អានតួអត្ថបទ
អឺរ៉ុប-សុខភាព-អុតស្វា

OMS/WHO រំពឹងថា នឹងមាន​ករណី​អ្នកជំងឺអុតស្វាស្លាប់​ច្រើននាក់ទៀត នៅអឺរ៉ុប

កាលពីថ្ងៃសៅរ៍ទី​៣០កក្កដា​ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ បានប្រកាស​ថាមានករណី​ស្លាប់​អ្នកជំងឺអុតស្វាម្នាក់ទៀត។ គិតត្រឹមពេល​នេះ គឺមានអ្នកជំងឺអុតស្វា ស្លាប់៣នាក់ហើយ​ក្រៅទ្វីប​អាហ្វ្រិក​ ក្នុងនោះ២នាក់​នៅអេស្ប៉ាញ និង​១នាក់​នៅប្រេស៊ីល។ ដោយ​ចំនួនអ្នកឆ្លង​ប្រមាណ​៧០%ស្ថិតនៅ​ទ្វីបអឺរ៉ុប មន្ត្រីអង្គការសុខភាព​ពិភពលោក​​ប្រចាំតំបន់​នេះ បាន​លើកឡើងថា គេរំពឹងថា នឹងមាន​អ្នកជំងឺអុតស្វា​ ស្លាប់ច្រើននាក់​បន្ថែមទៀត នៅអឺរ៉ុប។

បុរសម្នាក់​ដើរចូលទៅក្នុងកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា។ ទីក្រុងនីស ប្រទេសបារាំង ថ្ងៃទី ២៧កក្កដា ២០២២
បុរសម្នាក់​ដើរចូលទៅក្នុងកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា។ ទីក្រុងនីស ប្រទេសបារាំង ថ្ងៃទី ២៧កក្កដា ២០២២ REUTERS - ERIC GAILLARD
ផ្សាយពាណិជ្ជកម្ម

លោកស្រី Catherine Smallwood ប្រធានការិយាល័យអឺរ៉ុប នៃអង្គការសុខភាពពិភពលោក បានបញ្ជាក់នៅរសៀលថ្ងៃទី​៣០កក្កដាថា គេរំពឹងថា នឹងមាន​មនុស្ស​ស្លាប់ច្រើននាក់ទៀតនៅអឺរ៉ុប ដែលពាក់​ព័ន្ធនឹងមេរោគជំងឺអុតស្វា។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីអាជ្ញាធរសុខាភិបាលអេស្ប៉ាញ បានប្រកាសថាមានករណីស្លាប់២នាក់នៅក្នុង​ប្រទេសខ្លួន ចន្លោះពីថ្ងៃ២៩ និងថ្ងៃ៣០កក្កដា។

គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ មាន​គេបានរកឃើញ​ករណី​ឆ្លង​ជំងឺអុតស្វា ចំនួន​១៨០០០ករណី នៅក្រៅអាហ្វ្រិក​។ ៧០%នៃករណីឆ្លង គឺមានផ្តុំនៅអឺរ៉ុប ដែលក្នុងនោះនៅអេស្ប៉ាញមានច្រើន​​លើសគេ ចំនួនសរុបប្រមាណ៤៣០០​ករណី​​។ អាជ្ញាធរអេស្ប៉ាញ លើកឡើងថាបច្ចុប្បន្ន​មាន​អ្នកជំងឺអុតស្វា កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ ចំនួន​១២០នាក់​។​

លោកស្រី Catherine Smallwood ​បាន​លើកឡើងថា ដោយ​យោងទៅលើ​សន្ទុះនៃការឆ្លងរាលដាល​នៅអឺរ៉ុប យ៉ាងលឿនរហ័សនេះ គឺប្រទេសអឺរ៉ុបត្រូវតែចាត់វិធានការបន្ទាន់ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល​មេរោគនេះ ឲ្យខាងតែបាន​។ ទន្ទឹម​គ្នានេះ លោកស្រីបាន​បញ្ជាក់ថា ជាទូទៅអ្នកឆ្លងមេរោគជំងឺអុតស្វា អាចជាសះស្បើយវិញដោយខ្លួនឯង តែអាចមានករណីកម្រមួយចំនួន ដែលឈានដល់ធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

គិតពីខែឧសភា ដល់ថ្ងៃទី​៣០កក្កដា នៅទូទាំងពិភពលោកមានអ្នកផ្ទុកមេរោគជំងឺអុតស្វា ចំនួន​៨នាក់ហើយ ដែលបានស្លាប់ ក្នុងនោះ៥នាក់នៅទ្វីបអាហ្វ្រិក។ ៣នាក់ទៀត ដែលស្លាប់ក្រៅអាហ្វ្រិក គឺមាន២នាក់​នៅអេស្ប៉ាញ និង​១​នាក់​​នៅប្រេស៊ីល។ ដោយគ្រាន់តែប្រាប់ថាអ្នកស្លាប់ទាំង២នាក់ មានភេទប្រុស​វ័យក្មេង អាជ្ញាធរអេស្ប៉ាញ មិនបានបញ្ជាក់លំអិតទេ ថាអ្នកជំងឺអុតស្វាទាំង២នាក់នោះ​ ស្លាប់ដោយ​សារមូលហេតុអ្វីពិតប្រាកដ។ មន្ត្រីជំនាញ​កំពុង ​​រងចាំលទ្ធផលកោសលវិច័យ។ ដោយឡែក នៅ​ប្រទេសស៊ីល អាជ្ញាធរ​សុខាភិបាល​​បានបញ្ជាក់ថា អ្នកជំងឺមាន​ជំងឺមហារីក និង​មាន​សុខភាពចុះទ្រុឌទ្រោមខ្លាំង។

បារាំង ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត បានចាប់​ផ្តើម​បើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការការឆ្លងរាលដាលមេរោគនេះ។ យោងតាមអ្នកជំនាញ មេរោគជំងឺអុតស្វា អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់បាន តាមរយៈការប៉ះពាល់ដោយ​ផ្ទាល់ ជាមួយស្នាមមុខរបួស កន្តួល​ពងបែក ឬក៏ប៉ះជាមួយសម្លៀក​បំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬទឹករងៃរបស់អ្នកផ្ទុកមេរោគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ