អានតួអត្ថបទ
អូតង់-រុស្ស៊ី

ជំនួបកំពូលអូតង់បិទបញ្ចប់ជាមួយការចាត់ទុករុស្ស៊ីជាការគំរាមកំហែងធំចម្បង

អូតង់បិទបញ្ចប់​ជំនួបកំពូលរយៈពេល ២​ថ្ងៃ នៅថ្ងៃ​ព្រហស្បតិ៍នេះ ជាមួយ​ការពង្រីកវិសាលភាព ដោយ​ទទួល​យក​ហ្វាំងឡង់ និងស៊ុយអែតជាសមាជិកថ្មីបន្ថែម។ នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃ​ពុធម្សិលមិញ មេដឹកនាំប្រទេស​សមាជិកអូតង់​បានសន្យាផងដែរ​ថា នឹង​ផ្តល់ជំនួយដល់​អ៊ុយក្រែន ក្នុងរយៈពេល​វែង តាមតែអាច​ធ្វើទៅបាន ដើម្បី​ប្រឈមតទល់​នឹង​អំពើឃោឃៅ​របស់​រុស្ស៊ី។ ពីរដ្ឋធានី​របស់​ប្រទេស​តួកមេនីស្ថាន ជាទីដែលលោកកំពុងធ្វើ​ទស្សនកិច្ច ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​បាន​បរិហាររិះគន់​មហិច្ឆតា​ចក្រពិត្តនិយម​របស់​​សម្ព័ន្ធអាត្លង់ទិក​អូតង់។​

មេដឹកនាំរបស់ប្រទេស​សមាជិក​អូតង់​ទាំង​៣០ប្រទេស​នៅក្នុងជំនួបកំពូលអូតង់នៅទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ កាលពីថ្ងៃទី ២៩​មិថុនា ២០២២
មេដឹកនាំរបស់ប្រទេស​សមាជិក​អូតង់​ទាំង​៣០ប្រទេស​នៅក្នុងជំនួបកំពូលអូតង់នៅទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ កាលពីថ្ងៃទី ២៩​មិថុនា ២០២២ © ©Stefan Rousseau/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

មានចំណុចសំខាន់មួយចំនួនដែល​គេត្រូវចងចាំ​ពី​ជំនួបកំពូល​ពិសេស​របស់​អូតង់ នៅប្រទេស​អេស្ប៉ាញ​ដែលត្រូវ​បិទបញ្ចប់​នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ទី១ អូតង់បាន​ប្រកាសជាផ្លូវការ​​ទទួល​យក​ហ្វាំងឡង់ និង​ស៊ុយអែត ជាសមាជិក​ថ្មីបន្ថែម ដែលនឹង​ធ្វើ​ឲ្យសមាជិក​សរុប​របស់​អង្គការ​សម្ព័ន្ធអាត្លង់ទិក កើនឡើង​ដល់​ចំនួន៣២ប្រទេស។ ទី ២ អូតង់​បាន​សើរើ​គោលយុទ្ធសាស្រ្តរបស់ខ្លួន​ឡើងវិញ ដើម្បី​សម្របខ្លួន​ទៅនឹងបរិបទពិភពលោក​សព្វថ្ងៃ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដែលកំពុងកើតមានសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ ទៅតាម​គោលយុទ្ធសាស្រ្តថ្មី​ដែល​មេដឹកនាំរបស់​​ប្រទេស​សមាជិក​​អូតង់​បាន​បោះឆ្នោត​អនុម័ត​កាលពីថ្ងៃ​ពុធម្សិលមិញ អូតង់បាន​សម្រេច​ផ្លាស់ប្តូរ​ប្រទេស​រុស្ស៊ី ពី​ប្រទេស​ដៃគូ មកជា​ប្រទេស​គំរាមកំហែង​ចម្បង និងផ្ទាល់ ​សម្រាប់​សន្តិសុខ​របស់​រដ្ឋសមាជិកអូតង់។ ក្រៅពី​រុស្ស៊ី អូតង់​បានដាក់​បញ្ចូល​ចិន ជា​លើកទី១ ​ទៅក្នុងគោលយុទ្ធសាស្រ្តរបស់ខ្លួន ដោយបាន​ចាត់ទុក​មហិច្ឆតា​របស់​ចិន​ថា ជា​ការប្រឈម​សម្រាប់ផលប្រយោជន៍ ​សន្តិសុខ និង​តម្លៃ​​របស់​ប្រទេសសមាជិកអូតង់។ សម្រាប់​អូតង់ ចិន​មិនមែនជា​គូប្រជែង ប៉ុន្តែ គេក៏​មិនអាច​មើលរំលងពីផលប៉ះពាល់ទៅលើ​សន្តិសុខ​របស់​អូតង់ បើសិនគេ​មើល​ទៅលើ​ការវិនិយោគ​កាន់តែ​ធំសម្បើម​របស់​ចិន​ទៅលើ​វិស័យកងទ័ព និង​ការប៉ុនប៉ង​របស់​ចិន ដើម្បី​គ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស បណ្តាញ​អ៊ីនធ័រនែត 5G។

ទី៣ ដើម្បីបង្ហាញ​ឯកភាពគ្នា​ជាធ្លុងមួយ ប្រទេស​សមាជិក​អូតង់​ទាំង​៣០​បាន​យល់ព្រមបង្កើនចំនួន​កងទ័ព​ដល់​៣សែននាក់ សម្រាប់​ពង្រឹងវត្តមានទ័ព​អូតង់​នៅតាម​ប្រទេសសមាជិក​ដែល​ស្ថិតនៅ​​ភាគខាងកើតអឺរ៉ុប​ ពោល​គឺ​ទៅក្បែរ​ព្រំដែនប្រទេស​រុស្ស៊ី។

ចំណុច​ទី​៤​ដែលអូតង់​បាន​សម្រេច​ព្រមព្រៀង​គ្នា​កាលពីថ្ងៃ​ម្សិលមិញ គឺផែនការជំនួយថ្មីសម្រាប់​ជួយ​អ៊ុយក្រែន ដូចជា​ការផ្តល់​សព្វាវុធ ហើយនិង​ការពង្រឹង​សមត្ថភាព​ការពារ​របស់​អ៊ុយក្រែន ដើម្បីប្រឆាំង​នឹងការវាយប្រហារ​ព័ត៌មានវិទ្យា។ ​​នៅក្នុងសេចក្តីថ្លែងការណ៍រួម​ អូតង់ចោទប្រកាន់រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​អំពើឃោឃៅ​ គួរឲ្យរន្ធត់​ដែលបាន​ធ្វើ​ឲ្យមនុស្សឈឺចាប់ដ៏ធំធេង និងការផ្លាស់ទីដ៏ច្រើន​សន្ធឹកសន្ធាប់។ សម្រាប់អូតង់ រុស្ស៊ី​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​គ្រោះមហន្តរាយ​មនុស្សជាតិ​នៅ​អ៊ុយក្រែន។

អូតង់​​បាន​សន្យាផងដែរថា នឹងផ្តល់ជំនួយ​ដល់​អ៊ុយក្រែន​ ក្នុង​រយៈពេល​វែងបើចាំបាច់​។ ដោយលើកឡើង​ពីកាតព្វកិច្ច​សីលធម៌ និង​នយោបាយ​របស់​អូតង់ ​អគ្គលេខាធិការអូតង់ បាន​និយាយ​ថា អ៊ុយក្រែនអាច​ជឿទុកចិត្ត​លើ​ជំនួយ​របស់​អូតង់។ នៅថ្ងៃម្សិលមិញ អង់គ្លេស​ជាសមាជិក​សំខាន់​មួយ​របស់​អូតង់​បាន​ប្រកាស​ផ្តល់ជំនួយយោធាបន្ថែម​ដល់​អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់​ជាង ១ពាន់លាន​អឺរ៉ូ (១ពាន់លាន​ផោន) ដែលក្នុងនោះមាន​ប្រព័ន្ធការពារ​ដែនអាកាស និង​យន្តហោះដ្រូន។

ប្រតិកម្ម​ទៅនឹង​ជំហរ​រួម​របស់អូតង់ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរ​ពូទីន​ដែលកំពុងធ្វើ​ទស្សនកិច្ច​នៅប្រទេស​តួកមេនីស្ថាន បាន​និយាយ (​នៅក្នុងសន្និសីទកាសែត)បរិហារ​មហិច្ឆតា​ចក្រពត្តិនិយម​របស់​សម្ព័ន្ធអូតង់។ សម្រាប់​ប្រធានាធិបតី​រុស្ស៊ី មេដឹកនាំ​របស់ប្រទេស​នាំមុខគេ​នៅអូតង់​ចង់បញ្ជាក់​ពី​អនុត្តរភាពរបស់ពួកគេ។ “ការអំពាវនាវរបស់អូតង់​ឲ្យ​អ៊ុយក្រែន​នៅតែបន្តប្រយុទ្ធ និង​បដិសេធ​មិន​ចរចា បានបញ្ជាក់​សម្មតិកម្ម​របស់រុស្ស៊ី​ដែលថា អ៊ុយក្រែន និង​ប្រជាជន​អ៊ុយក្រែន​មិនមែន​ជា​គោលដៅ​របស់​ប្រទេស​លោកខាងលិច និងអូតង់ ប៉ុន្តែ វា​ជា​មធ្យោបាយ​សម្រាប់​ការពារ​ផលប្រយោជន៍​របស់អូតង់”។ នេះជាការវាយតម្លៃរបស់ប្រធានាធិបតីរុស្ស៊ី៕  ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ