អានតួអត្ថបទ
អុតស្វា

អុតស្វា៖ អេស្ប៉ាញ និងប្រេស៊ីល ប្រកាស​ពី​ករណី​ស្លាប់​អ្នក​ជំងឺអុតស្វា ​ជាលើក​ទីមួយ នៅ​ក្រៅ​ទ្វីបអាហ្វ្រិក

កាលពីថ្ងៃសុក្រ ទី​២៩កក្កដា អាជ្ញាធរសុខាភិបាល​អេស្ប៉ាញ និង​ប្រេស៊ីល បានប្រកាសថាមាន​អ្នកជំងឺ​អុតស្វា ចំនួន​១នាក់ បានស្លាប់​នៅក្នុង​ប្រទេសគេរៀងៗខ្លួន។ នេះគឺជាករណី​ស្លាប់លើកទី​១ហើយ នៅក្រៅទ្វីបអាហ្វ្រិក ដែលជាតំបន់​ដើមកំណើតមេរោគជំងឺអុតស្វា។ តែយ៉ាងណា មិនមានការបញ្ជាក់ឲ្យច្បាស់ទេ ថាអ្នកជំងឺ​ដែលស្លាប់​នៅអេស្ប៉ាញ និ​ងនៅប្រេស៊ីលនោះ គឺស្លាប់ដោយសារតែមេរោគជំងឺ​អុតស្វានេះ ឬដោយសារបញ្ហាសុខភាព​ផ្សេងទៀត។

បុរសម្នាក់​កំពុងទទួល​បានការចាក់ថ្នាំ​បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតស្វា ។ ក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ថ្ងៃទី ២៦ កក្កដា ២០២២
បុរសម្នាក់​កំពុងទទួល​បានការចាក់ថ្នាំ​បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតស្វា ។ ក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ថ្ងៃទី ២៦ កក្កដា ២០២២ AP - Francisco Seco
ផ្សាយពាណិជ្ជកម្ម

បុរសម្នាក់អាយុ៤១ឆ្នាំ ដែល​មានផ្ទុកមេរោគជំងឺអុតស្វា បានស្លាប់​នៅ​រដ្ឋ Minas Gerais ប្រទេសប្រេស៊ីល។ យោងតាមលោករដ្ឋលេខាធិការទទួលបន្ទុកសុខភាពប្រចាំរដ្ឋនេះ គឺអ្នកជំងឺរូបនេះ បានសម្រាកព្យាបាល​នៅមន្ទីរពេទ្យ ដោយសារមានជំងឺមហារីក ហើយមានសុខភាពចុះទ្រុឌទ្រោមខ្លាំង។ ដោយឡែកនៅអេស្ប៉ាញវិញ រដ្ឋមន្ត្រីសុខាភិបាល​បានប្រកាសកាលពីថ្ងៃសុក្រ ថាមានករណីស្លាប់អ្នកផ្ទុកមេរោគជំងឺអុតស្វាម្នាក់ដែរ តែដោយ​មិនបានបញ្ជាក់ពីមូលហេតុលំអិតនៃការស្លាប់ ព្រមទាំងកាលបរិច្ឆេទទេ។

គួរ​បញ្ជាក់ថា​ ករណីស្លាប់អ្នកផ្ទុកមេរោគ​ជំងឺអុតស្វា ទាំង២ករណីនៅប្រេស៊ីលនិងអេស្ប៉ាញនេះ គឺជាករណីស្លាប់ដំបូងគេបង្អស់ ក្រៅ​ទ្វីប​អាហ្វ្រិក​ ជាទីដែលមេរោគនេះត្រូវបានគេប្រទះឃើញ ឆ្លងទៅដល់មនុស្សនៅឆ្នាំ​១៩៧០។កាលពីថ្ងៃទី២៤កក្កដា អង្គការសុខភាពពិភពលោក បានប្រកាសចាត់ទុកជំងឺអុតស្វា ជាបញ្ហាអាសន្ននៃសុខភាពសាធារណៈកម្រិតអន្តរជាតិ។ គិតមកត្រឹមពេលនេះ គេបានរកឃើញករណីឆ្លងជំងឺនេះ ចំនួន​ប្រមាណ​១៨០០០ករណី តាមបណ្តាប្រទេសចំនួន​៧៨ ក្រៅទ្វីបអាហ្វ្រិក។ ក្នុងនោះ ៧០% ស្ថិតនៅអឺរ៉ុប និង​ប្រមាណ​២៥%នៅទ្វីប​អាមេរិក​។

អេស្ប៉ាញ ដែលមានករណីឆ្លងដល់ទៅ​ ៤២៩៨ករណី គឺជាប្រទេសអឺរ៉ុបដែលមានអ្នកផ្ទុកមេរោគអុតស្វា ច្រើនជាងគេ។ ដោយឡែកនៅ​បារាំង គិតត្រឹមថ្ងៃសុក្រទី​២៩កក្កដា មាន​ករណីឆ្លងអុតស្វា ចំនួនជិត​២០០០ករណី។ អាជ្ញាធរសុខាភិបាលបារាំង បានចាប់ផ្តើម​បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ភាគច្រើននៅក្នុងតំបន់ជុំវិញទីក្រុងបារីស ជាទី​ដែល​​គេរកឃើញ​ករណីឆ្លងថ្មី ច្រើនបំផុត ប្រមាណ​៦០ ទៅ៧០ករណី​ជារៀងរាល់ថ្ងៃ។

យោងតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមអ្នកឆ្លងមេរោគនេះ ភាគច្រើនលើសលុប គឺជាមនុស្ស​ប្រុសវ័យ​ក្មេង ដែលស្រលាញ់ភេទដូចគ្នា។ អាការៈជំងឺនេះ គឺ​មានជាអាទិ៍ គ្រុនក្តៅខ្លួនខ្លាំង ឡើងកូនកណ្តុរ និង​ចេញកន្តួល​រមាស់​​ពងបែក​លើស្បែក ដូចជំងឺ​អុតស្វាយ ឬកញ្ជ្រិលជាដើម។ យោងតាមអ្នកជំនាញ មេរោគជំងឺអុតស្វា មិនឆ្លងតាមរយៈការរួមភេទទេ តែវាឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ទៅនឹងមុខរបួស ស្នាមកន្ទួល ឬក៏តាមរយៈការប៉ះពាល់ជាមួយសម្លៀកបំពាក់ ឬកម្រាលក្រណាត់​ ដែលមានប្រឡាក់ឈាម ឬទឹករងៃរបស់អ្នកផ្ទុកមេរោគ។​

លោកអគ្គលេខាធិការ​​អង្គការសុខភាពពិភពលោក បានអំពាវនាវ ឲ្យ​ក្រុម​មនុស្សស្រលាញ់ភេទដូចគ្នា​​ កាត់បន្ថយ​ដៃគូ​រួម​ភេទ ដើម្បីកាត់បន្ថយ​ហានិភ័យនៃការឆ្លង​ តែទន្ទឹមគ្នានេះ លោក​បានអំពាវនាវ កុំឲ្យ​មានការ​ចោទប្រកាន់រើសអើង ទៅលើ​ក្រុម​អ្នក​ស្រលាញ់ភេទដូចគ្នា ថាជាអ្នកចម្លង​មេរោគនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ