អានតួអត្ថបទ
សភាអឺរ៉ុប-ឆ្ផ្សារកាបោន

ការប្រែប្រែលអាកាសធាតុ៖ សភាអឺរ៉ុប​អនុម័ត​កំណែទម្រង់​ទីផ្សារកាបូនដ៏មានមហិច្ឆតា

ដើម្បីធ្វើឲ្យ​ផែនការ​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់​កាន់តែ​មាន​មហិច្ឆតា សភាអឺរ៉ុប​បាន​បោះឆ្នោតអនុម័ត​កំណែទម្រង់​ទីផ្សារ​កាបោន។ កំណែទម្រង់​ទីផ្សារកោបោនដែល​សភាអឺរ៉ុប​បោះឆ្នោតអនុម័ត​នៅទីក្រុង​ព្រុចស៊ែល កាលពីថ្ងៃអង្គារ​ម្សិលមិញផ្តោតសំខាន់​ទៅលើ​ការពង្រីក​ទីផ្សារកាបោនទៅក្នុងវិស័យដឹកជញ្ជូន និងពន្ធកាបោន​នៅព្រំដែន។ សភាអឺរ៉ុបកំពុងរៀបចំផងដែរ សេចក្តីព្រាងច្បាប់​ដើម្បីការពារ ជួយ​ក្រុមហ៊ុន​ឧស្សាហកម្ម​អឺរ៉ុប នៅចំពោះមុខ​ការប្រកួតប្រជែង​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ដែលបាន​ទទួល​ជំនួយ នៅក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ ដែលរដ្ឋបាល​លោកចូ បៃដិន​ចុះហត្ថលេខា នៅ​ឆ្នាំមុន។

រោងចក្រ​ផលិតអគ្គិសនី​ដើរដោយថាមពលធ្យុងថ្មនៅប្រទេស​អាល្លឺម៉ង់ នៅ​Niederaussem
រោងចក្រ​ផលិតអគ្គិសនី​ដើរដោយថាមពលធ្យុងថ្មនៅប្រទេស​អាល្លឺម៉ង់ នៅ​Niederaussem AP - Michael Probst
ផ្សាយពាណិជ្ជកម្ម

កំណែទម្រង់​ទីផ្សារកាបោន​ដែល​សភាអឺរ៉ុបបោះឆ្នោត ទើប​អនុម័ត កាលពីថ្ងៃម្សិលមិញ​នឹងជួយ​ឲ្យ​សហភាពអឺរ៉ុប​សម្រេច​គោលដៅ​ដ៏មានមហិច្ឆតា​របស់ខ្លួន​ក្នុងការកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុនៃការឡើងកំដៅ ផែនដី និងការប្រែប្រួលអាកាសធាតុ។

សហភាពអឺរ៉ុប​ធ្លាប់បានកំណត់​គោលដៅ​ថា នឹងកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក​ឲ្យបាន​៤៣%​ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ ប៉ុន្តែ ទៅតាម​កំណែទម្រង់ថ្មី សហភាពអឺរ៉ុប​ត្រូវ​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ឲ្យបាន៦២%។ អំណើះតទៅ ក្រុមហ៊ុន​រោងចក្រឧស្សាហកម្ម​នៅក្នុងទឹកដីអឺរ៉ុប ដាក់ផែនការ បញ្ចេញ​ឧស្ម័ន​កាបូនិក​ឲ្យបាន​កាន់តែតិច តាមរយៈ​ការប្រើប្រាស់​ថាមពលស្អាតស្អំ ដូចជា ថាមពលបានមកពីផ្ទាំងសូឡា និង​វាយោអគ្គិសនី​ជាដើម។

មួយវិញទៀត នៅក្នុង​កំណែទម្រង់​ទីផ្សារ​កាបោនលើកនេះ ការកំណត់​កូតា​នៃការបញ្ចេញឧស្ម័នកាបូនិក នៅក្នុងរង្វង់​សហភាពអឺរ៉ុប​នឹង​ត្រូវ​លាតសន្ធឹង​ចូល​ដល់​វិស័យ​ដឹកជញ្ជូន និង​អគារ​រស់នៅ។ ការកំណត់កូតាបញ្ចេញឧស្ម័នកាបូនិក ​សម្រាប់​ការប្រើម៉ាស៊ីនកំដៅអគារ និងការប្រើប្រេងឧស្ម័ន​សម្រាប់រថយន្ត ជា​រឿងមួយដែលគេមិននឹកស្មានដល់​ថា បាន​ទទួលការគាំទ្រ​ពី​សភាអឺរ៉ុប ក្នុងហេតុផលថា វាអាច​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជនអឺរ៉ុប ដែលកំពុង​ប្រឈមខ្លាំង​រួចទៅហើយ នឹង​ថាមពលឡើងថ្លៃ ដោយសារ​សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។ តាម​កំណែទម្រង់ទីផ្សារ​កាបោន ចាប់ពីឆ្នាំ ២០២៧ ប្រជាជនអឺរ៉ុប​ត្រូវ​ចូលរួម​បង់ថ្លៃ​កាបោនតម្លៃ៤៥អឺរ៉ូ​ក្នុងមួយតោន សម្រាប់​ម៉ាស៊ីនកំដៅ និងមធ្យោបាយដឹកជញ្ជូន។ ប៉ុន្តែ ក្នុងករណីដែលតម្លៃថាមពល​នៅបន្តឡើងថ្លៃដូចសព្វថ្ងៃ កាតព្វកិច្ច​បង់ថ្លៃកាបោន​របស់​ប្រជាជន ត្រូវ​លើកពេល​ទៅអនុវត្ត​ចាប់ពី​ឆ្នាំ ២០២៨។

ដើម្បីបង្កាទប់ស្កាត់​ចលនា​ប្រឆាំង​របស់​ប្រជាជន សភាអឺរ៉ុប​អនុម័តផងដែរ ការបង្កើតមូលនិធិ សង្គមសម្រាប់​បរិស្ថាន ជាង ៨៦ពាន់លាន​អឺរ៉ូ ដើម្បី​ជួយក្រុមហ៊ុនតូចមធ្យម និង​ប្រជាជនដែលមានជីវភាពខ្វះខាត ដែលប៉ះពាល់​ដោយសារ​កំណែទម្រង់ទីផ្សារកាបោន។

សហភាពអឺរ៉ុប​ពង្រីកវិសាលភាព​ទីផ្សារកាបោនទៅលើ​វិស័យផ្សេងទៀត បន្ទាប់ពី​សភា អឺរ៉ុប​បង្កើត​ពន្ធកាបោន នៅ​ព្រំដែន។ រាល់ទំនិញបរទេស នាំចូល​មកអឺរ៉ុប ដែលមានដូចជា​ស៊ីម៉ង់ ដែកថែប អាលុយមីញ៉ូម ភ្លើងអគ្គិសនី ជីគីមី ដែល​ផលិតឡើង ដោយសារ​ការប្រើថាមពល ធ្យូងថ្ម និង​ប្រេង ដែល​បញ្ចេញ​ឧស្ម័នកាបូនិក លើស​ពី​កូតា​កំណត់​របស់​អឺរ៉ុប នឹង​ត្រូវបង់​ពន្ធកាបោនជាមុនសិន មុននឹង​អាចដាក់លក់​នៅទីផ្សារអឺរ៉ុប។

សហភាពអឺរ៉ុបនឹង​សាកល្បង​ដាក់ឲ្យដំណើរការ​ពន្ធកាបោននៅព្រំដែន​ចាប់ពីឆ្នាំនេះ និង​​រំពឹង​ថា ទទួល​បាន​ប្រាក់ចំណូលពន្ធ​ប្រមាណ ១៤ពាន់លាន​អឺរ៉ូ​ក្នុងមួយឆ្នាំ សម្រាប់​យក​ទៅបំពេញ​កេសថវិកាទូទៅ​របស់អឺរ៉ុប។ នៅក្នុងករណីដែល​សហភាពអឺរ៉ុប​អនុវត្ត​ពេញលេញ ពន្ធកាបោន​នៅព្រំដែន​ចាប់ពីឆ្នាំ ២០២៦ ដល់​ឆ្នាំ ២០៣៤ សហភាពអឺរ៉ុប​នឹង​លុបចោល​បន្តិចម្តងៗ កូតា​សិទ្ធិ​បញ្ចេញឧស្ម័ន​ដោយ​ឥតគិតថ្លៃ​របស់​ក្រុមហ៊ុនឧស្សាហកម្ម​អឺរ៉ុប ដើម្បីធ្វើយ៉ាងណា​ឲ្យពួកគេ​អាច​ប្រកួតប្រជែង​ស្មើភាពជាមួយ​ក្រុមហ៊ុន​ក្រៅទឹកដីអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ