អានតួអត្ថបទ
ប៉ូឡូញ-កូរ៉េខាងត្បូង

ប៉ូឡូញ​​​ចុះកិច្ចសន្យា​ទិញ​គ្រឿង​សព្វាវុធ​​កូរ៉េ​ខាងត្បូង ក្នុង​​ទំហំ​​ធំ

កាលពីថ្ងៃពុធ ទី​២៧កក្កដា រដ្ឋាភិបាលប៉ូឡូញបានចុះកិច្ចសន្យាគ្រោង ទិញ​គ្រឿង​សព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ពីកូរ៉េខាងត្បូង។ ទំហំទឹកប្រាក់នៃកិច្ចសន្យានេះ មិនត្រូវបាន​គេបញ្ជាក់​ឲ្យដឹងទេ តែគេដឹងថា មួយផ្នែកធំនៃគ្រឿងសព្វាវុធទាំងនេះ នឹងត្រូវលើកយក​មក​ផលិត​ នៅក្នុងប្រទេសប៉ូឡូញ។​ ការស្ទុះស្ទារប្រញ៉ាប់ទិញគ្រឿងសព្វាវុធពីបរទេស ក្នុងទំហំធំបែបនេះ ត្រូវបាន​រដ្ឋមន្ត្រីការពារជាតិ​ប៉ូឡូញ​អះអាងថា ដោយសារប៉ូឡូញបានឃើញបទពិសោធន៍​ដ៏ជូរចត់របស់អ៊ុយក្រែន​ បន្ទាប់ពីត្រូវរុស្ស៊ីលើកទ័ពចូលទៅឈ្លានពាន។

លោករដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Mariusz Blaszczak ក្នុងពេលទៅមើល​ការតាំងបង្ហាញពីគ្រឿងសព្វាវុធរុស្ស៊ី ដែលកងទ័ពអ៊ុយក្រែនបានវាយកំទេចបាន។ ក្រុងកៀវ ថ្ងៃទី ១២ កក្កដា ២០២២
លោករដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Mariusz Blaszczak ក្នុងពេលទៅមើល​ការតាំងបង្ហាញពីគ្រឿងសព្វាវុធរុស្ស៊ី ដែលកងទ័ពអ៊ុយក្រែនបានវាយកំទេចបាន។ ក្រុងកៀវ ថ្ងៃទី ១២ កក្កដា ២០២២ REUTERS - VALENTYN OGIRENKO
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលប៉ូឡូញ បានចុះកិច្ចសន្យាគ្រោង ជាមួយក្រុមហ៊ុន​ឧស្សាហកម្មសព្វាវុធកូរ៉េខាងត្បូង Korean Aerospace Insdustries ក្រុមហ៊ុន Hyundai ដើម្បីទិញគ្រឿងសព្វាវុធជាច្រើន មានដូចជា រថក្រោះ​K2 ចំនួន​១ពាន់គ្រឿង គ្រាប់កាំភ្លើងធំK9 ចំនួន៦៥០គ្រាប់ ព្រមទាំងយន្តហោះចម្បាំង FA-50 ចំនួន៤៨គ្រឿង។ ថ្លែងទៅកាន់អ្នកកាសែត ក្រោយ​ចប់ពិធីចុះកិច្ចសន្យា នៅទីក្រុង​វ៉ាសូវី លោក Marius Blaszczak រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានអះអាងថា ប៉ូឡូញបានទាញបទពិសោធន៍ ពីអ៊ុយក្រែន ដែលគ្មានអ្វីការពារខ្លួនទប់ទល់ជាមួយការឈ្លានពានរបស់រុស្ស៊ី។ លោក​បានបន្ថែមទៀតថា ពេលវេលាកាន់តែខើចណាស់ហើយ ប៉ូឡូញត្រូវតែប្រញាប់ប្រញាល់ បំពាក់គ្រឿងសព្វាវុធទំនើប ឲ្យ​បានឆាប់បំផុត។

យោងតាមក្រសួងការពារជាតិប៉ូឡូញ យន្តហោះចម្បាំង FA-50 ចំនួន​៣គ្រឿង​ នឹងត្រូវប្រគល់ឲ្យ​នៅរវាងឆ្នាំ​២០២៣ ដើម្បីមកជំនួសបណ្តើៗ នូវយន្តហោះ MiG-29 ដែលប៉ូឡូញមានសល់តាំងតែពីសម័យសូវៀត។ លោកអគ្គនាយក Korean Aerospace Insdustries បានបញ្ជាក់ថា គេនឹងលើកការផលិត​យន្តហោះ FA-50 មកធ្វើនៅប៉ូឡូញ ចាប់​ពីឆ្នាំក្រោយទៅ។ ហើយនៅពេល​ក្រុមហ៊ុន ផលិតគ្រប់ចំនួន​កំណត់​ហើយ គេនឹងពង្រីក​សកម្មភាព​ផលិតកម្ម ឲ្យបានធំទូលាយថែមទៀត នៅក្នុងប្រទេសប៉ូឡូញ។

ចំណែករថក្រោះK2 ចំនួន​១ពាន់គ្រឿង គឺមាន​១៨០គ្រឿងផលិតដោយ​ Hyundai Rotem នៅកូរ៉េខាងត្បូង។ ចំណែក​ជាង៨០០គ្រឿងទៀត នឹងត្រូវលើកមក​ផលិត​នៅប៉ូឡូញ ចាប់ពីឆ្នាំ​២០២៦ទៅ ឲ្យ​ត្រូវតាមស្តង់ដារ ហើយនឹងមានឈ្មោះថ្មីថា K2PL។ ដូចគ្នាដែរ គ្រាប់កាំភ្លើងធំ K9 ចំនួន​៤៨គ្រាប់ នឹង្តរូវប​ប្រគល់ឲ្យ​នៅមុនដំណាច់ឆ្នាំនេះ ខណៈគ្រាប់ជាង​៦០០គ្រាប់ទៀត នឹងត្រូវចាប់ផ្តើម​ប្រគល់ឲ្យ​នៅឆ្នាំ​២០២៤ ហើយចាប់ពីឆ្នាំ​២០២៦ការផលិតនឹងលើកមកធ្វើនៅប៉ូឡូញដែរ។

គួរបញ្ជាក់ថា ប៉ូឡូញគឺជាសមាជិកអង្គការសម្ព័ន្ធមិត្តអូតង់ ហើយ​មានព្រំដែនជាប់​អ៊ុយក្រែន​ និងរុស្ស៊ី។ បន្ទាប់ពី​បានឃើញគ្រោះថ្នាក់ ដែលអ៊ុយក្រែន កំពុងតែឆ្លងកាត់ ប៉ូឡូញបានព្យាយាមពន្លឿនការ​ទិញគ្រឿងសព្វាវុធទុកការពារខ្លួន។ ក្រៅពីគ្រឿងសព្វាវុធផលិតដោយ​ក្រុមហ៊ុន​ឧស្សាហកម្មកូរ៉េខាងត្បូងទាំងនេះ ប៉ូឡូញបានបញ្ជាទិញផងដែរ នូវឧត្ថម្ភាគច្រកយោធា AW149 ចំនួន៣២គ្រឿង ផលិត​ដោយ​ក្រុមហ៊ុន​អ៊ីតាលី Leonardo និង​រថក្រោះ​​អាមេរិក Abrams ចំនួន​៣៣៦គ្រឿង ព្រមទាំងប្រព័ន្ធបាញ់មីស៊ីល CAMM iLauncher ផលិតដោយក្រុមហ៊ុនអឺរ៉ុប MBDA៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ