អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ស្លាប់​កើនឡើង​​​ដល់​​៤០នាក់ ដោយ​​ការ​បាញ់ប្លោង​​​មីស៊ីល នៅ​ក្រុង​​Dnipro ភាគ​ខាងកើត​អ៊ុយក្រែន

កាលពីយប់ថ្ងៃសៅរ៍​ ចុងសប្តាហ៍​កន្លងទៅ រុស្ស៊ី​បានបាញ់​ប្លោងមីស៊ីល មកលើអាគារ​ផ្ទះប្រជាពលរដ្ឋ នៅ​ក្រុង​ Dnipro ស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ គិតត្រឹមថ្ងៃចន្ទ ទី​១៦មករា អាជ្ញាធរអ៊ុយក្រែនអះអាងថា ការវាយ​ប្រហារនេះ បាន​សំលាប់ជីវិតប្រជាជនស្លូតត្រង់ ​យ៉ាងហោច​៤០នាក់ ខណៈជាង៣០នាក់ កំពុងតែបាត់ខ្លួនក្នុងគំនរអគារបាក់បែក​។​ តែយ៉ាងណា នៅថ្ងៃចន្ទដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី បាន​បដិសេធថា​ កងទ័ពរុស្ស៊ី​មិន​ដែលធ្លាប់​បាន​បាញ់​គ្រាប់មីស៊ីល ទៅ​លើ​ផ្ទះប្រជាជនស៊ីវីលទេ។​

ក្រុមសង្គ្រោះកំពុងព្យាយាមកកាយ​រកជនរងគ្រោះ នៅក្នុងគំនរអាការបាក់បែក ដែលរងគ្រាប់មីស៊ីលរបស់រុស្ស៊ី នៅក្រុង Dnipro។ យប់ថ្ងៃសៅរ៍ ទី​១៤ មករា ២០២៣
ក្រុមសង្គ្រោះកំពុងព្យាយាមកកាយ​រកជនរងគ្រោះ នៅក្នុងគំនរអាការបាក់បែក ដែលរងគ្រាប់មីស៊ីលរបស់រុស្ស៊ី នៅក្រុង Dnipro។ យប់ថ្ងៃសៅរ៍ ទី​១៤ មករា ២០២៣ AP - Evgeniy Maloletka
ផ្សាយពាណិជ្ជកម្ម

ជិត២ថ្ងៃ ក្រោយគ្រាប់មីស៊ីល បាន​បាញ់ចំ​អាគារផ្ទះប្រជាជន នៅ​ក្រុង Dnipro ភាគខាងកើតអ៊ុយក្រែន​​ ក្រុមសង្គ្រោះ​អ៊ុយក្រែន បានអះអាងថា​បាន​កកាយ យក​​សាកសពមនុស្ស ចំនួន​៤០នាក់​ចេញពីគំនរបាក់បែក។ មនុស្ស​របួសចំនួន​៧៥នាក់ ត្រូវបាន​សង្គ្រោះ តែ​ក្រុមការងារ​កំពុងបន្តយ៉ាងសស្រាក់សស្រាំង ស្វែងរកអ្នកបាត់ខ្លួន​ចំនួន ៣៤នាក់​ផ្សេងទៀត នៅក្នុងគំនរអគារ​​​។ ពេលវេលា​កាន់តែរំកិល​ទៅមុខ ក្តីសង្ឃឹម​ថានឹងរកអ្នករស់រានមានជីវិត មានកាត់តែតិច។

រដ្ឋាភិបាលស៊ុយអែត ដែលជាប្រធានវិលជុំនៃសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការ ចាត់ទុក​ការវាយ​ប្រហារបាញ់គ្រាប់មីស៊ីល​ មកលើទីតាំងផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់នេះ ថាជា​អំពើឧក្រិដ្ឋកម្មសង្គ្រាម ដែលកងទ័ព​រុស្ស៊ី នឹងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ នៅថ្ងៃខាងមុខ។

ដោយឡែក នៅថ្ងៃចន្ទទី​១៦មករា លោក Dimitri Peskov អ្នកនាំពាក្យ​វិមានក្រេមឡាំង បាន​ឆ្លើយ​បដិសេធ ដោយបានចោទត្រឡប់ទៅវិញថា សោកនាដកម្មនៅ Dnipro គឺប្រហែលជា​ស្នាដៃរបស់ប្រព័ន្ធការពារ​ផ្លូវអាកាសរបស់​កងទ័ព​អ៊ុយក្រែន​។ អ្នកនាំពាក្យ​រដ្ឋាភិបាលរុស្ស៊ីរូបនេះ អះអាងទៀតថា កងទ័ពរុស្ស៊ី មិនដែលវាយ​ប្រហារ ទៅលើទីតាំងអគារ​ផ្ទះ​ប្រជាជ​ន​ ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវីលទេ គឺវាយប្រហារតែទៅលើចំណុចគោលដៅកងទ័ព​​តែប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយ ជាការកត់សំគាល់  ជាច្រើនខែមកនេះ កងទ័ពរុស្ស៊ីបានវាយ​ប្រហារបាញ់មីស៊ីល​ យ៉ាងសន្ធឹកសន្ធាប់ មកលើអគារផ្ទះប្រជាជន និងជាពិសេសនោះ គឺបានសំដៅ​កំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវីលអ៊ុយក្រែន ដែលមាន​ដូចជា​រោងចក្រផលិតចរន្តអគ្គិសនីជាដើម ដើម្បី​ធ្វើ​បាបប្រជាជន​អ៊ុយក្រែន ឲ្យរស់នៅក្នុងសីតុណ្ហភាពត្រជាក់គ្មានអគ្គិសនីប្រើប្រាស់។

គួរបញ្ជាក់ដែរថា ក្រៅតែពីនៅសមរភូមិមួយចំនួន​នៅភាគខាងកើត កងទ័ពរុស្ស៊ីមិន​សូវវាយប្រយុទ្ធទេ ដោយ​បាញ់​ប្លោងមីស៊ីលតែពីចំងាយតែប៉ុណ្ណោះ។ ប្រឈមនឹង​គ្រាប់មីស៊ីលរុស្ស៊ី ធ្លាក់ដូចគ្រាប់ភ្លៀងនៅអ៊ុយក្រែននេះ ក្រុមប្រទេសសម្ព័ន្ធមិត្ត​លោកខាងលិច បានសន្យា​នៅដើមឆ្នាំ​២០២៣នេះ ប្រគល់បន្ថែមនូវគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើនទៅឲ្យអ៊ុយក្រែន។ បារាំង អាល្លឺម៉ង់ អាមេរិក បានសន្យាផ្តល់រថពាសដែកធុនស្រាលសម្រាប់ចល័តទ័ព។ អង់គ្លេស និង​ប៉ូឡូញវិញ បានសន្យាផ្តល់រថក្រោះធុនធ្ងន់ Chalenger និង Leopard ។ ហើយកាលពីថ្ងៃអាទិត្យទី​១៥មករា លោកអគ្គលេខាធិការអង្គការអូតង់ បានអះអាងថា ក្រុមសម្ព័ន្ធមិត្ត នឹងសម្រេច​ប្រគល់គ្រឿងសព្វាវុធធុនធ្ងន់បន្ថែមទៀត ព្រោះកាលៈទេសៈពេលនេះ ជាពេលដែលត្រូវសំរុកជួយ​កងទ័ពអ៊ុយក្រែន ឲ្យយកឈ្នះឲ្យ​បានឆាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ