អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ.ស.ប ទាមទារ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ស៊ីវីល ដោយសារ​ “សង្គ្រាម​​មិន​គួរ​កើតឡើង​” របស់​​រុស្ស៊ី

សង្គ្រាម​ឈ្លានពានអ៊ុយក្រែន​ បង្កឡើងដោយរុស្ស៊ី បានឈានចូលដល់ឆ្នាំទី២ហើយ នៅថ្ងៃទី​២៥កុម្ភៈនេះ។ កន្លងមកមួយឆ្នាំមកនេះ មានប្រជាជនស៊ីវីលអ៊ុយក្រែន​ ស្លាប់ជាច្រើនពាន់នាក់ និងរបួសជាងមួយម៉ឺននាក់។ ស្នងការដ្ឋានសិទ្ធិមនុស្ស​ នៃអង្គការសហប្រជាជាតិ បានចេញលិខិតប្រកាសទាមទារ ថាត្រូវតែស្វែងរកយុត្តិធម៌ជូនជនរងគ្រោះអ៊ុយក្រែន ដែលស្លាប់និងរងរបួស ដោយសារតែសង្គ្រាមបង្កឡើងដោយរុស្ស៊ី។ អ្នកទទួលខុសត្រូវនៃ​សង្គ្រាមនេះ នឹងត្រូវតែទទួលទោសចំពោះមុខតុលាការ​។

ក្រុមស្ម័គ្រចិត្តកំពុងតែប្រមូល​យកសាកសពជនស៊ីវីលអ៊ុយក្រែន ដែលស្លាប់ នៅ​តំបន់ប៊ូឆា ក្នុងអំឡុងពេលដែលតំបន់នេះ ស្ថិតក្នុងដៃរបស់​កងទ័ពរុស្ស៊ី។ ប៊ូឆា ថ្ងៃទី ១២ មេសា ២០២២
ក្រុមស្ម័គ្រចិត្តកំពុងតែប្រមូល​យកសាកសពជនស៊ីវីលអ៊ុយក្រែន ដែលស្លាប់ នៅ​តំបន់ប៊ូឆា ក្នុងអំឡុងពេលដែលតំបន់នេះ ស្ថិតក្នុងដៃរបស់​កងទ័ពរុស្ស៊ី។ ប៊ូឆា ថ្ងៃទី ១២ មេសា ២០២២ AP - Rodrigo Abd
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាសគម្រប់ខួប​១ឆ្នាំនៃសង្គ្រាម​នៅអ៊ុយក្រែន លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវ ហៅឲ្យសហគមន៍អន្តរជាតិ ត្រូវតែរួមគ្នាប្រឹងប្រែង ដើម្បី​ឈានទៅរៀបចំយន្តការ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះស៊ីវីលអ៊ុយក្រែន ដែលស្លាប់និងរបួស ដោយសារតែសង្គ្រាម ដែល​លោកចាត់ទុកថា ជា “សង្គ្រាមមិនគួរកើតឡើងទាល់តែសោះ​”។ លោក​បានបន្ថែមថា ជនរងគ្រោះ ត្រូវតែទទួលបាន​នូវការ​ប៉ះប៉ូវសំណងខូចខាត ការជួយជំនុកបម្រុងសង្គ្រោះ ដោយ​មិនចាំបាច់រងចាំ​លទ្ធផលស្ថាពរ ​នៃ​នីតិវិធីផ្លូវច្បាប់​ តាមរយៈតុលាការពិសេសមួយ។

លោកស្រីអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអងុ្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ បាន​ថ្លែងអបអរសាទរ ចំពោះការប្រឹងប្រែង ក្នុងការឈានទៅ​បង្កើតឲ្យ​បាន នូវតុលាការវិសាមញ្ញមួយ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវបង្កឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ក្នុងក្របខណ្ឌសង្គ្រាមនៅអ៊ុយក្រែន​។ លោក​ស្រីបានបញ្ជាក់ថា កាតព្វកិច្ចក្នុងការចាប់​អ្នកទទួលខុសត្រូវឲ្យទទួលទោស គឺជាការផ្តល់យុត្តិធម៌ គឺជា​បង្ការកុំឲ្យអំពើល្មើសបំពាន​សិទ្ធិមនុស្សរបៀបនេះកើតឡើងទៀត ហើយគឺជាការជំហានក៏សាងសន្តិភាព​។

គួររំលឹកថា ទាំងអ៊ុយក្រែន ទាំងរុស្ស៊ី គឺមិនមែនជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងរ៉ូម ដែល​បង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិទេ។ ដូច្នេះរាល់អំពើឧក្រិដ្ឋ ដែលកើតមានក្នុងក្របខណ្ឌសង្គ្រាមអ៊ុយក្រែន គឺគេត្រូវតែបង្កើតតុលាការវិសាមញ្ញមួយ ដើម្បីវិនិច្ឆ័យ។ លោកស្រី Ursula Von de Layen ប្រធានគណកម្មការអឺរ៉ុប ក៏បានសំដែងការគាំទ្រគំនិតនេះដែរ។​

សូមបញ្ជាក់ថា យោងតាមតួលេខរបស់ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​ ក្នុងរយៈពេលសង្គ្រាម​មួយឆ្នាំមកនេះ មានជនស៊ីវីលអ៊ុយក្រែន ចំនួនយ៉ាងហោច ៨០០៦នាក់ បានស្លាប់ និងរបួស ជាង១៣០០០នាក់។ ជាងនេះទៀត លោកស្រីប្រធាន​បេសកកម្មសិទ្ធិមនុស្ស​ប្រចាំនៅអ៊ុយក្រែន អះអាងថាតួលេខនេះអាចទាបជាការពិតជាក់ស្តែងច្រើនណាស់។​ ក្រៅពីមនុស្សស្លាប់ និងរបួសដោយសារវាយប្រហារទំលាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ី ប្រជាជនអ៊ុយក្រែនភាគច្រើនជាមនុស្សចាស់ជរា និងជនពិការ​ រស់នៅក្នុងស្ថានភាព​ដ៏លំបាកវេទនាបំផុត នៅតាមតំបន់ដែលជាសមរភូមិមុខ។​ អង្គការ UNHCR លើកឡើងថា យ៉ាងហោចណាស់ មានប្រជាជនអ៊ុយក្រែនចំនួន ១៣លាននាក់ ដែលត្រូវបង្ខំចិត្តភៀសខ្លួន ចោលផ្ទះសម្បែង ដែលក្នុងនោះ៨លាននាក់ បានភៀសខ្លួនទៅកាន់បណ្តាប្រទេសអឺរ៉ុបនានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ