អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-កាណាដា-រុស្ស៊ី

លោក​ទ្រុយដូថា លោក​ពូទីន គឺជា​អ្នក​ទទួល​ខុសត្រូវ​ លើ​​អំពើ​ឧក្រិដ្ឋកម្ម​​សង្គ្រាម​​នៅ​អ៊ុយក្រែន

លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ បានធ្វើដំណើរទៅដល់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ​ ទី ៨ឧសភា។​ នៅទីក្រុ​ងគីវ លោក​ យូស្តាំង ទ្រុយដូ បានថ្លែងថា លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន គឺជាអ្នកទទួល​ខុសត្រូវ លើ​អំពើឧក្រិដ្ឋកម្មសង្គ្រាម ដ៏ព្រៃផ្សៃយង់ឃ្នង ដែលបាន​កើតឡើងនៅអ៊ុយក្រែន​។ លោកទ្រុយដូ បានថ្លែងដូចនេះ បន្ទាប់ពីលោក​បានធ្វើដំណើរទៅ កាន់ក្រុងអៀរពីន ជាយ​រដ្ឋធានីគាវ ជាទីដែល​អ៊ុយក្រែន បានចោទថាកងទ័ពរុស្ស៊ី បាន​សម្លាប់ប្រជាជនស៊ីវីលអ៊ុយក្រែន ដោយ​ឥតរើសមុខ។

លោកនាយករដ្ឋមន្ត្រីកាណាដា អមដំណើរដោយ​លោកអភិបាលទីក្រុងអៀរពីន កំពុងចុះទៅពិនិត្យស្ថានភាពខូចខាត នៅក្រុងអៀរពីន ជាយទីក្រុងគីវ ថ្ងៃទី ៨ ឧសភា ២០២២
លោកនាយករដ្ឋមន្ត្រីកាណាដា អមដំណើរដោយ​លោកអភិបាលទីក្រុងអៀរពីន កំពុងចុះទៅពិនិត្យស្ថានភាពខូចខាត នៅក្រុងអៀរពីន ជាយទីក្រុងគីវ ថ្ងៃទី ៨ ឧសភា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានចូលរួម​ប្រជុំ​ G7 តាមប្រព័ន្ធវីដេអូខុសហ្វឺរិនស៍ លោកនាយក​រដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយ​ដូ បាន​ធ្វើសន្និសីទកាសែតរួមគ្នា នៅរដ្ឋធានីគីវជាមួយ​លោក វ្លូឌីមៀរ ហ្សេឡិនស្គី។ នៅពេលព្រឹក​ថ្ងៃអាទិត្យ​ទី ៨ឧសភា លោកនាយករដ្ឋមន្ត្រីកាណាដា បានធ្វើដំណើរទៅដល់ទីក្រុង អៀរពីន Irpin ដើម្បី​ពិនិត្យ​ស្ថានភាពខូចខាត ព្រមទាំង​ទីតាំងសោកនាដកម្ម ដែល​ប្រជាជនអ៊ុយក្រែនជាច្រើននាក់ ត្រូវបាន​កងទ័ពរុស្ស៊ីសម្លាប់រង្គាល។

នៅចំពោះមុខអ្នកកាសែត លោក យូស្តាំង ទ្រុយដូ បានថ្លែងថា "វាច្បាស់ណាស់ ដែលអ្នកទទួលខុសត្រូវចំពោះអំពើ​ឧក្រិដ្ឋកម្មសង្គ្រាម ដ៏សាហាវយង់ឃ្នងទាំងនេះ គឺគ្មាននរណាក្រៅពីលោកពូទីនទេ"។ លោកទ្រុយដូរបានបន្ថែមថា "លោកគឺជាសាក្សីម្នាក់ នៅចំពោះមុខ​ភាពព្រៃផ្សៃ សាហាវឥតត្រាប្រណី ​នៃសង្គ្រាម​ដ៏ខុសច្បាស់ដែលរុស្ស៊ីបានធ្វើមកលើអ៊ុយក្រែន ហើយ​លោករំពឹងថា លោកពូទីន ត្រូវ​តែ​ទទួលទោសកំហុស"។

គួរបញ្ជាក់ថា ដំណើរទៅ​ដល់​របស់​លោក​នាយករដ្ឋមន្ត្រី​កាណាដានៅអ៊ុយក្រែន គឺមិនត្រូវបានគេប្រកាសឲ្យដ​ឹងមុនឡើយ។ នៅលើទំព័រ Telegram លោក Oleksandre Markouchine អភិបាល​ក្រុងអៀរពីន បានសរសេរថា លោកយូស្តាំង ទ្រុយដូ មានបំណងធ្វើដំណើរមកកាន់ក្រុងអៀរពីន ដើម្បី​ឲ្យ​បានឃើញ​ផ្ទាល់ភ្នែក នូវ​អំពើ​ព្រៃផ្សៃដែលកងទ័ពរុស្ស៊ីបានធ្វើ​។

គួររំលឹកដែរថា អៀរពីន ទីក្រុងមួយស្ថិតនៅភាគពាយ័ព្យរដ្ឋធានីកៀវ ក៏មិនខុសពី​ទីក្រុង​ប៊ូតឆាដែរ ពោលគឺត្រូវបានកងទ័ពរុស្ស៊ីវាយ​ដណ្តើម និងគ្រប់គ្រងអស់រយៈពេលពេញមួយខែមីនា។ ក្រោយការចាកចេញទៅវិញរបស់​កងទ័ពរុស្ស៊ី នៅដើមខែមេសា គេបានប្រទះឃើញសាកសពមនុស្ស​ជាច្រើនរយនាក់ នៅទីនោះ ដោយ​ខ្លះស្លាប់ទាំងដៃជាប់ចំណង ភ្នែកត្រូវគេចង សាកសពរាយប៉ាយនៅតាមផ្លូវ តាមរបងផ្ទះជាដើម។​ ថ្មីៗនេះ លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានធ្វើដំណើរ ទៅដល់ប៊ូតឆា អៀរពីន និ​ងគីវដែរ។​

នៅរដ្ឋធានីគីវ លោក​យូស្តាំង ទ្រុយដូ អមដំណើរដោយ​លោកស្រីឧបនាយករដ្ឋមន្ត្រីកាណាដា និង​លោកស្រីរដ្ឋមន្ត្រីការបរទេសកាណាដា បានរួម​គ្នាបង្ហូតទង់ជាតិកាណាដា នៅខាងមុខស្ថានទូតកាណាដា ដើម្បីជានិម្មិតរូបនៃការ​ចាប់ផ្តើមដំណើរ​ការ​ការងាររបស់ស្ថានទូតឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ