អានតួអត្ថបទ
បំពង់បង្ហូរអ៊ីដ្រូសែន-អឺរ៉ុប

បារាំង អេស្ប៉ាញ និងព័រទុយហ្កាល់ចាប់ផ្តើម​គម្រោង​បំពង់បង្ហូរ​អ៊ីដ្រូសែន​បៃតង ទៅកាន់ភាគខាងជើងអឺរ៉ុប

ប្រទេស​នៅអឺរ៉ុប​បង្កើនការសហការ ដើម្បីធានា​ការផ្គត់ផ្គង់ថាមពលថ្មី ជំនួស​ថាមពលរុស្ស៊ី។ នៅថ្ងៃ​សុក្រ មេដឹកនាំ​បារាំង អេស្ប៉ាញ និង​ព័រទុយហ្កាល់ រួមជាមួយ ប្រធានគណៈកម្មការអឺរ៉ុប បានប្រកាស​សម្ពោធ​គម្រោង​សាងសង់​បំពង់បង្ហូរ​អ៊ីដ្រូសែន បៃតង សម្រាប់ទៅ​ផ្គត់ផ្គង់​ប្រទេស​អឺរ៉ុប​ខាងជើង។ បំពង់បង្ហូរអ៊ីដូ្រសែនបៃតង ក្រោមសមុទ្រ នឹងតភ្ជាប់ពី​ទីក្រុង​បាសឺឡូន​ភាគខាងជើង​របស់អេស្ប៉ាញ ទៅកាន់​ខេត្ត​ម៉ាសីយ៍ ភាគខាងត្បូង​ប្រទេសបារាំង

នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក​Pedro Sanchez (ស្តាំ) នាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ Antonio Costa ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen និង លោក​ ប្រធានាធិបតីបារាំង  Emmanuel Macron (ឆ្វេងបំផុត),
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក​Pedro Sanchez (ស្តាំ) នាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ Antonio Costa ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen និង លោក​ ប្រធានាធិបតីបារាំង Emmanuel Macron (ឆ្វេងបំផុត), REUTERS - VIOLETA SANTOS MOURA
ផ្សាយពាណិជ្ជកម្ម

មានប្រវែង ៤៥៥​គីឡូម៉ែត្រ បំពង់បង្ហូរអ៊ីដ្រូសែន ក្រោមសមុទ្រ ត្រូវ​តភ្ជាប់​ពី​រោងចក្រ​ផលិតអ៊ីដ្រូសែន​បៃតង​នៅទីក្រុង​បាសឺឡូន របស់អេស្ប៉ាញ ទៅកាន់​កន្លែងស្តុកនៅ​ខេត្ត​ម៉ាសីយ៍​ប្រទេស​បារាំង សម្រាប់​ការផ្គត់ផ្គង់​នៅ​អឺរ៉ុប​ខាងជើង។

តាម​ការប្រកាស​របស់​ប្រធានាធិបតី បារាំង លោកម៉ាក្រុង ដែលធ្វើឡើង នៅក្រោយ​កិច្ចប្រជុំ​ជាមួយ​ប្រមុខដឹកនាំ​រដ្ឋាភិបាល​អេស្ប៉ាញ និងព័រទុយហ្កាល់ គម្រោង​សាងសង់​បំពង់បង្ហូរ​អ៊ីដ្រូសែន​នឹងចប់សព្វគ្រប់ យ៉ាងយូរបំផុត​នៅ​ឆ្នាំ ២០៣០។

គម្រោង​សាងសង់ បំពង់​បង្ហូរ​អ៊ីដ្រូសែន ពី​អេស្ប៉ាញ និង​ព័រទុយហ្កាល់ទៅកាន់ទឹកដីបារាំង មាន​តម្លៃ​ជាទឹកប្រាក់ ២,៥ពាន់លាន​អឺរ៉ូ។ តាម​ការបញ្ជាក់​របស់​នាយករដ្ឋមន្រ្តី អេស្ប៉ាញ បំពង់​បង្ហូរ​ក្រោមសមុទ្រ​ពី​អេស្ប៉ាញ​ទៅ​បារាំង នឹង​អាចផ្គត់ផ្គង់ អ៊ីដ្រូសែន បៃតង ប្រមាណ ២លាន​តោន ក្នុង​មួយឆ្នាំ ពោល គឺ ១០% នៃ​តម្រូវការ​ថាមពល​សរុប​របស់​សហភាព​អឺរ៉ុប។

មាន​ឈ្មោះ​ថា H2Med បំពង់បង្ហូរ​ក្រោមសមុទ្រ ពីអេស្ប៉ាញ ទៅ​ខេត្ត​ម៉ាសីយ៍ ដើមឡើយ ត្រូវ​គ្រោង​សាងសង់ឡើង ដើម្បី​ជំនួស​គម្រោង​បំពង់បង្ហូរ​ឧស្ម័ន​MidCat ពី​អេស្ប៉ាញ ទៅ​អឺរ៉ុបខាងជើង ដោយ​ទឹកដីបារាំង។ ប៉ុន្តែ គម្រោងការសាងសង់បំពង់បង្ហូរ​ឧស្ម័ន​បានរលត់រលាយ​ទៅវិញ ដោយសារ​ការប្រឆាំង​របស់ភាគីបារាំង ក្នុងហេតុផលថា គម្រោងសាងសង់ដែលត្រូវ​ឆ្លងកាត់ តំបន់ភ្នំ Pyrénées អាចប៉ះពាល់ ​បំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ។

នៅក្រោយ​សាងសង់ចប់ បំពង់បង្ហូរ​ក្រោមសមុទ្រ H2Med មាននាទី​បង្ហូរតែ​អ៊ីដ្រូសែនតែមួយមុខ ប៉ុន្តែ មិនមែន​ឧស្ម័នតាម​គម្រោងចង់បាន​ពីដើមទី ពោល ដើម្បី​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ទាមទារ របស់​គណៈកម្មការអឺរ៉ុប ដែលជា​ម្ចាស់ជំនួយហិរញ្ញវត្ថុ មួយផ្នែក​របស់​គម្រោង។

មានវត្តមាន​នៅក្នុង​ជំនួបប្រជុំ​ជាមួយ​មេដឹកនាំបារាំង អេស្ប៉ាញ និង​ព័រទុយហ្កាល់ ប្រធានគណៈកម្មការ​អឺរ៉ុប លោកស្រី វ៉ុលឌែរឡេយេន បាន​និយាយ​ស្វាគម​ចាត់ទុក គម្រោងសាងសង់​ ពីអេស្ប៉ាញ ទៅបារាំង ថា​កំពុង​ដើរ​នៅលើ​ផ្លូវ​ដ៏ត្រឹមត្រូវ​មួយ ព្រោះ​វា​ជួយ​ឲ្យ​អឺរ៉ុប​មានបំពង់បង្ហូរ​អ៊ីដ្រូសែន​ ដែលជា​ប្រភព​ថាមពល​ស្អាតស្អំ។

អ៊ីដ្រូសែន​បៃតង ជា​ប្រភេទ​អ៊ីដ្រូសែន​ដែល​ផលិត​ចេញ​ពី​អេឡិចត្រូលីស និង​ដោយ​ប្រើ​ថាមពល​អគ្គិសនី​ដែលមាន​ប្រភពចេញ​ពី​ថាមពលបៃតង ដូចជា​ផ្ទាំង​សូឡា និង​វាយោ​អគ្គិសនី។ ប្រភេទ​អ៊ីដ្រូសែន​បៃតង​ដែល​មិន​បញ្ចេញ​ឧស្ម័នកាបូនិក អាច​ជា​ដំណោះស្រាយ​ជួយ​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ