អានតួអត្ថបទ

អេស្តូនី ទិញ​គ្រឿង​សព្វាវុធ​ពី​សហរដ្ឋអាមេរិក ដើម្បីការពារខ្លួន​ទប់​ទល់​នឹង​រុស្ស៊ី

នៅ​ថ្ងៃសៅរ៍ ទី៣ធ្នូ ​​ រដ្ឋាភិបាល​ អេស្តូនី ​​បញ្ជាក់ថា ខ្លួន​បាន​ចុះ​កិច្ចសន្យា​ទិញ​គ្រឿង​សព្វាវុធ​សហរដ្ឋអាមេរិក ក្នុង​តម្លៃទឹក​ប្រាក់ ២០០ លាន​ដុល្លារ​។  ​ការណ៍​ដែល អេស្តូនី ទិញ​គ្រឿងសព្វាវុធពីសហរដ្ឋអាមេរិក ដើម្បីការពារខ្លួនទប់ទល់នឹងរុស្ស៊ី ជា​ប្រទេស​ជាប់​ក្បែរ​របងគ្នា​។ ជាការ​កត់សម្គាល់ ប្រទេស​ក្បែរៗ​របងជិត​ខាង​​​រុស្ស៊ី បាន​ផ្តើម​ទិញ​អាវុធ​សម្រាប់ការ​ពារ​ខ្លួន​កាន់តែ​ច្រើន​ឡើងៗ ក្រោយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​សង្គ្រាម​​ឈ្លាន​ពាន​អ៊ុយក្រែន នាចុង​ខែ​កុម្ភៈ​មក​។ ​

អេស្តូនី ជា​ប្រទេស​ជាប់​ក្បែរ​ព្រំ​របង​នឹង​រុស្ស៊ី​។ ចម្ងាយ​ប្រហែល​២០០គីឡូម៉ែត្រ​ពីរដ្ឋធានី​តាលី​ន គឺ​ក្រុង​ណារវ៉ា  ​នៅ​ជាប់​នឹង​រុស្ស៊ីតែម្តង ហើយ​​ទីនោះ មាន​ប្រជា​ពលរដ្ឋ​៩០% ដែល​ប្រើប្រាស់ភាសា​រុស្ស៊ី។​
អេស្តូនី ជា​ប្រទេស​ជាប់​ក្បែរ​ព្រំ​របង​នឹង​រុស្ស៊ី​។ ចម្ងាយ​ប្រហែល​២០០គីឡូម៉ែត្រ​ពីរដ្ឋធានី​តាលី​ន គឺ​ក្រុង​ណារវ៉ា  ​នៅ​ជាប់​នឹង​រុស្ស៊ីតែម្តង ហើយ​​ទីនោះ មាន​ប្រជា​ពលរដ្ឋ​៩០% ដែល​ប្រើប្រាស់ភាសា​រុស្ស៊ី។​ © Studio graphique FMM
ផ្សាយពាណិជ្ជកម្ម

ការ​ទិញ​គ្រឿង​សព្វាវុធ​សឹក​សង្គ្រាមក្នុង​តម្លៃ​២០០លាន​ដុល្លារ​​បែបនេះ គឺ​ អេស្តូនី មិន​ដែល​ធ្លាប់​ទិញ​​ឡើយ ពីមុនមក។ នេះជាលើកទី១ ដែល​ ​រដ្ឋាភិបាល​ក្រុង​តាលីន  តាមរយៈ​​ទីភ្នាក់​ងារ​វិនិយោគ​វិស័យ​ការពារជាតិ​អេ​​ស្តូនី  បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ក្រសួង​​ការពារ​​ជាតិ​សហរដ្ឋអាមេរិក​ ដើម្បីទិញ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូកែត​ ប្រភេទ HIMARS របស់​អាមេរិក​ ចំនួន​៦គ្រឿង ក្នុង​គោល​បំណង​ពង្រឹង​កម្លាំង​យោធា​ អេស្តូនី។​ នេះតាម​សេចក្តីថ្លែង​ការណ៍​មួយ​របស់​រដ្ឋាភិបាល​ អេស្តូនី និងដែល​ត្រូវ​ទីភ្នាក់​ព័ត៌មាន​បារាំង​AFP  ផ្សាយ​ថ្ងៃ​សៅរ៍ ទី​៣ធ្នូ។​

ទំនិញ​គ្រឿង​ចម្បាំង​នេះ គឺជា ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូកែត ដែលបាញ់​ពី​ផ្ទៃដី ហើយ​​អាចហោះ​បាន​រយៈ​ចម្ងាយរាប់សិប ដល់​​រាប់រយ​គីឡូម៉ែត្រ។ ពោល​គឺ គ្រឿង​អាវុធ​ដែល​ រដ្ឋាភិបាល​ អេស្តូនី ​ទិញ​លើកនេះ អាច​បាញ់​បាន​ចម្ងាយ​ខុសៗគ្នា​​ ​​ចាប់ពី​អាវុធបាញ់​ហោះ ​ចន្លោះពី​៧០គីឡូម៉ែត្រ​ ទៅ​៣០០គីឡូម៉ែត្រ​​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន ត្រូវ​ផ្តល់​ទំនិញ​ទាំងនេះ​ឲ្យ​ អេស្តូនី នៅ​ឆ្នាំ​២០២៤​។ គ្រឿង​ច្បាំង​ប្រភេទ​នេះ សហរដ្ឋអាមេរិក ធ្លាប់​បាន​ផ្តល់​ឲ្យ ​អ៊ុយក្រែន ដើម្បីច្បាំង​ទប់ទល់​នឹង​ រុស្ស៊ី​។ សហរដ្ឋអាមេរិក ក៏​ធ្លាប់ប្រើវា​​សម្រាប់​​​សមយុទ្ធយោធា នៅអាស៊ី ដូចជា ​ហ្វីលីពីន ជាដើម។​

​ដូច​គ្នា​នឹង ​ អេស្តូនី ដែរ​ គឺ​ប្រទេស​ លីទុយអានី, ឡេតូនី ហើយ​និង ប៉ូឡូញ គឺ​បាន​ផ្តើម​បង្កើន​កម្លាំងយោធា និង​បង្កើន​​​គ្រឿង​សព្វាវុធ​សម្រាប់​ការពារខ្លួន ហើយ​ដើម្បី​​វាយ​ប្រហារ​តបតវិញ ក្នុងករណី​មានសង្គ្រាម​​ឈ្លាន​ពាន​ណាមួយ​កើត​ឡើង។ ទិដ្ឋភាព​នេះ ត្រូវប្រទេស​ក្បែរ​ៗ​ខាង​សហព័ន្ធ​រុស្ស៊ី ​យក​ចិត្តទុក​ដាក់​ខ្លាំង គឺ​ចាប់​តាំងតែ​ពី​ពេល​ផ្ទុះ​សង្គ្រាម​​រុស្ស៊ី​លើអ៊ុយក្រែន ជា​ច្រើន​ខែ​មកនេះ។​ នៅ​ខែ​វិច្ឆិកា​ កន្លងទៅថ្មីៗ​នេះ​ រដ្ឋាភិបាល​ លីទុយអានី ក៏បាន​សម្តែង​ចេតនា​ចង់​ទិញ​ គ្រឿង​ចម្បាំង​របស់​សហរដ្ឋអាមេរិក ​​ដូច​​អេស្តូនី​ទិញ​ដែរ គឺចង់ទិញឲ្យ​បាន ៨គ្រឿង ក្នុង​តម្លៃ ៤៩៥ លាន​ដុល្លារ។

អេស្តូនី ជា​ប្រទេស​ជាប់​ក្បែរ​ព្រំ​របង​នឹង​រុស្ស៊ី​។ ចម្ងាយ​ប្រហែល​២០០គីឡូម៉ែត្រ​ពីរដ្ឋធានី​តាលី​ន គឺ​ក្រុង​ណារវ៉ា  ​នៅ​ជាប់​នឹង​រុស្ស៊ីតែម្តង ហើយ​​ទីនោះ មាន​ប្រជា​ពលរដ្ឋ​៩០% ដែល​ប្រើប្រាស់ភាសា​រុស្ស៊ី​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ