អានតួអត្ថបទ
អាល្លឺម៉ង់-អេស្ប៉ាញ

អាល្លឺម៉ង់​និ​ងអេស្ប៉ាញ​រង​ការ​វាយប្រហារ​ដោយ​កាំបិត​ ស្ទើរ​ទន្ទឹម​ពេល​គ្នា

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២​នាក់ និង​របួស​៧​នាក់ ក្នុង​ការ​វាយប្រហារ​ដោយ​កាំបិត នៅលើ​រថភ្លើង​ កាលពី​ល្ងាច​ថ្ងៃ​ពុធ នៅប្រទេស​អាល្លឺម៉ង់។ ស្ទើរទន្ទឹមពេល​ជា​មួយ​គ្នា​នោះ នៅក្នុង​ប្រទេសអេស្ប៉ាញ​ ​ក៏មាន​ការ​វាយប្រហារ​ដោយ​កាំបិត​ដែរ។ ជន​ដៃដល់​បានចូល​​ទៅ​ក្នុង​វិហារកាតូលិក​ ចាក់​បុព្វជិត​ម្នាក់ឱ្យរបួស​ធ្ងន់​និង​បុព្វជិត​ម្នាក់ទៀត​​​​ ​​ស្លាប់។

អេស្ប៉ាញ​រងការ​វាយប្រហារ​ដោយ​កាំបិត​ នៅ​​វិហារ​កាតូតលិក​ពីរកន្លែង ថ្ងៃពុធទី ២៥​មករា​២០២៣
អេស្ប៉ាញ​រងការ​វាយប្រហារ​ដោយ​កាំបិត​ នៅ​​វិហារ​កាតូតលិក​ពីរកន្លែង ថ្ងៃពុធទី ២៥​មករា​២០២៣ via REUTERS - FORTA
ផ្សាយពាណិជ្ជកម្ម

នៅអាល្លឺម៉ង់​ ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​​មូលហេតុ​នៃ​ការ​​វាយប្រហារ​របស់​ខ្មាន់​កាំបិតជាតិ​ប៉ាឡេស្ទីន​អាយុ​៣៣​ឆ្នាំ​​ ដែល​ ​បាន​ចាក់​សម្លាប់​មនុស្ស​​ពីរនាក់​និង​របួស​៧នាក់ ក្នុង​នោះ​បីនាក់​ជា​របួស​ធ្ងន់ ​​ថា​តើ​ជាទង្វើបែប​អ៊ីស្លាម​ជ្រុលនិយម ជីហាត ​ឬ​ជា​ទង្វើ​របស់​មនុស្ស​ខូច​សតិ។ បើ​តាម​ប្រភព​សិ្នទ្ធ​អង្កេត ជន​សង្ស័យ​បានមក​ដល់​ប្រទេស​អាល្លឺម៉ង់​កាលពី ៨​ឆ្នាំ​មុន និង​មាន​ប្រវត្តិ​មិន​ល្អ​ទេ តែ​គេ​គ្មាន​ភស្តុតាងអ្វី​បញ្ជាក់ថា​ទង្វើ​កាលពី​​ថ្ងៃពុធ​ទី ២៥​មករា ក្នុង​រថភ្លើង​ មាន​មូលហេតុ​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​មក​នេះ អាល្លឺម៉ង់​ ​ប្រឈម​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​ជីហាត​យ៉ាង​ខ្លាំង ជា​ពិសេស​តាំង​មាន​ការ​វាយប្រហារ​ដោយ​បើក​ឡាន​បុក​សម្លាប់​មនុស្ស​​អស់​១២នាក់​កាលពី​ខែធ្នូ​ឆ្នាំ​២០១៦​មក។ តាំងពី​ឆ្នាំ​២០១៣​មក​ទល់​នឹង​ចុង​ឆ្នាំ​២០២១ ចំនួន​ជន​អ៊ីស្លាម​ជ្រុលនិយម​ជីហាត ដ៏​គ្រោះថ្នាក់ បាន​កើន​ឡើង​៥​ដង​នៅ​អាល្លឺម៉ង់។

ចំណែក​នៅ​អេស្ប៉ាញ​វិញ ការ​វាយប្រហារ​បែប​ភេរវកម្ម​ បាន​ស្ងប់ស្ងាត់​ខ្លាំង តាំង​ពី​ឆ្នាំ​២០១៧មក​ ប៉ុន្តែ​អាជ្ញាធរ​បាន​សម្រេច​បើក​អង្កេត​ “ភេរវកម្ម” ភ្លាម ក្រោយ​ហេតុការណ៍វាយប្រហារ​ដោយ​កាំបិត ពី​សំណាក់​ជន​សង្ស័យជាតិ​ម៉ារ៉ុក អាយុ​២៥​ឆ្នាំ។ នៅម៉ោង​៧​យប់មិញ ខ្មាន់កាំបិត បាន​ស្ទុះ​ចូល​ទៅ​ចាក់​សង្ឃកាតូលិក​ក្នុង​វិហារ​មួយ​ រួច​បន្ត​ដំណើរ​ទៅ​ចូល​ក្នុង​វិហារ​កាតូលិក​មួយ​ទៀត ដែល​នៅក្បែរ​គ្នា​ ដេញ​ចាក់​បុព្វជិក​ម្នាក់រហូតទាល់​តែ​​ស្លាប់។ នេះ​បើ​តាម​សារជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ​អេស្ប៉ាញ ដោយ​ឆ្លៀត​បញ្ជាក់​ថា គេ​នៅ​ពុំ​ទាន់​អាច​កំណត់​បាន​ដោយ​ប្រាកដ​អំពី​មូលហេតុ​នៃ​ការ​វាយប្រហារ​នេះ​នៅឡើយ​ទេ។ សូម​បញ្ជាក់​​ថា​កន្លែង​កើត​ហេតុ​នេះ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​អេស្ប៉ាញ​ ដែល​មាន​ផែ​សម្រាប់​ឱ្យ​ទូក​ឆ្លង​ទៅ​ប្រទេស​ម៉ារ៉ុក។ ​ភេរវកម្ម​ជីហាតដ៏ធ្ងន់ធ្ងរ​ចុងក្រោយ​នៅអេស្ប៉ាញ​បាន​កើត​ឡើង​ កាលពី​ខែ​សីហា​២០១៧ នៅក្រុង​បាសឺឡោន ស្លាប់​មនុស្ស​១៦​នាក់ និង​របួស​១៤០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ