អានតួអត្ថបទ

សវនាការ​ជំនុំជម្រះ​ករណី​ភេរវកម្ម​១៣វិច្ឆិកា​ចាប់បើកធ្វើ​នៅ​ប៉ារីស

ជនជាប់ចោទចំនួន ២០នាក់, មេធាវី ៣៣០​នាក់, ដើមបណ្តឹង​រដ្ឋប្បវេណី​ជិត ១៨០០នាក់... សវនាការ ដែល​គេ​ចាត់ទុក​ជា​ប្រវត្តិសាស្រ្តមួយ ចាប់ផ្តើមបើក​ធ្វើ នៅថ្ងៃ​ពុធ ៨កញ្ញា​នេះ ដើម្បី​ជំនុំជម្រះ​លើ​ករណី​​ភេរវកម្ម នៅទីក្រុង​ប៉ារីស កាល​ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥​កន្លងទៅ។

សាលសវនាការ ដែលគេ​រៀបចំឡើង​ជាពិសេស សម្រាប់​ដំណើរការ​កាត់ទោស​ ករណី​ភេរវកម្ម​១៣វិច្ឆិកា នៅ​ក្រុង​ប៉ារីស
សាលសវនាការ ដែលគេ​រៀបចំឡើង​ជាពិសេស សម្រាប់​ដំណើរការ​កាត់ទោស​ ករណី​ភេរវកម្ម​១៣វិច្ឆិកា នៅ​ក្រុង​ប៉ារីស © Thomas Coex, AFP
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម នៅ​យប់ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែល​មាន​ទាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅក្រៅ​កីឡាដ្ឋានជាតិ ការ​ចាប់ចំណាប់ខ្មាំង​ក្នុងសាលប្រគំតន្ត្រីបាតាក់ឡង់ (Batacklan) និង​ការ​បាញ់រះ​នៅ​តាម​ហាងមួយចំនួន ក្នុងនោះ​ក៏​មាន​ទាំង​ភោជនីយដ្ឋានខ្មែរ​ឈ្មោះ Le Petit Cambodge មួយផងដែរ បាន​បណ្តាល​ឲ្យ​មនុស្ស ១៣០នាក់​ត្រូវ​បាត់បង់ជីវិត និង​៣៥០នាក់​រងរបួស។

៦ឆ្នាំ ក្រោយ​ភេរវកម្ម ដំណើរការ​កាត់ទោស​ជនជាប់ចោទ​ ចាប់ផ្តើម​បើក​ធ្វើ​នៅថ្ងៃ​ពុធ​នេះ ក្រោម​ការ​ចាត់វិធានការ​សន្តិសុខ​យ៉ាងតឹងរ៉ឹង ក្នុងបរិបទ​នៃ​ការ​គំរាមកំហែង​ភេរវកម្ម ដែល​នៅតែ​មាន ក៏ដូចជា នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​កូវីដ។ សវនាការ​នេះ​ធ្វើឡើង នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ពិសេស នៅ​ក្នុង​សាលសវនាការ ដែល​ត្រូវ​បាន​សាងសង់ឡើង​ជាពិសេស សម្រាប់​ដំណើរការ​ជំនុំជម្រះ ដែល​គេ​​ចាត់ទុក​ថា​ជា​ប្រវត្តិសាស្ត្រ។

ក្នុងចំណោម​ជនជាប់ចោទ​ទាំង២០នាក់ មានតែម្នាក់ប៉ុណ្ណោះ គឺ សាឡា អាប់ដេស្លាម ដែល​ជាប់សង្ស័យថាស្ថិត​ក្នុងក្រុម​ភេរវជន ដែល​ជាជនដៃដល់។ ចំណែក​ឯក្រៅពីនោះ ជាប់សង្ស័យ​ថា ជា​មេគំនិត ឬ​ជា​អ្នកសមគំនិត។ ភេរវជន​ដែល​ជា​ជនដៃដល់​ផ្សេងទៀត ត្រូវ​បាន​ស្លាប់​ នៅ​ក្នុងហេតុការណ៍​ភេរវកម្ម ដោយខ្លះ​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ហើយ​ខ្លះ​ទៀត ស្លាប់​ក្នុង​ការ​ប្រយុទ្ធតទល់​នឹង​កម្លាំង​ប៉ូលិស។

លោក​ហ្វ្រង់ស័រ ហូឡង់ ដែល​ជា​ប្រធានាធិបតី​បារាំង នៅ​ក្នុង​អំឡុងពេល​មាន​ភេរវកម្ម ហើយ​ដែល​នឹង​ចូលរួម​ក្នុង​សវនាការ​ក្នុងនាម​ជា​សាក្សី បាន​ថ្លែង​ក្នុងបទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ថា ដំណើរការ​កាត់ទោស​នេះ​មាន​សារៈសំខាន់ សម្រាប់​ជា​ប្រវត្តិសាស្រ្​តផង ហើយ​វា​ក៏​សំខាន់​ផងដែរ សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​ចង់ដឹង​លម្អិត អំពី​អ្វី​ដែល​បាន​កើតឡើង។

ដំណើរការ​កាត់ទោស​នេះ​នឹង​ត្រូវ​ធ្វើ​រហូត​ដល់​ចុង​ខែឧសភា ឆ្នាំ២០២២ ពោលគឺ ត្រូវ​​មាន​រយៈ​ពេល​សរុប​រហូត​ដល់​ទៅ​ជិត ៩ខែ ហើយ​ត្រូវ​ថតជាវីដេអូ​ទុក​ជា​ឯកសារ​ប្រវត្តិសាស្រ្ត។

អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​វិញ បានលើកឡើង អំពី​ហានិភ័យ​ផ្នែក​សន្តិសុខ ចំពោះ​ដំណើរការ​កាត់ទោសនេះ។ ហេតុដូច្នេះហើយ​បាន​ជា​នៅ​ជុំវិញ​ទីតាំង​សវនាការ វិធានការ​សន្តិសុខ​ត្រូវ​បាន​គេ​រឹតបន្តឹង​យ៉ាងតឹងតែង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ