អានតួអត្ថបទ
ឧស្ម័នកាបូនិក-មធ្យោបាយ​ធ្វើ​ដំណើរ

ជិះកង់ជិតៗជំនួស​ឡាន អាច​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក​បានរាប់​លាន​តោន

ពិភពលោក​អាច​កាត់​បន្ថយ​ឧស្ម័ន​ពុល​កាបូនិក​CO2 បាន​ប្រមាណ​ជិត​៧០០​លាន​តោន​ក្នុង​មួយ​​ឆ្នាំ (ស្មើ​នឹង​បរិមាណ​នៃ​​ការ​បញ្ចេញ​ផ្សែង​ពុលប្រចាំឆ្នាំ​​របស់​ប្រទេស​កាណាដា​មួយទាំងមូល) ប្រសិន​បើ​គ្រប់​គ្នាកុំប្រើឡាន ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ទៅ​ទីជិតៗ ​ដោយ​ជិះកង់​ដូច​ពលរដ្ឋ​ហូឡង់។ នេះ​បើ​តាម​ការ​សិក្សា​ដែល​មាន​ចុះ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​Communication Earth and Environment។

ទិដ្ឋភាព​នៅទីក្រុង​កូផេនហាក ប្រទេស​ដាណឺម៉ាក ដែល​ប្រជាពលរដ្ឋ​និយម​ជិះកង់​ជាមធ្យោបាយ​ធ្វើ​ដំណើរ
ទិដ្ឋភាព​នៅទីក្រុង​កូផេនហាក ប្រទេស​ដាណឺម៉ាក ដែល​ប្រជាពលរដ្ឋ​និយម​ជិះកង់​ជាមធ្យោបាយ​ធ្វើ​ដំណើរ Getty Images - LeoPatrizi
ផ្សាយពាណិជ្ជកម្ម

ឧស្ម័នផ្ទះកញ្ចក់​ដែល​ជាប់​ចោទ​ជា​ដើម​ហេតុ​បង្ក​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​និង​ឡើង​កម្តៅនៃភព​ផែនដី ចំនួន​មួយភាគបួន ជា​ផ្សែង​ពុល​បញ្ចេញ​ដោយ​វិស័យ​ដឹកជញ្ជូន និង​ដែល​ពាក់កណ្តាល​ជា​ផ្សែង​ឡាន។ ហើយ​ពិភពលោក ត្រូវ​ការ​យាន​យន្ត (ឡាន)​ ​កើន​ឡើង​មួយ​ជា​បី នៅ​ពាក់​កណ្តាល​សតវត្សរ៍​។ ប្រទេស​នីមួយៗ តាមដាន​តួលេខ​នៃការ​លក់​ឡាន​ ​យ៉ាង​ជាប់​ស្អិត ​និង​មិនសូវ​ចាប់​អារម្មណ៍​នឹង​ទីផ្សារ​​លក់​កង់។

ក្នុង​ខណៈ​ដែល​ពិភពលោក​ផ្ចង់​គំនិត​ផលិត​ឡាន​អគ្គីសនី​ ដើម្បី​ជួយ​ផែនដី ​មាន​​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម បានចង​ក្រង​​ប្រមូល​ទិន្នន័យ​នៃ​ការលក់​និង​ប្រើប្រាស់​កង់​ នៅលើពិភពលោក ក្នុង៦០​ប្រទេសតាំងពី​ឆ្នាំ​១៩៦០មក ដើម្បី​សិក្សា​អំពី​តួនាទី​របស់​កង់​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក ក្នុង​វិស័យ​ដឹកជញ្ជូន។

បើ​តាម​អ្នក​ស្រាវជ្រាវ​ ដែល​ដឹកនាំ​ដោយ​លោក Gang Liu សាស្ត្រាចារ្យ​នៅ​ដេប៉ាតឺម៉ង់​បច្ចេកវិទ្យាបៃតង​នៃ​សាកលវិទ្យាល័យ​ដាណឺម៉ាក​ខាង​ត្បូង នៅអំឡុង​ពេល​ពី​ឆ្នាំ១៩៦២​ដល់​ឆ្នាំ​២០១៥ ពិភពលោក​ផលិត​កង់​ច្រើន​ជាង​ឡាន។ ក្នុង​ចំណោមកង់​ផលិត​បាន​ចំនួន​១២៣លាន​នៅ​ឆ្នាំ​២០១៥ ជិត​ពីរភាគ​បីធ្វើ​​នៅ​ប្រទេស​ចិន។​ តែ​ការ​ប្រើប្រាស់​កង់​​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ​មាន​កំរិត​ត្រឹម​តែ​ប្រមាណ​៥%​ប៉ុណ្ណោះ​ជាមធ្យម។ សហរដ្ឋ​អាមេរិក​ មាន​កង់​ច្រើន​ខ្លាំង​ណាស់ ប៉ុន្តែ​ម្ចាស់​ម្នាក់ៗ មាន​ទំនោរ​ប្រើកង់​ជាការ​កំសាន្ត​ ច្រើន​ជាង​ប្រើ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។ ទៅ​ណា​បន្តិច​បន្តួច ទោះ​ជិត​ៗក៏​ដោយ ​ក៏​ពលរដ្ឋ​អាមេរិក​ជិះឡាន​ដែរ។​

ប្រសិនបើ​មនុស្សម្នា​គ្រប់រូប ប្តូរ​ទម្លាប់​មក​ ជិះកង់ ពេល​ត្រូវ​ការ​ធ្វើ​ដំណើរជិតៗ ជាមធ្យម​តែ​១៦០០ម៉ែត្រ ក្នុង​មួយ​ថ្ងៃ​ ពោល​គឺ​ដូច​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ដាណឺម៉ាក នោះ​ពិភពលោក​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ CO2 បាន​ប្រមាណ ៤១៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ គឺ​ស្មើ​នឹង​បរិមាណ​ឧស្ម័នកាបូនិក​បញ្ចេញ ប្រទេស​អង់គ្លេស​មួយ​ទាំងមូល។ នេះ​បើ​តាម​ការ​គណនា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​​​ដដែល។ បើ​ធ្វើ​ដំណើរ ដោយ​ជិះកង់​ជាមធ្យម​២៦០០ម៉ែត្រ​ ក្នុង​មួយ​ថ្ងៃ ដូច​ពលរដ្ឋ​ហូឡង់ នោះ​គេ​អាច​​បន្ថយ​ឧស្ម័ន​ពុល​បាន​ ៦៨៦​លាន​តោន​ក្នុងមួយ​ឆ្នាំ។ ថយឧស្ម័នពុលហើយ គេ​នឹង​​បាន​ទទួល​គុណប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​និងធ្វើ​ឱ្យ​​គុណភាព​នៃ​ខ្យល់​បរិយាកាសបាន​ប្រសើរ​ឡើង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ