អានតួអត្ថបទ

សមាគម​ជន​រងគ្រោះ​ ​ធូរស្រាល​ចិត្ត​និង​មាន​មោទនភាព​ចំពោះ​សវនាការ​កាត់ក្តី​សំណុំ​រឿង​ភេរវកម្ម​​ថ្ងៃ​១៣​វិច្ឆិកា

ជន​ជាប់​សង្ស័យ​ ទាំង​២០នាក់ ក្នុង​សំណុំរឿងភេរវកម្មថ្ងៃ១៣វិច្ឆិកា២០១៥ គឺត្រូវ​ តុលាការបារាំងផ្នែកប្រឆាំងនឹងបទល្មើសភេរវកម្ម បាន​កាត់​ក្តី​ផ្តន្ទាទោស​គ្រប់​ៗ​គ្នា។   សាឡា អាប់ដេស្លាម (Salah Abdeslam) ដែល​ភេរវជនតែម្នាក់គត់ ​នៅរស់រានមានជីវិត ពី «ព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១៣ ខែវិច្ឆិ​កា» គឺត្រូវ​កាត់ទោស​ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។  ទោស​ជាប់ពន្ធនាគារអស់មួយជីវិត ត្រូវ​ធ្លាក់​លើ មហាម៉េត អាប្រ៊ីនី ( Mohamed Abrini) ម្នាក់ទៀត ដែល​បាន​បដិសេធ​មិនលូកដៃ​នៅក្នុង​ព្រឹត្តិការណ៍​មែន​ តែរូប​គេ​​បាន​ដឹង​រឿង​គម្រោង​ការ​ទាំងអស់ ប៉ុន្តែ​មិនព្រម​ធ្វើ​អ្វី​សោះ​ដើម្បីរារាំង​អំពើ​ភេរវកម្ម។ ជនជាប់​​សង្ស័យនិង​អ្នក​ផ្សំ​គំនិត​ ​១១នាក់ទៀត​ ត្រូវ​ជាប់ឃុំ​ ពី ​២ឆ្នាំ ​ដល់​៣០ឆ្នាំ នៅក្រោយ​ចម្រឹង​ដែក​។​ ចំណែកឯ ជន​សង្ស័យ​ ៣​នាក់ ​ត្រូវតុលាការ​ ​ដោះលែងឲ្យ​មាន​សេរីភាព ពីព្រោះថា មាន​ទោស​ស្រាល​ ដែល​ខ្លះ​មានការ​បន្ធូរបន្ថយ ព្រោះ​ទោស​របស់​គេ​បានត្រូវ​អនុវត្ត​រួ​ចហើយ នា​រយៈ​ពេល​ក្នុង​គុក​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។​ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ សមាគមជនរងគ្រោះ បាន​ធូរស្រាលចិត្តនិងមាន​មោទនភាពចំពោះសវនាការដែល​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ។

លោក Arthur Denouveaux ប្រធាន​សមាគមជនរងគ្រោះ ធូរស្រាលចិត្តនិងមានមោទនភាពចំពោះសវនាការកាត់ក្តីសំណុំរឿងភេរវកម្មថ្ងៃ១៣វិច្ឆិកា។
លោក Arthur Denouveaux ប្រធាន​សមាគមជនរងគ្រោះ ធូរស្រាលចិត្តនិងមានមោទនភាពចំពោះសវនាការកាត់ក្តីសំណុំរឿងភេរវកម្មថ្ងៃ១៣វិច្ឆិកា។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

សូ​ម​ស្តាប់ប្រសាសន៍​របស់​លោក អាក់ទួរ ដឺណូវូ (Arthur Denouveaux) ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ Life for Paris: 

 

«ខ្ញុំ​ទទួ​ល​អារម្មណ៍​ធូរ​ស្រាល​ចិត្ត​ជា​ខ្លាំង ហើយ​និង​មាន​មោទនភាព​យ៉ាង​ច្រើន​ដែរ។ ធូរ​ស្រាល​ចិត្ត ព្រោះតែ​សវនាការកាត់​ក្តី​សំណុំរឿង​ភេរវកម្ម​នេះ បាន​បញ្ចប់ ដ្បិត​ថា សវនាការ​នេះ រឿង​ក្តី​ធំ ហើយ ធូរ​ចិត្ត ក៏​ព្រោះ​ថា ជំហាន​បន្ទាប់​ ជាការ​កសាង​និង​ជួស​ជុល​ផ្លូវ​ចិត្ត​ឡើងវិញ​​​។​  ខ្ញុំ​ថា ខ្ញុំ​មានមោទនភាពដែរ​ ពីព្រោះ​យើង​បាន​បង្ហាញថា ក្នុងនាម​​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី យើង​មាន​កម្លាំង​មាំ​ខ្លាំង។​ យើង​បាន​ទៅ​ផ្តល់​សក្ខីកម្ម  ទៅ​ថ្លែង​ការណ៍​ដោយ​សេចក្តីថ្លៃថ្នូរ ហើយ​យើង​ដឹង​ថា ​សក្ខីកម្ម​របស់​យើង​មាន​សារប្រយោជន៍​សម្រាប់​ដំណើរ​ការកាត់​​ក្តីស្វែង​រក​យុត្តិធម៌។ ទន្ទឹម​នឹង​គ្នានេះ យើងយល់ថា វា​​លំបាក​នឹង​រក​បាន​សាលក្រមដែល​យុត្តិធម៌​ តាម​ចិត្ត​យើង​ចង់​​បាន​ទាំង​ស្រុង​​ណាស់។

ខ្ញុំក៏​​មោទនភាព​ដែរ ចំពោះ​ប្រទេស​បារាំង​របស់ខ្ញុំ ដែល​ បារាំង​ បាន​សម្រេច​កាត់​ក្តី​សំណុំ​រឿង​ភេរវកម្ម​ដ៏ធំសម្បើម​ ឲ្យ​ដំណើរការ​ក្តី​ប្រព្រឹត្តទៅ​តាម​សម្រួល​ ជា​ធម្មតា។​ បារាំង​ហ៊ាននិយាយ ហើយ​ ជន​ជាប់​ចោទ​ខ្លួនឯង​ ក៏​នៅ​ទីបំផុត បាន​បញ្ចេញ​សំឡេង។ រីឯ យើង ក៏​​បាន​យល់​ពីគ្នា​ច្រើន​ជាងមុន​ ដែល​យើង​មិនគិតថា​នឹង​បាន​ដឹង​ទាល់តែ​សោះ។​​ អាស្រ័យ​ហេតុនេះ ពេល​នេះ គឺ​ជា​ពេលវេលា​នៃ​យុត្តិធម៌​ត្រូវ​ឈ្នះ។​

ល្ងាចមិញ បន្ទាប់​ពីការ​ប្រកាស​សាលក្រម​រួច  យើង​ជុំ​គ្នា​ផឹក​អី​មួយ​កែវ។ មិនមែន​ដើម្បី​អបអរ​សប្បាយ​ក្អាកក្អាយទេ​ តែយើង​បាន​ជួប​ជុំ​គ្នាឲ្យ​ធូរ​ស្រាលចិត្ត​នឹង​សវនាការ​ដែល​ត្រូវ​បញ្ចប់ ហើយ​យើង​ជុំ​គ្នា​​សំណេះសំណាលគ្នាផង​។​ ពេល​នោះ គឺមាន​ ពិរុទ្ធជន​បីនាក់ ដែល​តុលាការ​កាត់​ក្តីថា​មាន​ទោស​រួច​ហើយ តែ​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ ក៏​បាន​ទៅ​ចូលរួម​ផឹក​មួយពែង​ដែរ។​ យើង​ជុំគ្នា​ច្រើនភាគី ទាំង​ខាង​ក្រុម​ដើម​បណ្ដឹង​រដ្ឋប្បវេណី ខាង​ក្រុម​ដើមចោទ អយ្យការ និង​ជន​ជាប់ទោសដែល​ទើប​រួច​ខ្លួន​។​ យើង​និយាយ​រក​គ្នាជា​ធម្មតា ហើយ​និង​បាន​និយាយ​គ្នា​ពី​អនាគត​ទៅថ្ងៃមុខ​​ផង​។​

ខ្ញុំ​គិត​ថា សវនាការក្តី​ភេរវកម្ម​នេះ បាន​សបញ្ជាក់​យើង​ច្រើន​ជំពូក​ណាស់។​ យើង​បាន​ឆ្លង​កាត់​ស្ថានការណ៍​លំបាក​ជាច្រើន ហើយ​យើង​បាន​ត្រឡប់​ចេញមកវិញ ជាមួយ​នូវ​ភាព ជា​មនុស្ស​ជាតិ​។ ​យើង​មាន​ការ​យល់​ដឹង​ច្រើន​ជាងមុន អ្វី​ជា​មនុស្ស​ធម៌ និង​ការ​ព្រម​ទទួល​យក។​ ​​ម្យ៉ាង​ទៀត យើង​បាន​យល់​ពីមនុស្ស​ខ្លះ​ដែល​ក្នុង​ពេល​មួយ អាច​ធ្លាក់​ដល់​ដំណាក់​កាល​ប្រព្រឹត្ត​ល្មើស ហើយ​​​ដើរ​ផ្លូវ​មិនល្អ យើងត្រូវ​ផ្តល់​ឱកាស​ឲ្យ​គេ​​​កែប្រែ​ខ្លួន​។  ខ្ញុំ​គិតថា វា​មាន​ន័យ​ខ្លឹម​សារ​ច្រើន​ ដែល​យើង​ឃើញ​ថា ជន​ជាប់​ចោទ ៣នាក់ បាន​រួច​ខ្លួន​ មាន​សេរីភាព​មកវិញ ហើយ​ចូលរួមអង្គុយ​​ជជែក​គ្នា​ជាមួយ​យើង​ពីល្ងាចមិញ​។»​

សូម​ជ្រាបថា ពិរុទ្ធ​ជន សាឡា អាប់ដេស្លាម គឺ​ជា​ ភេរវជន​តែម្នាក់គត់​ ដែលនៅរស់​រាន​មានជីវិត ​​ពី «​ព្រឹត្តិការណ៍​​ភេរវកម្ម ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥» នៅក្នុង​ក្រុង​ប៉ារីស។ នេះ​គឺជាអំពើ​​ភេរវកម្ម​ដ៏​រន្ធត់​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស១៣០នាក់ ​ត្រូវ​បាត់បង់ជីវិត និង ​៣៥០នាក់​រងរបួស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ