អានតួអត្ថបទ
បំពង់បង្ហូរឧស្ម័ន

អាល្លឺម៉ង់​ចង់​សើរើ​គម្រោង​សង់​បំពង់​បង្ហូរឧស្ម័ន​ចេញពី​អេស្ប៉ាញ ទៅ​បារាំង

ប៉ះពាល់​ផ្ទាល់ខ្លាំងជាងគេ​បន្ទាប់ពី រុស្ស៊ី ប្រកាស​បន្ត​បិទ​បំពង់​បង្ហូរ​ឧស្ម័ន North Stream 1 កាលពីថ្ងៃ​សៅរ៍ ទី ៣​កញ្ញា អាល្លឺម៉ង់​ចង់​ឲ្យគេ​សើរើ​ឡើងវិញ គម្រោង​សាងសង់​បំពង់​បង្ហូរឧស្ម័ន ដែល​តចេញ​ពីទឹកដី​អេស្ប៉ាញ ចូល​ទៅ​ក្នុង​ប្រទេស​បារាំង។ អេស្ប៉ាញ​ដែលនាំចូល​ឧស្ម័ន​អាល់ហ្សេរី និង​ជា​កន្លែង​ទទួល​ស្តុក​ឧស្ម័នធម្មជាតិ​ពង្រាវ នាំចូល​ពី​អាមេរិក កាតា និង​នីហ្សេរីយ៉ា ឯកភាព​ជាមួយ អាល្លឺម៉ង់ ប៉ុន្តែ មកត្រូវ​ប្រទះ​នឹង​ជំហរប្រឆាំង​របស់​ភាគី​បារាំង។

រូបភាពទូទៅបង្ហាញ​រោងចក្រ​ចម្រាញ់អេស្ប៉ាញ Enagas នៅកំពង់ផែ​ក្នុងទីក្រុង​ប៉ាសឺឡូន នៅក្បែរ​ទឹកដីភាគខាងត្បូង​របស់​បារាំង
រូបភាពទូទៅបង្ហាញ​រោងចក្រ​ចម្រាញ់អេស្ប៉ាញ Enagas នៅកំពង់ផែ​ក្នុងទីក្រុង​ប៉ាសឺឡូន នៅក្បែរ​ទឹកដីភាគខាងត្បូង​របស់​បារាំង AFP - JOSEP LAGO
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​រុស្ស៊ី Gazprom មិនបាន​បើកបង្ហូរបំពង់ឧស្ម័ន​North Stream1 នៅថ្ងៃ​សៅរ៍ទី ៣ កញ្ញា ទៅតាម​ការសន្យារបស់ខ្លួន ក្នុងហេតុផល មាន​លេចហូរប្រេង​ក្នុង​បំពង់តួរប៊ីន នៅបំពង់បង្ហូរប្រេង ក្នុងទឹកដី​រុស្ស៊ី។

លែងជឿជាក់​លើ​រុស្ស៊ី ដែល​រងការចោទប្រកាន់ថា បាន​យកប្រេង និង​ឧស្ម័ន​មកធ្វើ​ជា​អាវុធ​ធ្វើ​សង្រ្គាម សហភាពអឺរ៉ុប ជាពិសេស អាល្លឺម៉ង់ ដែលពឹងផ្អែកខ្លាំងជាងគេ​លើ​ថាមពល​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី បាន​ស្វែងរក​ប្រភពផ្គត់ផ្គង់​ថ្មី។

ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បានលើកឡើង​ជា​ញយដង​ពីជំហរគាំទ្រ​របស់​អាល្លឺម៉ង់​សម្រាប់​គម្រោង​សាងសង់បំពង់​បង្ហូរឧស្ម័ន​ពី​អេស្ប៉ាញ​ទៅបារាំង ដែលមាន​ឈ្មោះ​ថា Midcat។ បង្កើតឡើង​នៅ​ឆ្នាំ ២០១៩ គម្រោងMidcat ផ្តោតលើ​ការសាងសង់​បំពង់បង្ហូរឧស្ម័ន​​ប្រវែង ១៩០​គីឡូម៉ែត្រ ដែល​តភ្ជាប់ពី​ខេត្ត​កាតាឡូញ​របស់​អេស្ប៉ាញ ទៅ​ខេត្ត​ភាគខាងត្បូងរបស់​បារាំង។ អេស្ប៉ាញ មាន​គម្រោងចង់​​ប្រើ​បំពង់​បង្ហូរឧស្ម័ន​Midcat សម្រាប់​បញ្ជូន​ឧស្ម័ន​ដែល​នាំចូលមក​ពី អាល់ហ្សេរី និង​ឧស្ម័ន​ធម្មជាតិ​ពង្រាវ​ផ្សេងទៀត ដែល​ទិញ​នាំចូល​ពី​កាតា អាមេរិក និង​ស្តុកទុក​នៅអេស្ប៉ាញ ទៅកាន់​បណ្តាប្រទេស នៅ​ភាគខាងជើង​អឺរ៉ុប ដូចជា​អាល្លឺម៉ង់ជាដើម។

ប៉ុន្តែ គម្រោង​សាងសង់បំពង់បង្ហូរឧស្ម័ន​ Midcat ត្រូវបាន​កប់ចោលទៅវិញ នៅ​ឆ្នាំ ២០១៩ ដោយសារ​បារាំង​ដែលជាភាគីពាក់ព័ន្ធ ប្រឆាំង ក្នុងហេតុផលថា គម្រោងការ​ Midcat​មិន​សូវ​ផ្តល់ប្រយោជន៍ច្រើន ប៉ុន្តែ ផ្ទុយទៅវិញ បាន​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ផ្នែកបរិស្ថាន ក្នុងទឹកដីបារាំង។

អេស្ប៉ាញ​បាន​លើកយក​ហេតុផល​សង្រ្គាមអ៊ុយក្រែន​ថា ជាអ្នក​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រែប្រួល​ខុសពីមុន។ បន្ទាប់ពី​រុស្ស៊ី​ផ្អាក បិទបំពង់បង្ហូរឧស្ម័ន មួយលើក ជា​ពីរលើក អេស្ប៉ាញ ចង់​បញ្ចុះបញ្ចូល​សហភាពអឺរ៉ុប​ឲ្យ​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​បារាំង ដើម្បី សើរើ​គម្រោងMidcat ឡើងវិញ។ នៅក្នុង​ទស្សនកិច្ច​ទៅកាន់ទីក្រុង​ប៊ែរឡាំង​កាលពី​សប្តាហ៍មុន នាយករដ្ឋមន្រ្តីអេស្ប៉ាញ​បានទទួលការគាំទ្រ​ពីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុល៍ ដែល​សង្កត់ធ្ងន់​ថា គេ​កំពុង​ខ្សត់ ខ្វះ​ឧស្ម័ន​ខ្លាំង​មែនទែន នៅ​ពេល​នេះ។

នៅថ្ងៃ​សៅរ៍ទី ៣ កញ្ញា រដ្ឋមន្រ្តីបារាំង លោក​Bruno Le Maire បាន​បញ្ជាក់សាជាថ្មីថា គម្រោង​សាងសង់ បំពង់​បង្ហូរឧស្ម័ន​ពីអេស្ប៉ាញ មកបារាំង​មិនមែន​ជាអាទិភាព នោះទេ។ ម្យ៉ាង​សម្រាប់ភាគីបារាំង គម្រោង​Midcat ដែលត្រូវការពេលវេលា​សាងសង់ ពី ៥ទៅ ១០ឆ្នាំ នឹង​មិនអាច​ជួយដោះស្រាយ​វិបត្តិខ្វះថាមពល ដែលកើតឡើង​ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន នោះទេ។

រដ្ឋមន្រ្តី​ផ្នែក​ថាមពល​របស់​អេស្ប៉ាញវិញ ​បាន​ដំឡើង​សំឡេង និង​ទាមទារ​ឲ្យ​មាន​សាមគ្គីភាពគ្នា រវាង​ប្រទេស​សមាជិក​សហភាពអឺរ៉ុប។ សម្រាប់​រដ្ឋមន្រ្តីអេស្ប៉ាញ លោកស្រី Teresa Ribera គម្រោង​Midcatមិនមែន​ពាក់ព័ន្ធ តែបារាំង និងអេស្ប៉ាញ ប៉ុន្តែ វា​ជារឿងផលប្រយោជន៍​របស់សហភាពអឺរ៉ុប ទាំងមូល ដែលកំពុង​ប្រឈម​នឹង​ការខ្វះខាត និង​តម្លៃ​ថាមពលឡើង​ថ្លៃ ដោយសារ​រុស្ស៊ី​បិទ​បំពង់​បង្ហូរឧស្ម័ន North Stream​1៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ