អានតួអត្ថបទ
ការរើសអើងពូជសាសន៍

អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភពី​ការ​រើសអើង​ប្រកាន់​ពូជសាសន៍​នៅបារាំង

សន្ធឹក​នៃ​ការ​ប្រើសំដី​បែប​រើសអើង​ពូជសាសន៍​ នៅក្នុង​ប្រទេស​បារាំង កំពុង​ធ្វើ​ឱ្យ​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ បើ​តាម​គណៈកម្មការ​ទោះបីជា​អាជ្ញាធរ​បា​នប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​មិន​អាច​សម្រេច​កម្មវត្ថុ​លុប​បំបាត់​ការ​រើសអើង​ពូជសាសន៍​បាន​ដែរ។

សហគមន៍​អាស៊ី​នៅប្រទេស​បារាំង​នាំគ្នា​ធ្វើបាតុកម្មប្រឆាំងនឹង​ការ​រើសអើងពូជសាសន៍​នៅទីក្រុង​ប៉ារីស
សហគមន៍​អាស៊ី​នៅប្រទេស​បារាំង​នាំគ្នា​ធ្វើបាតុកម្មប្រឆាំងនឹង​ការ​រើសអើងពូជសាសន៍​នៅទីក្រុង​ប៉ារីស FRANCOIS GUILLOT / AFP
ផ្សាយពាណិជ្ជកម្ម

ការរើងអើង ការ​ប្រកាន់​ពូជសាសន៍ នៅក្នុង​ប្រទេស​បារាំង នៅ​​តែ​មាន​ទំហំ​ធំ​​​​គួរ​ឱ្យ​ព្រួយ​បារម្ភ ជាពិសេស​នៅ​តាម​បណ្តាញ​ឃោសនា​ព័ត៌មាន​និង​អ៊ីនធ័រនែត។ គណៈកម្មការ​​លុប​បំបាត់​ការ​រើង​អើង​ពូជសាសន៍​​អង្គការ​សហប្រជាជាតិ​ (Cerd) ​ក៏​ព្រួយ​បារម្ភ​ខ្លាំង​ដែរ​ចំពោះ​ភាសានយោបាយ​បែប​ប្រកាន់​ពូជសាសន៍​របស់​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ខ្លះ ទៅ​លើ​ក្រុម​ជនជាតិ​ភាគ​តិច ជាពិសេស​ជនជាតិ​រ៉ូ​ម អ្នក​ពនេចរ អ្នកមានកំណើត ជីដូនជីតា​មកពី​អាហ្វ្រិក និង​ដើម​កំណើត​អារ៉ាប់។ ក្រៅ​អំពី​សំដី​បែប​រើសអើង គណៈកម្មការ ខ្វល់មួយ​ទៀតនឹង​ការដាក់​​ជនជាតិ​ភាគ​តិច​រ៉ូម និង​ក្រុម​​ពនេចរ ឱ្យ​នៅ​ក្រៅ​​សង្គម​ ​និង​រស់ក្នុង​ភាព​ក្រីក្រ​គួរ​ឱ្យ​អាសូរ។

អំពើ​ហិង្សា​ប៉ូលិស និង​ជម្រើស​ឆែក​អត្តសញ្ញាណ​ ឬ​ឃាត់​ខ្លួន​ឆែកឆេរ បែប​រើស​មុខ រើសពណ៌​សម្បុរ​ ដៅ​លើ​តែ​អ្នក​មិន​មែន​ជនជាតិ​បារាំង​ ក៏​ត្រូវ​បាន​គណៈកម្មការ​យល់​ថា​ជា​ចំណាត់​ការ​ហួសហេតុ និង​មាន​បង្កប់​ទម្រង់​រើសអើង​ពូជសាសន៍​ដែរ។

បើ​តាម​អ្នក​ជំនាញឯករាជ្យ​​ទាំង​១៨​រូបរបស់​គណៈកម្មការ​ ដែល​តែង​តែ​ចុះ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ នយោបាយ​បារាំង​ចំពោះ​ជនជាតិភាគ​តិច ​រដ្ឋាភិបាល​បារាំង​​មាន​ឆន្ទៈ​និង​ភាព​ម៉ឺងមាត់នយោបាយ​​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍​គ្រប់​ទម្រង់ តែ​ប្រយុទ្ធ​មិន​ឈ្នះ​។ ហេតុ​ដូច្នេះហើយ​បាន​ជា​គណៈកម្មការ​​ចេញ​អនុសាសន៍​​ឱ្យ​បារាំង​បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទ្វេ​ឡើង​ ក្នុង​ការ​ការពារ​និង​ប្រយុទ្ធ​ប្រឆាំង​ប្រកប​ដោយ​ប្រសិទ្ធភាព​រាល់គ្រប់​ទម្រង់​នៃ​ការ​រើសអើង ដោយ​​អនុវត្ត​​ច្បាប់​និង​ដាក់​ទណ្ឌកម្ម​រាល់​គ្រប់​សកម្មភាព​រើសអើង​ និង​ការ​ប្រកាន់​ពូជសាសន៍​នៅតាម​ទីសាធារណៈ ​ជាពិសេស​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​អ៊ីនធ័រនែត។

អ្នក​ជំនាញ​ក៏​បាន​ស្នើ​សុំ​ឱ្យ​បារាំង បញ្ចូល​ក្នុង​ច្បាប់​នូវ​និយមន័យ​និង​ការ​ហាមឃាត់​ការ​ធ្វើ​ប្រវត្តិរូប​បែប​ប្រកាន់ពូជសាសន៍​និង​ជាតិ​កំណើត ព្រមទាំង​ផ្ទៀង​ផ្ទាត់​មើល​បទ​បញ្ជា​សម្រាប់​ឱ្យ​កង​កម្លាំង​ប៉ូលិស ឬ​កង​សមត្ថកិច្ច​អនុវត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ