អានតួអត្ថបទ
អេស្ប៉ាញ-អន្តោប្រវេសន៍

អេស្ប៉ាញ៖ ត្រឹម​២៤ម៉ោង ជនអន្តោប្រវេសន៍តាមទូក​មកដល់​កោះកាណារីចំនួន​ជាង​៩០០នាក់

ប្រជុំ​​កោះកាណារីរបស់អេស្ប៉ាញ ដែល​ស្ថិតនៅ​ក្នុង​មហាសមុទ្រអាត្លង់ទិក​ ខាងលិច​ទ្វីប​អាហ្វ្រិក កំពុងតែប្រឈមកាន់តែខ្លាំងឡើង នូវការមកដល់យ៉ាងគំហុក នៃជនអន្តោប្រវេសន៍​តាមទូក។ គ្រាន់តែក្នុង​២៤ម៉ោងចុងក្រោយ យ៉ាងហោចណាស់ មាន​ជនអន្តោប្រវេសន៍​ជាង​៩០០នាក់ បាន​មកដល់​លើ​កោះដ៏តូចនេះ។

ជនអន្តោប្រវេសន៍​ ចំនួន​៤៩៦នាក់ ពេលត្រូវ​អេស្ប៉ាញ ដឺក​ផ្ទេរចេញពី​កោះEl Hierro មកដល់​កោះ Tenerife។ អេស្ប៉ាញ ថ្ងៃទី ៥តុលា ២០២៣
ជនអន្តោប្រវេសន៍​ ចំនួន​៤៩៦នាក់ ពេលត្រូវ​អេស្ប៉ាញ ដឺក​ផ្ទេរចេញពី​កោះEl Hierro មកដល់​កោះ Tenerife។ អេស្ប៉ាញ ថ្ងៃទី ៥តុលា ២០២៣ AFP - DESIREE MARTIN
ផ្សាយពាណិជ្ជកម្ម

យោងតាមអាជ្ញាធរសង្គ្រោះ​ផ្លូវ​សមុទ្រអេស្ប៉ាញ កាលពី​ថ្ងៃសុក្រ ទី​៦តុលា​​ ទូកចំនួន​៥ ដែលមានផ្ទុក​មនុស្សសរុប ៥២៦នាក់ ត្រូវបាន​គេសង្គ្រោះ​ សណ្តោង​មកដល់​កោះ El Hierro ដែល​ជាកោះតូចមួ​យ​ស្ថិតនៅខាងត្បូង​ប្រជុំ​កោះ​កាណារី ខណៈ​ទូក​៣ទៀត ត្រូវគេសណ្តោងទៅដល់​កោះ​ Grande Canarie និងទូក​២គ្រឿងទៀត​ បានទៅដល់​កោះTenerife។ ​ទូកទាំង​១០នេះ សរុបចំនួន​ជនអន្តោប្រវេសន៍ទាំងអស់​ មាន​៩០៨នាក់។ ស្រាប់តែនៅល្ងាច​ក្បាលព្រលប់ ថ្ងៃសុក្រដដែល ទូកជនអន្តោប្រវេសន៍​២ទៀតបានសំដៅទៅកាន់​កោះ El Hierro ដែល​មានផ្ទុកមនុស្ស​ប្រមាណ​១៥០នាក់។​

អាជ្ញាធរអេស្ប៉ាញអះអាងថា ជនអន្តោប្រវេសន៍ទាំងអស់ គឺសុទ្ធសឹងតែជាប្រជាជនអាហ្វ្រិក មកពីតំបន់ខាងត្បូ​ងសមុទ្រខ្សាច់សាហារ៉ា។ ជាច្រើនសប្តាហ៍​កន្លងមកហើយ​ ដែលជនអន្តោប្រវេសន៍​បានមកដល់​ប្រជុំកោះកាណារី យ៉ាងច្រើនបំផុត ធ្វើ​ឲ្យអាជ្ញាធរអេស្ប៉ាញជួបការលំបាកខ្លាំង ដោយសារតែប្រជុំកោះនេះជាកោះតូចៗ ពុំមានហេដ្ឋារ​ចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីទទួល​ជនអន្តោប្រវេសន៍​ ក្នុងចំនួន​ច្រើនបែបនេះ។

ជាក់ស្តែង កាលពីថ្ងៃអង្គារ ទូកតូចតែ​​មួយ​ មាន​ផ្ទុកជនអន្តោប្រវេសន៍​ដល់ទៅ​២៨០នាក់ បាន​មកដល់​កោះ El Hierro។ ក្នុង​មួយសប្តាហ៍ចុងក្រោយ​នេះ កោះ​ El Hierro ដែល​មានប្រជាជន​រស់នៅ​ប្រមាណ​តែ​១១០០០នាក់ បាន​ឃើញជនអន្តោប្រវេសន៍​មកដល់​ ដល់ទៅជាង​​១២០០នាក់​។ ផ្អែក​តាមអ្នករាយការណ៍​ព័ត៌មានបារាំង AFP ដើម្បីបញ្ចៀសបញ្ហា​កកស្ទះណែន នៅលើ​កោះតូចនេះ អាជ្ញាធរអេស្ប៉ាញ​បានបញ្ជូនជន​​អន្តោប្រវេសន៍ ​ចំនួន​៥០០នាក់ យកទៅទុកនៅ​លើ​កោះ​Tenerife។

គួរកត់សំគាល់ថា ពីមួយឆ្នាំទៅ​មួយឆ្នាំ តំបន់​ប្រជុំកោះកាណារីរបស់អេស្ប៉ាញ បាន​ក្លាយ​ជា​ច្រក​ផ្លូវ​ដ៏ធំមួយ ដែល​ជនអន្តោប្រវេសន៍​បានឆ្លងកាត់ ដើម្បី​ចូលមកដល់ទឹកដីអឺរ៉ុប បន្ទាប់ពី​ច្រក​ផ្លូវ​សមុទ្រ​ម៉េឌីទែរ៉ាណេ ត្រូវគេ​រាំងខ្ទប់​កាន់តែខ្លាំង​។ ក្នុងរវាងពីខែមករា ដល់ថ្ងៃទី​៣០កញ្ញា ឆ្នាំនេះ មានជនអន្តោប្រវេសន៍ ចំនួន​១៤៩២៦នាក់ បាន​មកដល់​កោះកាណារី ពោលគឺ​កើនឡើង២០% បើប្រៀបធៀបទៅ​ឆ្នាំមុន​។ ការធ្វើដំណើរ​តាម​ទូក ​ក្នុង​មហាសមុទ្រអាត្លង់​ទិក​ ដើម្បី​ទៅដល់​កោះកាណារី គឺជាការប្រថុយគ្រោះថ្នាក់ខ្លាំងណាស់។ ទោះបើ​គ្មាន​តួលេខច្បាស់លាស់ តែអង្គការក្រៅរដ្ឋាភិបាល ជឿថាមាន​ស្លាប់​ជាច្រើនរយនាក់ដោយករណីលិចទូក​ក្នុងសមុទ្រ​។

ដំណើរមកដល់​យ៉ាងគំហុក​នៃជនអន្តោប្រវេសន៍ នៅ​លើកោះ​កាណារី​​នេះ គឺវា​ជួនចំពេល​ដែ​លក្រុមប្រទេសអឺរ៉ុប​កំពុងតែជួបប្រជុំគ្នានៅ​ក្រុង​Grenade ភាគខាងត្បូងអេស្ប៉ាញ នៅចុងសប្តាហ៍​នេះ ដើម្បី​ជជែក​គ្នាអំពីវិបត្តិជនអន្តោប្រវេសន៍ ដែលអឺរ៉ុបកំពុងតែប្រឈមនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃពុធ ប្រទេសអឺរ៉ុបបាន​បោះឆ្នោត​យល់ព្រមលើ​យន្តការថ្មី ដែល​កំណត់​កាតព្វកិច្ច​ត្រូវ​​សាមគ្គីជួយ​គ្នា ប្រសិនបើ​ប្រទេសសាមជិកណាមួយ មានជនអន្តោប្រវេសន៍​មកដល់ច្រើន ដូ​ចយ៉ាង​ករណី​ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះ​។ ប៉ូឡូញ និង​ហុងគ្រីបានបោះឆ្នោតប្រឆាំង​កិច្ចព្រមព្រៀងនេះ ខណៈអូទ្រីស​ ស្លូវ៉ាគី និងឆេក បានបោះឆ្នោតអនុប្បវាទ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ