អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-ប៉ូឡូញ

សហរដ្ឋ​អាមេរិកប្រកាស​​លក់​រថក្រោះ​២៥០​គ្រឿង​ទៅ​ឱ្យ​ប៉ូឡូញ

នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅក្រុង​វ៉ាសូវី ​ប្រទេស​ប៉ូឡូញ រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន បាន​ប្រកាសព្រមព្រៀង​លក់​រថក្រោះ​ចំនួន​២៥០​គ្រឿង​ទៅឱ្យ​​​ប៉ូឡូញ។ ជា​ប្រទេស​ជាប់​របង​ជាមួយ​នឹង​អ៊ុយក្រែន​ ប៉ូឡូញ​ជា​សម្ព័ន្ធ​មិត្ត​គន្លឹះ​ដែល​សហរដ្ឋ​អាមេរិក​បានបង្កើន​ការ​គាំទ្រ​យោធា​កាន់​តែ​ខ្លាំង​ឡើងៗ​ តាំង​ពី​​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ​។

រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក លោក  Lloyd Austin និង​សមភាគី​ប៉ូឡូញ លោក Mariusz Blaszczak ក្រុង​វ៉ាសូវី ថ្ងៃទី ១៨​កុម្ភៈ​២០២២
រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក លោក Lloyd Austin និង​សមភាគី​ប៉ូឡូញ លោក Mariusz Blaszczak ក្រុង​វ៉ាសូវី ថ្ងៃទី ១៨​កុម្ភៈ​២០២២ JANEK SKARZYNSKI AFP
ផ្សាយពាណិជ្ជកម្ម

គម្រោង​លក់​អាវុធ​របស់​អាមេរិកនេះ​​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​សិន។ ប៉ុន្តែ​ នេះ​“ជាកិច្ចសន្យា​ទិញ-លក់​អាវុធ​ដ៏​ចម្បង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​យោធា​​ប៉ូឡូញ និង​ជា​ដំណឹង​ដ៏​សំខាន់​សម្រាប់​សន្តិសុខ​ជាតិ” នេះ​ជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៉ូឡូញ នៅពេលបាន​​ឮ​សមភាគី​អាមេរិក​ប្រកាស​គម្រោង​លក់​រថក្រោះ​ប្រភេទ Abrams ចំនួន​២៥០​គ្រឿង​មក​ឱ្យ​ក្រុង​វ៉ាសូវី។ សម្រាប់​ប៉ូឡូញ នេះ​ជា​ការ​ពង្រឹង​សមត្ថភាព​យោធា​ និងការ​​ការពារ​ជាតិ ដ៏​មហា​សំខាន់​ ព្រោះ​វ៉ាសូវី មាន​ចេតនា​ចង់​មាន​រថក្រោះ​ប្រភេទ​នេះ​តាំង​ពី​រដូវ​ក្តៅ​មុខ​មក​ម្ល៉េះ។

មាន​ព្រំដែន​ជាប់​អ៊ុយក្រែន ប៉ូឡូញ ជា​ប្រទេស​ដែល​ប្រឆាំងនិង​រិះគន់​រុស្ស៊ី​ខ្លាំង​ជាង​គេ​មួយ ហើយ​ត្រូវ​បាន​រុស្ស៊ី​ចាត់​ទុក​ជា​ប្រទេស​ដែល​គំរាមកំហែង​សន្តិសុខ​រុស្ស៊ី​ដ៏​ចម្បង​មួយដែរ។ ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ វ៉ាសូវី បាន​គូសបញ្ជាក់​ហើយ​គូសបញ្ជាក់​ទៀត ជា​ច្រើន​លើក​ច្រើន​សា ជំហរ​សាមគ្គីភាព​ជា​សម្ព័ន្ធមិត្ត​លោក​ខាង​លិច និង​អំពីភាព​ចាំបាច់​ដែល​ត្រូវ​រារាំង​មិន​ឱ្យ​រុស្ស៊ី​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​និងមិន​ឱ្យ​​ផ្ទុះ​សង្គ្រាម​បាន។

ការ​ទាមទារ​របស់​ប៉ូឡូញ សមហេតុផល និង​បាន​ទទួល​ចម្លើយ​តប​ជាវិជ្ជមាន​មក​វិញ​ពី​ខាង​សហរដ្ឋ​អាមេរិក។ វ៉ាស៊ីនតោន​បានថែម​ទាំង​​សម្រេច​បញ្ជូន​កងកម្លាំង​​យោធា​ចំនួន ៤៧០០​នាក់​បន្ថែម​ទៀត​មក​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ។ “លោក​ពូទីន​មិន​ចង់​ឃើញ​មាន​កម្លាំង​ទ័ព​នៅក្បែរ​ព្រំដែន​ខ្លួន​ទេ តែ​នេះ​ហើយ​អូតង់ ! អូតង់​ជា​សម្ព័ន្ធភាព​ដ៏​​ខ្លាំងក្លា” នេះ​ជា​សេចក្តី​ប្រកាស​របស់លោក ឡូយដ៍ អូស្ទីន ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ពី​ទីក្រុង​វ៉ាសូវី កាលពី​ម្សិលមិញ។

តែ​វ៉ាសូវី ក៏ត្រូវ​​ត្រៀម​ខ្លួន​ប្រឈម​នឹង​ផលវិបាក​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​មួយ នោះ​ គឺ​លំហូរ​ចរន្ត​ជនភៀស​ខ្លួន​អ៊ុយក្រែន​ មក​កាន់​ប៉ូឡូញ ប្រសិន​ប្រើ​ភាព​តាន​តឹង​យោធា​មាន​កាន់​តែ​ខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ