អានតួអត្ថបទ

WHO សន្យាចាត់វិធានការសមស្របក្នុងសំណុំរឿងចោទប្រកាន់លើនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មករា អង្គការ​សុខភាព​ពិភពលោក WHO បាន​សន្យា​ចាត់​វិធានការ​សមស្រប​ទៅ​លើ​នាយក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ជា​ជនជាតិ​ជប៉ុន​លោក​តាកឺស្ហ៊ី កាសៃ។ នាយក WHO ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​រូប​នេះ​បាន​រង​ការ​ចោទប្រកាន់​ពី​បទ​ប្រកាន់​ពូជសាសន៍ និង​ទង្វើ​មិន​គប្បី​មួយ​ចំនួន​ទៀត​ទៅ​លើ​ក្រុម​បុគ្គលិក​ក្រោម​ឱវាទ​របស់​ខ្លួន។ តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក​កាសៃ​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​សហការ​នៅ​ក្នុង​គ្រប់​ការ​ស៊ើបអង្កេត។

នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោកតាកឺស្ហ៊ី កាសៃ
នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោកតាកឺស្ហ៊ី កាសៃ AP - Bullit Marquez
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ជុំវិញ​នាយក WHO ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​លោក​តាកឺស្ហ៊ី កាសៃ​ត្រូវ​បាន​ទម្លាយ​ដំបូង​ដោយ​ទីភ្នាក់ងារ AP។ យោង​តាម AP មាន​បុគ្គលិក​ជា​ច្រើន​នាក់​ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​លោក​កាសៃ​បាន​ដាក់​ពាក្យ​បណ្តឹង​ផ្ទៃក្នុង​កាល​ពី​ខែ​តុលា​ឆ្នាំ ២០២១។ ក្រោយ​មក​នៅ​ពាក់​កណ្តាល​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ ពួក​គេ​ក៏​បាន​បញ្ជូន​លិខិត​មួយ​ទៅ​ឲ្យ​ប្រទេស​សមាជិក​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​អង្គការ​សុខភាពពិភពលោក WHO។ នៅ​ក្នុង​លិខិត​នោះ ពួក​គេ​បាន​ចោទ​លោក​តាកឺស្ហ៊ី កាសៃ​ពី​បទ​ជា​អ្នកដឹកនាំ​ផ្តាច់ការ និង​ប្រកាន់​ពូជសាសាន៍ ពី​បទ​ឧស្សាហ៍​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​ផ្ទៃក្នុង​ជាមួយ​ក្រសួង​ការបរទេស​ជប៉ុន ពី​បទ​មិន​ចង់​រិះគន់​ទិតៀន​ចិន ឬ​មួយ​ពី​បទ​ចាយ​វាយ​ខ្ជះខ្ជាយ​លុយ​របស់​ប្រទេស​ផ្តល់​ជំនួយ​ជា​ដើម។

WHO បាន​ត្រឹម​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ឲ្យ AFP ថា ខ្លួន​ពិត​ជា​បាន​ដឹង​រឿង​នេះ និង​សន្យា​ចាត់​វិធានការ​សមស្រប។ តែ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ ចំណែក​លោក​តាកឺស្ហ៊ី កាសៃ​បាន​ថ្លែង​ពី​ការ​ត្រៀមខ្លួន​ចូលរួម​សហការ​យ៉ាង​ពេញលេញ​ជាមួយ​នឹង​នីតិវិធី​ស៊ើបអង្កេត​លើ​បញ្ហាដែល​បាន​លើក​ឡើង ពិសេស​ទាក់ទង​នឹង​រចនាបថ​នៃ​ការ​គ្រប់គ្រង​ដោយ​លោក​សន្យា​ធ្វើ​ការ​ផ្លាស់ប្តូរ។ តែ​លោក​បាន​ច្រានចោល​លើ​ការ​ចោទ​លោក​ក្នុង​រឿង​ប្រកាន់​ពូជសាសន៍។ បន្ទាប់​មក លោក​កាសៃ​ក៏​បាន​បដិសេធ​លើ​ការ​ចោទ​លោក​ទាក់ទង​នឹង​រឿង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ស្តីពី​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជាមួយ​រដ្ឋាភិបាល​ជប៉ុន។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​បារាំង​ក៏​ដូច​អង់គ្លេស​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​តាម​ដាន​រឿងរ៉ាវ​មួយ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ បេសកកម្ម​បារាំង​ប្រចាំ WHO ក្នុង​ក្រុង​ហ្សឺណែវ​បាន​បញ្ជាក់​ប្រាប់ AFP ថា បើ​ការ​ចោទ​ប្រកាន់​លោក​តាកឺស្ហ៊ី កាសៃ​ជា​រឿង​ពិត​មែន នោះ​អគ្គនាយក WHO លោក​ទេដ្រូស​ជា​អ្នក​ចាត់​វិធានការ​ដែល​លោក​យល់​ថា​សមស្រប ហើយ​បើ​ចាំ​បាច់ លោក​ទេដ្រូស​អាច​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សាប្រតិបត្តិ WHO ដើម្បី​បញ្ចប់​តំណែង​លោក​កាសៃ​ជា​យថាហេតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ