណ៍ថា អ៊ុយក្រែនកំពុងខ្វះអាវុធ ហើយការវាយបករបស់អ៊ុយក្រែន​ហាក់នៅទ្រឹង​មិនទៅមុខ​នៅក្នុង​សមរភូមិប្រយុទ្ធប្រឆាំង​នឹង​កងទ័ពរុស្ស៊ី។ នៅថ្ងៃ​សុក្រ ប្រធានាធិបតីអ៊ុយក្រែន​​លើកឡើង​ថា លោក​បានជជែក​ជាមួយ​ភាគីហូឡង់​ពីរឿង​ប្រគល់យន្តហោះចម្បាំងអាមេរិក ហើយនិងពីរឿងកញ្ចប់ថវិកា​ប្រមាណ ៥០ពាន់លាន​អឺរ៉ូ​ដែលអឺរ៉ុបសន្យា​ជួយអ៊ុយក្រែន​សម្រាប់ទប់ទល់​ការឈ្លានពាន​របស់​រុស្ស៊ី។

បើតាមលោកហ្សេឡេនស្គី បន្ទាប់ពីបានឆ្លងវគ្គបណ្តុះបណ្តាល​ អ្នកបើកយន្តហោះ និង​វិស្វករអ៊ុយក្រែន​នឹង​អាច​ប្រើប្រាស់​យន្តហោះចម្បាំង​របស់អាមេរិក​ក្នុងពេល​ឆាប់ៗខាងមុខ ព្រោះថា ហូឡង់កំពុង​ត្រៀមបញ្ជូនយន្តហោះចម្បាំង​មកឲ្យអ៊ុយក្រែន។

រដ្ឋាភិបាល​ហូឡង់​នៅថ្ងៃ​សុក្រ​ អះអាងថា ហូឡង់​ត្រៀមខ្លួន​ប្រគល់​យន្តហោះចម្បាំង​អាមេរិក F16 ​ចំនួន​១៨គ្រឿង​ទៅ​អ៊ុយក្រែន។ បន្ទាប់ពី​បានទទួល​ភ្លើងខៀវពីអាមេរិកដែលជាម្ចាស់ផលិត ហូឡង់ និងដាណឺម៉ាក​បាន​ប្រកាស​កាលពីខែ​សីហាកន្លងទៅ​ថា នឹង​ផ្តល់​យន្តហោះចម្បាំង ប្រភេទ F16ចំនួន​៦១គ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន ដែលបានទទូចសុំ​ចង់បាន​យន្តហោះចម្បាំងទំនើបរបស់​អាមេរិកដើម្បីយក​ទៅប្រើ​ទប់ទល់​នឹង​កងទ័ពរុស្ស៊ី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ