អាល្លឺម៉ង់ថារកឃើញភស្តុតាងរាប់រយអំពីឧក្រិដ្ឋកម្មនៅអ៊ុយក្រែន
អាល្លឺម៉ង់ប្រមូលបានភស្តុតាងរហូតដល់ទៅរាប់រយ ដែលអាចបញ្ជាក់អំពីឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។ នេះបើយោងតាមការអះអាង កាលពីថ្ងៃអាទិត្យ របស់អគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់ ដែលក្នុងពេលជាមួយគ្នា បានអំពាវនាវឲ្យបង្កើតយន្តការអន្តរជាតិ ដើម្បីនាំខ្លួនជនល្មើសមកកាត់ទោសតាមច្បាប់។
ចុះផ្សាយនៅថ្ងៃ៖
លោក Peter Frank អគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានចាប់ផ្តើមស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មនៅក្នុងសង្គ្រាមអ៊ុយក្រែន តាំងពីខែមីនាឆ្នាំ២០២២ ហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ ការស៊ើបអង្កេតកំពុងផ្តោតលើចំណុចសំខាន់ពីរ គឺទីមួយ ការសម្លាប់រង្គាលនៅប៊ូឆា និងទីពីរ ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
លោក Peter Frank បានបញ្ជាក់ឲ្យដឹងថា ការស៊ើបអង្កេតនេះ មិនធ្វើឡើងសំដៅទៅលើបុគ្គលណាមួយ ឬក្រុមណាមួយជាក់លាក់នោះទេ ដោយគោលដៅចម្បងបំផុត គឺធ្វើយ៉ាងណាប្រមែរប្រមូលព័ត៌មាន និងភស្តុតាង អំពីឧក្រិដ្ឋកម្មដែលបានកើតឡើង ដើម្បីទុកប្រើក្នុងករណីមានដំណើរការកាត់ទោសឧក្រិដ្ឋកម្មនៅអ៊ុយក្រែនទៅថ្ងៃអនាគត មិនថា កាត់ទោសនៅក្នុងប្រទេសអាល្លឺម៉ង់ ឬក៏នៅក្នុងប្រទេសដៃគូណាមួយផ្សេងទៀត ឬក៏កាត់ទោសទៅតាមយន្តការនៃតុលាការអន្តរជាតិណាមួយ។
គួរបញ្ជាក់ថា អយ្យការអាល្លឺម៉ង់អាចបើកការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មនៅអ៊ុយក្រែននេះបាន ដោយយោងទៅលើគោលការណ៍យុត្តាធិការសកល ពោលគឺ នៅក្នុងករណីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ តុលាការអាល្លឺម៉ង់អាចស៊ើបអង្កេត និងជំនុំជម្រះបាន បើទោះជាឧក្រិដ្ឋកម្មនោះត្រូវបានប្រព្រឹត្តនៅក្រៅប្រទេសអាល្លឺម៉ង់ ហើយមិនជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាល្លឺម៉ង់ក៏ដោយ។ ដំណើរការកាត់ទោសទៅតាមគោលការណ៍យុត្តាធិការសកលនេះ ធ្លាប់ត្រូវបានតុលាការអាល្លឺម៉ង់ធ្វើរួចមកហើយ នៅក្នុងករណីសង្គ្រាមនៅស៊ីរី។
ទោះជាយ៉ាងណា លោកអគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់បានទទួលស្គាល់ថា នៅក្នុងដំណើរការកាត់ទោសដោយតុលាការអាល្លឺម៉ង់ គេអាចកាត់ទោសបានតែចំពោះជនសង្ស័យ ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់តែប៉ុណ្ណោះ ហេតុដូច្នេះហើយបានជាលោកអំពាវនាវឲ្យបង្កើតយន្តការអន្តរជាតិ ដើម្បីជំនុំជម្រះឲ្យបានទូលំទូលាយ ទៅលើឧក្រិដ្ឋកម្មនៅអ៊ុយក្រែន ហើយថា ជនដែលគេត្រូវនាំខ្លួនយកមកកាត់ទោស គឺមេដឹកនាំកំពូលៗ ដែលមានសិទ្ធិអំណាចក្នុងការសម្រេចធ្វើសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេដឹកនាំជាន់ខ្ពស់នៅក្នុងជួរកងទ័ព ដែលអនុវត្តតាមសេចក្តីសម្រេចនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ