អានតួអត្ថបទ
បារាំង-រើសអើង​ប្រកាន់ពូជសាសន៍

បារាំង៖ ខ្មាន់កាំភ្លើង​​​ម្នាក់​​បាញ់រះ​​តាមផ្លូវ​​កណ្តាល​ក្រុងប៉ារីស ស្លាប់​យ៉ាង​ហោច​៣នាក់

នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសុក្រទី​២៣ធ្នូ​ មានករណីបាញ់រះនៅតាមផ្លូវ បណ្តាលឲ្យ​ស្លាប់​មនុស្សចំនួន​៣នាក់ និងរបួសធ្ងន់ យ៉ាង​ហោច​៣នាក់ផ្សេងទៀត។ ឃាតករដៃដល់ ជាជនជាតិ​​​បារាំង ភេទប្រុសអាយុ៦៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ។ យោងតាមប្រភព​ពី​នគរបាល​បារាំង ជនដៃដល់ ត្រូវគេស្គាល់ថា ធ្លាប់ជាប់ការសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត ចំនួន​២លើក​រួចមកហើយ នៅឆ្នាំ​២០១៦ និង​២០២១។​

សមត្ថកិច្ចសង្គ្រោះ កំពុងដឹក​យកជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់ នៅមន្ទីរពេទ្យ ក្រោយ​​ហេតុការណ៍​បាញ់រះ​កណ្តាល​ក្រុង​ប៉ារីស ថ្ងៃទី ២៣​ធ្នូ​២០២២
សមត្ថកិច្ចសង្គ្រោះ កំពុងដឹក​យកជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់ នៅមន្ទីរពេទ្យ ក្រោយ​​ហេតុការណ៍​បាញ់រះ​កណ្តាល​ក្រុង​ប៉ារីស ថ្ងៃទី ២៣​ធ្នូ​២០២២ AP - Lewis Joly
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បានកើតឡើង នៅលើដងផ្លូវ Enghien ផ្លូវ​ដែល​​មានហាងទំនិញនិងមនុស្ស​អ៊ូអរមួយ ក្នុង​សង្កាត់លេខ១០ កណ្តាល​ទីក្រុងប៉ារីស។ យោងតាមសាក្សីជាច្រើន បានអះអាងប្រាប់នគរបាល​ថា ខ្មាន់​កាំភ្លើងបានចូលទៅបាញ់​រះ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌សហគមន៍ជនជាតិកួក ដែលស្ថិតនៅលើផ្លូវនេះ មុននឹងចេញមកវិញ ហើយ​បាញ់​រះសំដៅទៅ​លើ​ហាងកាត់សក់មួយ​កន្លែង។

នគរបាល​បារាំងបានមកដល់កន្លែងកើតហេតុភ្លាមៗ និងបាន​បាញ់ស្ទាក់ចាប់ខ្លួនជនដៃដល់។ ចៅសង្កាត់លេខ១០ ដែលបាន​មកដល់កន្លែងកើតហេតុ បាន​ប្រាប់អ្នកយកព័ត៌មានថា ជនដៃដល់បានរងរបួសដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច។

សមត្ថកិច្ចបារាំង បានបើកការស៊ើបអង្កេត ពីបទមនុស្សឃាតដោយចេតនា និង​ពីបទធ្វើអំពើហិង្សា​ធ្ងន់ធ្ងរ។ ផ្អែកតាមប្រភពពីនរគបាល​បារាំង ជនដៃដល់ ជាជនជាតិបារាំង​មានភេទប្រុស អាយុ​៦៩ឆ្នាំ។ ជននេះ គឺជាអតីតអ្នកបើករថភ្លើង ហើយធ្លាប់ត្រូវបាន​គេដឹងថា ធ្លាប់ធ្វើសកម្មភាពហិង្សា​ យកដាវទៅប៉ុនប៉ងកាប់សម្លាប់​មនុស្ស នៅជំរំជនភៀសខ្លួន ក្នុងសង្កាត់​លេខ​១២​ក្រុងប៉ារីស។ ជនដៃដល់រូបនេះ​ ជាប់ឈ្មោះ​ក្នុងបញ្ជីខ្មៅ របស់​អគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបារាំង ផងដែរ។

ផ្អែក​តាមធាតុផ្សំទាំងនេះ បានបញ្ជាក់ថា សកម្មភាព​បាញ់រះបង្កឡើងដោយជននេះ ទំនងជាសកម្មភាព​​​ហិង្សា​ រើសអើងប្រកាន់ពូជសាសន៍​ ស្អប់ជនអន្តោប្រវេសន៍​។ លោក Gérald Darmanin រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបារាំង បាន​លើកឡើងថា ជនដៃដល់ ទំនងជាបានធ្វើសកម្មភាពដ៏ព្រៃផ្សៃនេះ សំដៅសម្លាប់ជនបរទេស​។

យោងតាមសកម្មជន​កួកម្នាក់ បានប្រាប់អ្នកយកព័ត៌មាន​ថា ក្នុងចំណោមអ្នករបួសទាំង​៦នាក់ គឺមាន​អ្នកចម្រៀងជនជាតិកួកដ៏ល្បីឈ្មោះម្នាក់។ នៅកន្លែងកើតហេតុ ខាងមុខ​មជ្ឈមណ្ឌលវប្បធម៌កួក សហគមន៍ជនជាតិកួក បាន​សម្តែងការតក់ស្លុតយ៉ាងខ្លាំង នឹងបាន​ចាត់ទុកដោយ​គ្មានសង្ស័យថា អំពើបាញ់រះនេះ គឺបានសំដៅមកលើក្រុមជនអន្តោប្រវេសន៍កួកតែម្តង។ យ៉ាងណាមិញ ការប្រទូសរាយរវាង​ក្រុមសហគមន៍ជនជាតិគួក ជាមួយ​នឹង​សមត្ថកិច្ចនគរបាល បានផ្ទុះឡើងនៅកន្លែងកើតហេតុ ដោយ​ក្រុមជនជាតិកួកបានស្រែក​តវ៉ាយ៉ាងខ្លាំង ទាមទារឲ្យ​សមត្ថកិច្ចបារាំង​​ការពារសុវត្ថិភាព ទប់ស្កាត់​អំពើហិង្សា​រើសអើងប្រកាន់ពូជសាសន៍។ សមត្ថកិច្ចបារាំង បានប្រើគ្រាប់បែកផ្សែង ដើម្បី​បំបែកក្រុមបាតុករតវ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ