អានតួអត្ថបទ
រុស្ស៊ី-ប៉ូឡូញ

រុស្ស៊ីឆេះដុំ ក្រោយ​​ប៉ូឡូញ​ហាមឃាត់​​មិន​​ឲ្យ​លោក ស៊ែរហ្កី ឡាវរ៉ូវ ទៅ​ប្រជុំ​​OSCE​ នៅ​ប៉ូឡូញ

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្កី ឡាវរ៉ូវ ត្រូវបាន​រដ្ឋាភិបាល​ប៉ូឡូញ ហាមឃាត់មិនឲ្យ​ជាន់ដីប៉ូឡូញទេ​។ លោកនឹងមិនអាចទៅចូលរួម ការ​ប្រជុំ​ក្របខណ្ឌរដ្ឋមន្ត្រីការបរទេស នៃអង្គការ​​ដើម្បីសន្តិសុខ និង​សហប្រតិបត្តិការអឺរ៉ុប ហៅកាត់ថា OSCE ដែលគ្រោងធ្វើនៅ​ប្រទេសប៉ូឡូញ ដើមខែធ្នូខាងមុខនេះទេ។ ការសម្រេចនេះ ត្រូវបាន​ក្រសួងការបរទេសរុស្ស៊ី​ប្រកាដថ្កោលទោសភ្លាមៗ ដោយបានចាត់ទុកថា ជាទង្វើរករឿងមកលើរុស្ស៊ី និង​បំផ្លាញតួនាទី​ការងារ ​របស់អង្គការ OSCE។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (ស្តាំ) និង​លោក​រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ប្រធានវិលជុំអង្គការOSCE Zbigniew Rau ក្នុងពេលធ្វើ​​សន្និសីទ​កាសែតរួមគ្នា នៅក្រុងម៉ូស្គូ ថ្ងៃទី ១៥ កុម្ភៈ ២០២២ ៩ថ្ងៃមុន​រុស្ស៊ី​លើកទ័ពចូលឈ្លានពានអ៊ុយក្រែន។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (ស្តាំ) និង​លោក​រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ប្រធានវិលជុំអង្គការOSCE Zbigniew Rau ក្នុងពេលធ្វើ​​សន្និសីទ​កាសែតរួមគ្នា នៅក្រុងម៉ូស្គូ ថ្ងៃទី ១៥ កុម្ភៈ ២០២២ ៩ថ្ងៃមុន​រុស្ស៊ី​លើកទ័ពចូលឈ្លានពានអ៊ុយក្រែន។ AP - Shamil Zhumatov
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកទាំង​៥៧ របស់អង្គការ​​ដើម្បីសន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប ហៅកាត់ថា OSCE នឹងត្រូវរៀបចំធ្វើនៅ​ថ្ងៃទី១ធ្នូ នៅទីក្រុង​ Lodz ប្រទេសប៉ូឡូញ ដោយ​មានប៉ូឡូញជាប្រធានវិលជុំ ជាអ្នករៀបចំ។ តែរដ្ឋាភិបាលប៉ូឡូញ ទើបតែបានប្រកាសឲ្យដឹងថា លោក ស៊ែរហ្កី ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងមិនត្រូវបាន​អនុញ្ញាតឲ្យជាន់ដីប៉ូឡូញជាដាច់ខាត។ ដូច្នេះ រដ្ឋាភិបាលរុស្ស៊ី ត្រូវតែបញ្ជូន​ឈ្មោះ​មនុស្សផ្សេងទៀត ឲ្យ​មកចូលរួមក្នុងកិច្ចប្រជុំនេះ​។

ប្រភពពីរដ្ឋាភិបាលប៉ូឡូញ បានប្រាប់អ្នកកាសែតបារាំងAFP ថា រដ្ឋាភិបាលរុស្ស៊ីអាចបញ្ជូន​តំណាងមកចូលរួមបាន គឺទាល់តែជននោះ មិនមានជាប់ឈ្មោះនៅ​ក្នុងបញ្ជីទណ្ឌកម្ម​ ដែលសហភាពអឺរ៉ុប​បានដាក់ទៅ​លើរុស្ស៊ី បន្ទាប់ពី​រុស្ស៊ីបានលើកទ័ពធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែន។ យោងតាមបញ្ជីនេះ គឺ​លោកស៊ែរហ្កី ឡាវរ៉ូវ មានឈ្មោះជាប់ទណ្ឌកម្ម មិន​អាចចូលជាន់ទឹកដីសហភាពអឺរ៉ុប បានជាដាច់ខាត។

ក្រោយការប្រកាសរបស់រដ្ឋាភិបាលប៉ូឡូញ ក្រសួងការបរទេសរុស្ស៊ីបានចេញលិខិតប្រកាស ថ្កោលទោសភ្លាមៗ នៅរសៀលថ្ងៃសៅរ៍ទី១៩វិច្ឆិកា ដោយ​បានចាត់ទុកការសម្រេចរបស់ប៉ូឡូញ ថាកាយវិការរករឿង បង្កជម្លោះជាមួយរុស្ស៊ី។ លិខិតដដែលនេះ បន្ថែមថា មិនត្រឹមប៉ុណ្ណោះទេ ការសម្រេចរបស់ប៉ូឡូញ បានមកបំផ្លាញដល់តួនាទីការងារ នឹងដំណើរការទូទៅរបស់អង្គការដើម្បី​សន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប ធ្វើឲ្យ​អង្គការនេះ ក្លាយជាវេទិកាបក្សពួក ប្រឆាំងនឹងរុស្ស៊ី។​ យ៉ាងណាក៏ដោយ ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការ OSCE នឹងដឹកនាំគណៈប្រតិភូ ចូលរួម​កិច្ចប្រជុំនៅថ្ងៃទី​១​ និងទី​២ធ្នូខាងមុខនៅប៉ូឡូញ។

សូមរំលឹកថា អង្គការដើម្បី​សន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប ដែលមានសមាជិក៥៧ប្រទេស គឺត្រូវបាន​បង្កើតឡើងនៅឆ្នាំ​១៩៧៥ ក្នុងបរិបទសង្គ្រាមត្រជាក់។ អង្គការ​ដែល​មានទីតាំង​ស្នាក់ការកណ្តាលនៅទីក្រុងវីយែនប្រទេសអូទ្រីសនេះ មានកម្មវត្ថុ បង្កើតបរិយាកាសនិយាយប្រាស័្រយទាក់ទងគ្នា រវាង​គូបដិបក្សទាំង២ គឺក្រុមប្រទេសអឺរ៉ុប​ខាងលិច និង​ក្រុមអឺរ៉ុប​ខាងកើត។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំ គឺជាគ្រោងឆ្អឹងដ៏សំខាន់​របស់OSCE។ ស្ថិតក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន អង្គការនេះត្រូវបានគេសង្ឃឹមថាជាមធ្យោបាយ​មួយ ដើម្បីញ៉ាំងឲ្យ​មានទំនាក់ទំនងនិយាយគ្នា រវាងរុស្ស៊ី និងក្រុម​ប្រទេសលោកខាងលិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ