អានតួអត្ថបទ
អាល្លឺម៉ង់-បាតុកម្មប្រឆាំងការរើសអើងរុស្ស៊ី

អាល្លឺម៉ងបារម្ភខ្លាចជម្លោះរវាង​ជនជាតិអ៊ុយក្រែន និង​រុស្ស៊ីហៀរហូរចូល​ទឹកដីខ្លួន

ចំនួនបាតុកម្មគាំទ្រ​រុស្ស៊ីបានកើនឡើង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ​នៅប្រទេស​អាល្លឺម៉ង់។ នៅថ្ងៃអាទិត្យ មនុស្ស​ប្រមាណ​៨០០នាក់​បាន​ធ្វើបាតុកម្ម​នៅ​ហ្រ្វង់ហ្វត ទីក្រុងហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ ដើម្បី​ទាមទារ​ឲ្យឈប់មាន​សកម្មភាពរើសអើង​ទៅលើ​អ្នកនិយាយភាសា​រុស្ស៊ី នៅប្រទេស​អាល្លឺម៉ង់។ បាតុកម្ម​របស់​អ្នកនិយាយភាសា​រុស្ស៊ី​ត្រូវ​ពើបប្រទះ​នឹង​បាតុកម្ម​គាំទ្រ​អ៊ុយក្រែន ដែលមានអ្នកចូលរួមប្រមាណ ២៥០០នាក់ គឺ​ច្រើនជាង ចំនួន​បាតុករគាំទ្រ​រុស្ស៊ី ដល់​ទៅ ៣ដង។

បាតុករ​គាំទ្រអ្នកនិយាយរុស្ស៊ី កាន់​បដាសរសេរ​អក្សរថា ឈប់ស្អប់ជនជាតិរុស្ស៊ី។ បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ជនជាតិរុស្ស៊ី រៀបចំឡើង​នៅទីក្រុង​Frankfurt ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី ១០មេសា ២០២២
បាតុករ​គាំទ្រអ្នកនិយាយរុស្ស៊ី កាន់​បដាសរសេរ​អក្សរថា ឈប់ស្អប់ជនជាតិរុស្ស៊ី។ បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ជនជាតិរុស្ស៊ី រៀបចំឡើង​នៅទីក្រុង​Frankfurt ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី ១០មេសា ២០២២ AP - Boris Roessler
ផ្សាយពាណិជ្ជកម្ម

ហាងទំនិញរុស្ស៊ី​ប្រឡាក់ប្រតេកប្រតាក​ដោយថ្នាំពណ៌ ចំណែក​អ្នកនិយាយភាសា​រុស្ស៊ីត្រូវ​គេជេរប្រទេចផ្តាសា​នៅតាមផ្លូវ។ ករណីរើសអើង រុកកួន​សហគមន៍​រុស្ស៊ី បានកើនឡើង​កាន់តែច្រើន​នៅអាល្លឺម៉ង់ គិត​ចាប់តាំង​ពីរុស្ស៊ី​ចូលធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។

តាម​របាយការណ៍​ផ្លូវការ​របស់​ប៉ូលិស​អាល្លឺម៉ង់ នៅក្នុង​រយៈពេល​ជាង​១ខែ​ដែល​សង្រ្គាមអ៊ុយក្រែន​ផ្ទុះឡើង គេកត់ត្រាឃើញ​មាន​បទល្មើស​ប្រឆាំង​រុស្ស៊ី ចំនួន ៣៨៣ នៅ​ប្រទេស​អាល្លឺម៉ង់។ ប៉ូលិសអាល្លឺម៉ង់​បាន​រកឃើញផងដែរ​មាន​បទល្មើសប្រឆាំង ​ជនជាតិអ៊ុយក្រែន ចំនួន ១៨១​បទល្មើស។

នៅ​អាល្លឺម៉ង់ មាន​ប្រជាជន​ដើមកំណើត​រុស្ស៊ី ប្រមាណ ១,២លាននាក់ ចំណែកជនជាតិ​អ៊ុយក្រែន មាន​ចំនួន​តែ​ជាង ៣សែននាក់​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​មួយខែមកនេះ អាល្លឺម៉ង់បាន​ទទួល​បន្ថែមទៀត​នូវ​ជនភៀសខ្លួន​អ៊ុយក្រែន ជាង​៣សែននាក់ ដែលរត់គេច​ចេញពី​សង្រ្គាមឈ្លានពានរបស់​រុស្ស៊ី នៅអ៊ុយក្រែន។

តាម​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃអាល្លឺម៉ង់​ អាជ្ញាធរផ្នែកសន្តិសុខ​នឹង​តាមដាន​មើល​ឲ្យល្អិតល្អន់​បំផុត​ដើម្បី​ដឹង​ថា តើជនជាតិ​រុស្ស៊ី និង​ជនជាតិ​អ៊ុយក្រែន ដែលរស់នៅ​ប្រទេស​អាល្លឺម៉ង់ អាច​ប្រឈមនឹង​គ្រោះថ្នាក់​ដល់​កម្រិតណា។ សម្រាប់​រដ្ឋមន្រ្តីអាល្លឺម៉ង់ លោកស្រី Nancy Faeser អាជ្ញាធរអាល្លឺម៉ង់​ត្រូវតាមមើលរឿងនេះ ​ដោយ​ប្រយ័ត្នប្រយែងបំផុត ដើម្បី​ធ្វើ​យ៉ាងណា ការពារ​កុំ​ឲ្យ​ជម្លោះរុស្ស៊ី អ៊ុយក្រែន អាច​ហូរចូល​មក​ដល់​ទឹកដី​អាល្លឺម៉ង់។

នៅថ្ងៃអាទិត្យ ប៉ូលិស​នៅទីក្រុង​ហ្វ្រង់ហ្វត បាន​ដាក់រនាំង ខណ្ឌ ដើម្បី បង្កា​កុំ​ឲ្យ​ក្បួន​ដង្ហែរ​របស់​ក្រុមបាតុករ​គាំទ្រ​រុស្ស៊ី និង​ក្រុមបាតុករ​គាំទ្រ​អ៊ុយក្រែន អាច​ជល់​ប៉ះ​ទង្គិចគ្នា។ ក្រៅពី​ទីក្រុង​ហ្វ្រង់ហ្វត បាតុកម្ម​របស់​អ្នកគាំទ្រ​រុស្ស៊ី ត្រូវបានរៀបចំ​នៅតាម​ទីក្រុងតូចៗ​៣ផ្សេងទៀត​របស់​អាល្លឺម៉ង់ ដែលនៅក្នុងនោះ បាតុករ​បាន​លើក​បដា​ថ្កោលទោស​ការរើសអើង ស្អប់ ប្រឆាំង​អ្នកនិយាយ​ភាសា​រុស្ស៊ី នៅអាល្លឺម៉ង់។

បាតុកម្ម​គាំទ្រ​រុស្ស៊ី ធ្វើឡើង​ក្នុងហេតុផល​ប្រឆាំងតវ៉ា​សកម្មភាពរើសអើង ប្រកាន់ពូជសាសន៍​ទៅលើ​អ្នកនិយាយ​រុស្ស៊ី នៅ​អាល្លឺម៉ង់។ ប៉ុន្តែ អ្នកស្រាវជ្រាវ​ម្នាក់​នៅសកលវិទ្យាល័យ Otto von Guericke នៅ Magdebourg វិភាគថា នៅក្នុង​ចំណោម​បាតុករ​ដែល​ចូលរួម​ក្នុងបាតុកម្ម​គាំទ្រ​រុស្ស៊ី គឺប្រាកដណាស់ មានអ្នកគាំទ្រ​លោកពូទីន ​និង​មួយចំនួនផ្សេងទៀត ជាអ្នកដែល​មិនចូលចិត្ត​លោកពូទីន ប៉ុន្តែ ពួកគេចង់​ ការពារ​កុំ​ឲ្យ​រុស្ស៊ីខូចមុខមាត់ខ្លាំង បើទោះបី​រុស្ស៊ីធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែនក្តី។

នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​ចៅហ្វាយក្រុង​ប៊ែរឡាំង ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​បាននិយាយ​រិះគន់អាជ្ញាធរ​អាល្លឺម៉ង់​ដែលបានបើកភ្លើងខៀវ អនុញ្ញាត​ឲ្យមាន​ក្បួនដង្ហែរ​ដ៏គួរឲ្យខ្មាស់អៀន​យ៉ាងដូច្នេះ។

ចៅហ្វាយក្រុង​ប៊ែរឡាំងវិញ បាន​ឆ្លើយតបទៅវិញថា លោកស្រី​យល់ពីកំហឹងឈឺចាប់​របស់អ៊ុយក្រែន ប៉ុន្តែ អាល្លឺម៉ង់​មិនអាច​ហាមឃាត់​បាតុកម្មលើកទង់ជាតិ​រុស្ស៊ីនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ