អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

G7ចាត់ទុក​​ការ​បាញ់​មីស៊ីល​​កម្ទេច​ផ្សារទំនើប​​នៅ​អ៊ុយក្រែន​របស់​រុស្ស៊ី ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម

ជំនួប​កំពូល​ក្រុមប្រទេស G7 មិនទាន់ទាំងចប់ស្រួលបួល​ផង រុស្ស៊ីបាន​បាញ់ប្លោងមីស៊ីលមកភាគកណ្ដាល​អ៊ុយក្រែន ចំទីតាំង​​ផ្សារទំនើប​មួយ​កន្លែង ​កាលពី​ល្ងាចថ្ងៃចន្ទ​ទី ​២៧មិថុនា។  គិតមកត្រឹមពេលនេះ​ មានស្លាប់​មនុស្សប្រមាណ​ ​១៨នាក់ និងរបួសប្រមាណ៥៩នាក់ផ្សេងទៀត ដែលសុទ្ធតែជាប្រជាជនស៊ីវីល។​ ក្រុម​ប្រទេស​ G7 បានប្រកាសថ្កោលទោសថា ការវាយ​ប្រហារ​មកលើទីតាំងផ្សារ ដែលជាទី​តាំងស៊ីវីលនេះ គឺអាចចាត់ទុកបាន​ថា​ជា ឧក្រិដ្ឋកម្មសង្គ្រាម​យ៉ាងច្បាស់ណាស់ ហើយដែល​លោកពូទីន ត្រូវតែទទួលខុសត្រូវ។​

ក្រុមសង្គ្រោះ​កំពុងតែព្យាយាម​កកាយ​បំណែកអាគារ ដើម្បី​រំដោះអ្នករបួស ចេញពី​គំនរបាក់បែក បន្ទាប់ពីផ្សារទំនើបនេះ ត្រូវរង​គ្រាប់មីស៊ីលរបស់រុស្ស៊ី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៧មិថុនា។  ក្រុង Krementchouk ថ្ងៃទី​២៧ មិថុនា ២០២២
ក្រុមសង្គ្រោះ​កំពុងតែព្យាយាម​កកាយ​បំណែកអាគារ ដើម្បី​រំដោះអ្នករបួស ចេញពី​គំនរបាក់បែក បន្ទាប់ពីផ្សារទំនើបនេះ ត្រូវរង​គ្រាប់មីស៊ីលរបស់រុស្ស៊ី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៧មិថុនា។ ក្រុង Krementchouk ថ្ងៃទី​២៧ មិថុនា ២០២២ AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

ក្រុមសង្គ្រោះបានធ្វើការយ៉ាងសស្រាក់សស្រាំង ពេញមួយយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ដើម្បីកកាយបំណែក​ថ្មអាគារ ដែល​បាន​បាក់រំលំ និងស្វែងរកមនុស្ស ដែលជាប់ក្នុងគំនរបាក់បែកទាំងនោះ។ យោងតាម​កងទ័ពអាកាស​អ៊ុយក្រែន រុស្ស៊ីបាន​ប្រើគ្រាប់​មីស៊ីល ប្រភេទបាញ់កំទេចនាវា ឈ្មោះ Kh-22 បាញ់ចេញពីតំបន់ Koursk ក្នុងទឹកដីរុស្ស៊ី សំដៅ​មកលើផ្សារទំនើប ក្នុង​ក្រុងKrementchouk ដែលស្ថិតនៅចំងាយ​ប៉ុន្មាន ៣៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីកៀវ។​

នៅរសៀលថ្ងៃចន្ទម្សិលមិញដែរ កងទ័ពរុស្ស៊ីបានបាញ់​ប្លោងគ្រាប់ ទៅលើហ្វូងប្រជាជន​ស៊ីវីល ដែលកំពុងតែ​ជុំគ្នា​ទទួលចំណែក​ទឹក​ស្អាត ពី​ស៊ីទែន នៅទីក្រុង​ Lyssytchansk។ យ៉ាងហោចណាស់ មាន​មនុស្សស្លាប់​៨នាក់ ក្នុងហេតុការណ៍នេះ​។​

លោកវ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងចាត់ទុក ការបាញ់គ្រាប់មីស៊ីលមក​លើទីតាំងផ្សារ​ ដែលមានសុទ្ធតែប្រជាជនសាមញ្ញនេះ ថាគឺអំពើព្រៃផ្សៃយង់ឃ្នងរបស់កងទ័ពរុស្ស៊ី។ កងទ័ពរុស្ស៊ីវាយប្រហារ ដោយ​គ្មាន​ការពិចារណា សូម្បីតែទីតាំង​ផ្សារលក់ទំនិញ ដែលមានតែប្រជាជនស៊ីវីល ស្ត្រី និង​កុមារ។

ដូចគ្នាដែរ ថ្នាក់ដឹកនាំក្រុមប្រទេស G7 ដែលកំពុងតែជួបប្រជុំគ្នានៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បានថ្លែងការ​ថ្កោលទោស​ ចំពោះអំពើនេះ។ G7 ចាត់ទុកថា ការវាយ​ប្រហារដោយ​ឥតរើសមុខ មកលើទីតាំងប្រជាជនស៊ីវីល គឺវាជាឧក្រិដ្ឋកម្មសង្គ្រាម។ លោក​ប្រធានាធិបតី​ម៉ាក្រុង បានបន្ថែមថា ប្រជាជនរុស្ស៊ីត្រូវតែបើកភ្នែក​ មើលការពិត ចំពោះ​ទង្វើដ៏​ព្រៃផ្សៃរបស់កងទ័ពរុស្ស៊ីនៅពេលនេះ។ លោកបូរីស ចនសុន វិញអះអាងថា ទង្វើរបស់រុស្ស៊ី​នេះ វានឹងរុញក្រុមសម្ព័ន្ធមិត្តលោកខាងលិច ឲ្យ​ពង្រឹងពួតដៃគ្នាកាន់តែរឹងមាំ ដើម្បីជួយ​អ៊ុយក្រែន​។​

យ៉ាងណាមិញ ការបាញ់ប្លោងគ្រាប់ផ្ទួនៗ របស់កងទ័ពរុស្ស៊ី មកលើទីតាំង​ប្រជាជនស៊ីវិលអ៊ុយក្រែននេះ គឺជាកម្មវត្ថុនៃការប្រជុំបន្ទាន់មួយ នៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ លោក Stephane Dujarric អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ បានរំលឹកថា គ្រប់ភាគីជម្លោះត្រូវតែគោរពច្បាប់អន្តរជាតិ ដែល​កំណត់ថាត្រូវតែ​ការពារប្រជាជនស្លូតត្រង់ និង​ហេដ្ឋារចនាសម្ព័ន្ធស៊ីវីល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ