អានតួអត្ថបទ
បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់

អ៊ីរ៉ង់ ដោះលែង​អ្នក​ទោស​ស្រី​អេស្ប៉ាញ​ម្នាក់ តែ​នៅ​ទុក​បុរសអេស្ប៉ាញ​ម្នាក់​ទៀត

ថ្ងៃ​អាទិត្យ​ ទី២៦កុម្ភៈ​ ក្រសួង​ការបរទេស​អេស្ប៉ាញ ​ប្រកាស​ថា ពលរដ្ឋ​របស់ខ្លួន​ម្នាក់ ត្រូវ​រដ្ឋអំណា​ច​អ៊ីរ៉ង់ ​ដោះលែងឲ្យ​មាន​សេរីភាព និង​បាន​ធ្វើ​ដំណើរ​ចាកចេញពី​ទឹក​ដី​អ៊ីរ៉ង់​ហើយ​។​ ក៏ប៉ុន្តែ ប្រមុខ​ការទូត​អេស្ប៉ាញ នៅ​តែ​ជំរុញ​ឲ្យ​ អ៊ីរ៉ង់ បន្ត​ដោះលែង​ពលរដ្ឋ​របស់ខ្លួន​បន្ថែម​ទៀត ដែល​អេស្ប៉ាញ​សង្កត់ធ្ងន់ថា អ៊ីរ៉ង់​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​គ្មាន​សម​ហេតុផល។​

លោករដ្ឋមន្ត្រី Jose Manuel Albares Bueno ប្រមុខការបរទេសអេស្ប៉ាញ។
លោករដ្ឋមន្ត្រី Jose Manuel Albares Bueno ប្រមុខការបរទេសអេស្ប៉ាញ។ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

​នារី​អេស្ប៉ាញ អាណា បេនែរា (Ana Beneira) ​ ត្រូវ​រដ្ឋអំណាច​អ៊ីរ៉ង់ ចាប់ឃុំ​ខ្លួន​ នៅក្នុង​​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ និង​ត្រូវ​ដោះលែង​វិញ នៅ​ថ្ងៃ​សៅរ៍២៦កុម្ភៈ​។ នៅ​ថ្ងៃអាទិត្យ ប្រមុខ​ការ​បរទេស​អេស្ប៉ាញ លោករដ្ឋមន្ត្រី José Manuel Albares ​ មានប្រសាសន៍​ទៅ​កាន់​បណ្តា​អ្នក​កាសែត​​ថា ​នាង​មាន​សេរីភាពហើយ​ ប៉ុន្តែ យើង​មិនទាន់​វាយ​ឃ្មោះ​ទូង​ស្គរជា​សាធារណៈភ្លាមៗ​ គ្រា​ដែល​ជើង​យន្តហោះហើរ​របស់​នាង​មិន​ទាន់​​ចាកចេញពី​អ៊ីរ៉ង់។​ នៅពេល​នេះ យន្តហោះ​បាន​ដឹកនាង​ចេញពី​អ៊ីរ៉ង់ ឆ្ពោះ​តម្រង់​មក​អេស្ប៉ាញ ឆ្លង់​កាត់​តាម​ ឌុយ​បៃ និង​ ហ្សឺណែវ។

ពេល​ទទួល​ដំណឹងភ្លាម ក្រុម​គ្រួសារ​របស់​នារី​អេស្ប៉ាញ​រូបនេះ បាន​ថ្លែង​ក្តី​ក្រេកអរ​រំភើប​ ហើយ​សង្ឃឹម​​ជួប​នាង Ana Beneira នៅ​យប់​ថ្ងៃ​អាទិត្យ បន្ទាប់ពី​​រង់​ចាំ​មើល​ផ្លូវ​នាង ​ជាង ​៣ ខែ ​។​ ជុំវិញ​ស្ថានភាព​ដែល ​នារីអេស្ប៉ាញវ័យ​២៤ឆ្នាំរូបនេះ ត្រូវ​រដ្ឋ​អំណាចអ៊ីរ៉ង់​ ​ចាប់​ខ្លួននិងដោះលែង​ គឺ​ គ្រួសារ​និង​ក្រសួង​ការបរទេស​អេស្ប៉ាញ មិន​ស្រាយ​ឬ​បញ្ចេញ​យោបល់​អ្វីច្រើន​ទេ គឺ​បានទុកសិទ្ធិ​​ឲ្យ​សាមី​ជន​សម្រេច​ខ្លួន​ឯង ថា​ចង់​និយា​យបែបណា​ឬពេលណា ទៅកាន់​សារព័ត៌មាន​។​

បើ​ប្រភពពី​​​អង្គការ​​អ៊ីរ៉ង់ដើម្បី​ការពារសិទ្ធិមនុស្ស​ គឺ​ នាង Ana Beneira ត្រូវ​ចាប់ខ្លួន​​ ក្រោយ​ពីព្រឹត្តិកាណ៍ផ្ទុយ​​បាតុកម្ម​ ខែ​កញ្ញា។ បាតុកម្ម​នេះ ដចេញពី ​​​មរណភាព​របស់​​នាង​ មាស្ហា អាមីនី ដែល​ស្លាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​រដ្ឋអំណាចអ៊ីរ៉ង់​ចាប់​ឃុំខ្លួន​ ​ព្រោះតែនាង​​មិន​បាន​ទទូល​ក្រណាត់គ្របក្បាល​ឲ្យ​​សមរម្យ​។​ ចាប់ពីពេល​នោះមក គឺផ្ទុះ​​ចលនា​បាតុកម្ម​ទាំងក្នុង​និង​ក្រៅ​ស្រុក​​។ ​ក្នុងប្រទេស​អ៊ីរ៉ង អាជ្ញាធរ​បញ្ជាក់ថា បាន​ចាប់ខ្លួនជន​​បរទេស​ប្រមាណ​១០នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​មាន​ជនជាតិ​ បារាំង ប៉ូឡូញ អេស្ប៉ាញ អ៊ីតាលី​ ជាដើម។​

ចំពោះ​អេស្ប៉ាញ ​​នៅ​មាន​ បុរសអេស្ប៉ាញ​ម្នាក់ទៀត ឈ្មោះ​ Santiago Sanchez Cogedor កំពុងតែបន្ត​​ជាប់ឃុំ​តាំងពី​ខែតុលា​ ២០២២។ ​រដ្ឋមន្ត្រីការបរទេស José Manuel Albares ទាមទារ​ឲ្យ​ អាជ្ញាធរ​អ៊ីរ៉ង់ ​ដោះលែង​ជាបន្ទាន់។ ប្រមុខ​ទូត​អេស្ប៉ាញ​យល់ឃើញថា ការ​ចាប់ខ្លួន​បុរសនោះ គឺ​គ្មាន​មូលដ្ឋាន​ច្បាប់​ទាល់តែ​សោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ