អានតួអត្ថបទ
បារាំង-យុត្តិធម៌

តុលាការកំពូលបារាំង បើកការជំនំជំរះ​​ ស្តីអំពី “​អំណាចយុត្តាធិការជាសកល” ​នៃប្រព័ន្ធយុត្តិធម៌​បារាំង

តុលាការកំពូល​បារាំង បានចាប់ផ្តើម​សវនាកា កាលពីថ្ងៃសុក្រ ទី​១៧មីនា​ ទាក់ទិននឹង ការទទួលស្គាក់​អំណាចយុត្តាធិការ ជំនំជំរះ​សំណុំរឿងរបស់ជនជាតិ​ស៊ីរី២នាក់ ដែលត្រូវបានគេចោទពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម” និង “ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ”​ កើតឡើងនៅក្នុង​ប្រទេសស៊ីរី។ សូមបញ្ជាក់ថា​ នេះ​គឺ​ជា​សវនាការដ៏សំខាន់ ដែលសាលក្រមអាចកំណត់លើកឡើង អំពី “គោលការណ៍កំពូលនៃអំណាចយុត្តាធិការជាសកល” នៃប្រព័ន្ធយុត្តិធម៌បារាំង បើ​ទោះបីជនជាប់ចោទ មិនមែនជាជនជាតិបារាំង ហើយអង្គហេតុ មិន​បានកើតនៅ​ក្នុងទឹកដី​បារាំងក៏ដោយ​។​

ច្រកទ្វារធំ ចូលបន្ទប់សវនាកា នៃតុលាការកំពូលបារាំង "Cour de cassation"
ច្រកទ្វារធំ ចូលបន្ទប់សវនាកា នៃតុលាការកំពូលបារាំង "Cour de cassation" AP - Martin Bureau
ផ្សាយពាណិជ្ជកម្ម

តុលាការកំពូល​បារាំង បើសវនាកាសំរេចសេចក្តី អំពី​"អំណាចយុត្តាធិកា" ក្នុង​ការ​​ជំនះជំរះលើសំណុំរឿង២ ទីមួយពាក់ព័ន្ធនឹងជនឈ្មោះ Abdulhamid Chaban អតីតទាហានស៊ីរី ជាប់ចោទពីបទ “ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ” ប្រព្រឹត្តិនៅស៊ីរី។ សំណុំរឿងទី២ ជនជាប់ចោទឈ្មោះ Majdi Nema ជនជាតិស៊ីរី ជាប់ចោទពីបទ ឧក្រិដ្ឋកម្មសង្គ្រាម។ ជននេះ គឺជាអតីតអ្នកនាំពាក្យ​ក្រុមប្រដាប់អាវុធស៊ីរីមួយក្រុម ឈ្មោះ Jayish al-Islam ហើយ ត្រូវបានសមត្ថកិច្ចបារាំង ចាប់ឃាត់ខ្លួនកាលពីខែមករា២០២០។

ជនជាប់ចោទទាំង២ មិនត្រឹមតែបាន​ប្រកែក​មិនទទួលស្គាល់អង្គហេតុប៉ុណ្ណោះទេ តែថែមទាំងបដិសេធមិនទទួលស្គាល់អំណាចយុត្តិធិការរបស់តុលាការបារាំង ដោយអះអាងថា ពួកគេ​ជាជនជាតិស៊ីរី ហើយ​អង្គហេតុ​កើតឡើងនៅស៊ីរី មិនមានអ្វីពាក់ព័ន្ធនឹងបារាំងសោះឡើយ។ តែយ៉ាងណា ដើម​ចោទ បាន​លើកអំពី “អំណាចយុត្តាធិការជាសកល” នៃប្រព័ន្ធយុត្តិធម៌បារាំង ទាក់ទិននឹងឧក្រិដ្ឋកម្មធំៗទាំង២នេះ​។

ទោះជាយ៉ាងនេះក្តី មេធាវីជនជាប់ចោទ បានអះអាងថា យោងតាមច្បាប់បារាំង ចុះថ្ងៃទី៩ សីហា ២០១០ គឺតុលាការបារាំងអាចមាន “អំណាចយុត្តាធិការជាសកលបាន” គឺទាល់តែបទល្មើសនោះ មានចែងយ៉ាងច្បាស់ ទាំងក្នុងច្បាប់របស់បារាំង ហើយ​និង​ច្បាប់ក្នុង​ប្រទេសដើមកំណើតរបស់​ជនជាប់ចោទ។ ពាក់ព័ន្ធនឹង​​ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺច្បាប់ស៊ីរីមិនមានចែងកំណត់ទេ ហើយស៊ីរី ក៏មិនមែនជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាទីក្រុងរ៉ូមដែរ​។ ជាងនេះទៀត ប្រព័ន្ធតុលាការស៊ីរី មិន​បានសហការជាមួយតុលាការបារាំងទេ ដែលនឹងធ្វើ​ឲ្យដំណើរការជំនំជំរះកាត់ទោសជនជាប់ចោទ មិនអាចប្រព្រឹត្តិទៅ​ដោយត្រឹមត្រូវយុត្តិធម៌ឡើយ​។​

ដោយឡែក ផ្អែកតាមការវិភាគរបស់​លោក François Molins អគ្គរដ្ឋអាជ្ញាអមតុលាការកំពូលបារាំង គឺតុលាកំពូលអាចនឹង​ប្រកាសថា តុលាការមានអំណាចយុត្តាធិការ ទោះជនជាប់ចោទមិន​មែនជាជនជាតិបារាំង ហើយអង្គហេតុមិនកើតឡើងនៅបារាំងក៏ដោយ។ ពុំនោះទេ ទៅថ្ងៃមុខ បារាំងនិងក្លាយជាដែនដី ដែលឧក្រិដ្ឋជន​ ប្រព្រឹត្តិបទល្មើស ឧក្រិដ្ឋកម្មសង្គ្រាម ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អាចមកសំងំលាក់ខ្លួនបាន​យ៉ាងស្រួល។

ចម្លើយ​របស់ចៅក្រមតុលាការកំពូលបារាំង កំពុងតែត្រូវបានក្រុមអង្គការសង្គមស៊ីវីល ការពារសិទ្ធិមនុស្ស រងចាំតាមដានរងចាំជាខ្លាំង ព្រោះវានឹងអាចប៉ះពាល់ ដល់សំណុំរឿងជាច្រើនផ្សេងទៀត ដែលកំពុងតែរងចាំការជំនំជំរះ ទាក់ទិននឹងបទឧក្រិដ្ឋធំៗ​ទាំង២នេះ​។ ចៅក្រុមតុលាការកំពូល នឹងប្រកាសសាលក្រមនៅថ្ងៃទី ១២ឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ