អានតួអត្ថបទ

រុស្ស៊ី​ ​ផ្អាក​លក់​ឧស្ម័ន​ឲ្យ​ប្រទេស​ច្រើនរួច​មក ពេលនេះ​ដល់វេន​ ឡេតូនី ​​ប្រទេសជិត​ខាង

​ថ្ងៃ​សុក្រ​ ទី​៣០កក្កដា ​ក្រុម​ហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​ប្រកាសថា​ ឈប់​ផ្ទេរ​ឧស្ម័ន​លក់​ឲ្យ​ប្រទេស ឡេតូនី ព្រោះតែ​ប្រទេសជិត​ខាង​មួយ​​នេះ ​បាន​រំលោភ​លើ​លក្ខខណ្ឌ​។ ការ​ប្រកាស​របស់​រុស្ស៊ី​នេះ ជាការដាក់​សម្ពាធ​​បន្ថែម​​​ផ្នែក​ថាមពល​ទៅលើ​ប្រទេស​សហភាព​អឺរ៉ុប ហើយ​ក៏​ជាការ​វាយ​បក​ទៅនឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អឺរ៉ុប​ដាក់​មកលើក្រុង​ម៉ូស្កូ​។ ក៏ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​ ឡេតូនី អះអាង​ថា ឡេតូនី មិន​សូវ​ជាបារម្ភ​ពេកទេ ព្រោះ​ប្រទេស​ខ្លួន​បាន​គ្រោង​ស្រេច​ហើយ​ថា​ឈប់​ទិញ​ឧស្ម័ន​ពី​រុស្ស៊ី។​ ​​

បំពង់បង្ហូរឧស្ម័ន
បំពង់បង្ហូរឧស្ម័ន AP - Stefan Sauer
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ផ្អាក​លក់​ឧស្ម័ន​ឲ្យ ឡេតូនី ប្រទេសជាប់​របង​ក្បែរ​ខាង​ ពី​សំណាក់រុស្ស៊ី គឺ​ប្រកាស​នៅតាមប្រព័ន្ធ​​បណ្តាញ​សង្គម​​លេតេក្រាម។ ក្រុម​ហ៊ុន​រុស្ស៊ី Gazprom បាន​សង្កត់​ធ្ងន់ថា ឡេតូនី រំលោភ​លើ​លក្ខខណ្ឌ​បង់​ប្រាក់​ ដែល​រុស្ស៊ី​តម្រូវ​ឲ្យ​ទូទាត់​សាច់​ប្រាក់​ ជា​រូបិយបណ្ណ​​​ជាតិ​រុស្ស៊ី។ ការ​សម្រេ​ចចិត្ត​របស់​ក្រុមហ៊ុនឧស្ម័ន​​រុស្ស៊ី គឺបន្ទាប់ពី​ ឡេតូនី នៅតែ​ចចេះ​រឹង​ថា​ទូទាត់​ជាប្រាក់​អឺរ៉ូ។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ រុស្ស៊ី​បាន​បិទ​ផ្អាក​ផ្ទេរ​លក់​ឧស្ម័ន​ឲ្យ​ប្រទេស​អឺរុប​ជាច្រើន​រួច​មកហើយ តួយ៉ាង ប្រទេស​ ប៉ូឡូញ ប៊ុលហ្ការី ហ្វាំងឡង់ ហូឡង់ និងដាណឺម៉ាក់ ខណៈ​ដែល​ប្រទេសនៅ​អឺរ៉ុប​​ជាច្រើន ​កំពុងតែព្រួយ​ខ្វល់​ចិត្ត​ ក្នុង​ការ​ប្រមូល​ឧស្ម័ន ​ត្រៀម​ទុក​សម្រាប់​រដូវ​រងា ខាងមុខ។

ទោះ​ជា​ម្តេច​ក្តី អនុរដ្ឋលេខាធិការ​​​ ទទួល​បន្ទុក​នយោបាយ​ថាមពល នៃក្រសួង​សេដ្ឋកិច្ច​ឡេតូនី Edijs Saicans បាន​ប្រកាស​ឆ្លើយ​តបវិញភ្លាម​ៗដែរ ថា​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ហ៊ុន​ឧស្ម័ន​រុស្ស៊ី គឺ​អាច​មិន​សូវ​ជា​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរទេ ព្រោះរដ្ឋាភិបា​ល ឡេតូនី ​ក៏បាន​សម្រេច​ចិត្ត​ខ្លួន​ឯង​ដែរ​ថា​នឹង​ឈប់​​ទិញនាំចូល​ឧស្ម័ន​ពី​រុស្ស៊ី​ ចាប់ពី​ដើម​ខែមករា ឆ្នាំ​២០២៣ ឆ្នាំថ្មីទៅ។

ដើម្បី​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​ ប្រទេសសហភាព​អឺរ៉ុបទាំង​២៧ ពីថ្ងៃអង្គារ៍ បាន​នាំគ្នា​យល់​ព្រម​កាត់​បន្ថយ ​និង ​សន្សំ​សំចៃ​​ការ​ប្រើប្រាស់​ឧស្ម័ន​ ឲ្យ​បាន​យ៉ាង​១៥%​ បើ​ធៀប​នឹង​ប្រាំ​ឆ្នាំចុងក្រោយ​។​ បើគិតត្រឹម​ឆ្នាំ​ទៅវិញ ឧស្ម័ន​រុស្ស៊ី តំណាង​ឲ្យ​៤០% នាំការ​នាំចូល​ឧស្ម័ន​របស់​សហភាព​អឺរ៉ុប​។ នាពេល​កន្លងទៅ ប្រទេស​នៅ​បច្ចិមលោក បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី ពិសេស​សំណុំ​រឿង​ថាមពល ដែល​ដចេញពី​សង្គ្រាម​នៅ​អ៊ុយក្រែន។​ ប្រទេស​អឺរ៉ុប​បាន​ចោទរុស្ស៊ី​ថា​យកថាមពល​​ឧស្ម័ន ជា​ចំណាប់​ខ្មាំង និង​ធ្វើ​​ជា​អាវុធ​ សម្រាប់​វាយ​បក​ទ​ល់​​នឹង​សម្ពាធ​របស់​បច្ចិមលោក​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ