អានតួអត្ថបទ
អឺរ៉ុប-ជនចំណាកស្រុកអាហ្វហ្កានីស្ថាន

អាល្លឺម៉ង់​និង​ហូឡង់​ ផ្អាក​ការ​បញ្ជូន​ជន​ចំណាក​ស្រុក​ត្រលប់​ទៅ​អាហ្វ​ហ្កា​នីស្ថាន​វិញ

ប្រទេស​អាល្លឺម៉ង់​ និង​ហូឡង់​ ​ប្រកាស​កាល​ពី​ថ្ងៃពុធ​ ១១​សីហា​ ថា​បាន​ផ្អាក​គម្រោង​បញ្ជូន​ជន​ចំណាក​ស្រុក​ត្រលប់ទៅ​អាហ្វហ្កានីស្ថាន​វិញ​។ ការ​ប្រកាសនេះ​ធ្លាក់មក​ដោយ​ហេតុថា​សន្តិសុខ​នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​កាន់តែធ្លាក់​យ៉ាប់យ៉ឺន​ខ្លាំង​ ហើយ​ក្រុម​តាលីបង់​វិញ​ក៏នៅតែ​សម្រុក​វាយ​ដណ្តើម​កាន់កាប់​ទីតាំង​សំខាន់ៗ​បាន​កាន់តែច្រើន​។

អាល្លឺម៉ង់និងហូឡង់បានប្រកាសកាលពីថ្ងៃពុធ ១១សីហា ឆ្នាំ២០២១ ថាពួកគេបានបញ្ឈប់គម្រោងបញ្ជូនជនចំណាកស្រុកត្រលប់ទៅអាហ្វហ្កានីស្ថានវិញ។
អាល្លឺម៉ង់និងហូឡង់បានប្រកាសកាលពីថ្ងៃពុធ ១១សីហា ឆ្នាំ២០២១ ថាពួកគេបានបញ្ឈប់គម្រោងបញ្ជូនជនចំណាកស្រុកត្រលប់ទៅអាហ្វហ្កានីស្ថានវិញ។ AP - Petros Giannakouris
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​បញ្ឈប់​ការ​បញ្ជូន​ជនចំណាកស្រុក​អាហ្វហ្គានីស្ថាន​ទៅកាន់​ស្រុកកំណើត​ជា​បណ្តោះអាសន្ន​សិន​ ដោយសារ​តែស្ថានភាព​សន្តិសុខ​នៅទីនោះកាន់តែ​ធ្លាក់ដុនដាប​ខ្លាំង​។ នេះ​បើយោង​តាម​ក្រសួង​មហាផ្ទៃអាល្លឺម៉ង់​ប្រាប់​សារព័ត៌មាន​ DW នៅថ្ងៃពុធ ១១ សីហា​។

សេចក្តី​សម្រេច​របស់​អាល្លឺម៉ង់នេះ​ ធ្លាក់មក​ទន្ទឹមគ្នានឹង​ប្រទេស​ហូឡង់​ដែល​បាន​ប្រកាសផ្អាក​ការបញ្ជូន​ជនចំណាកស្រុក​ ត្រលប់​ទៅ​អាហ្វហ្កានីស្ថានវិញ​ រយៈពេល ៦ ខែ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អាល្លឺម៉ង់​ លោក Steve Alter បាននិយាយថា​មាន​ជនជាតិអាហ្វហ្កានីស្ថាន​ចំនួន​ជិត ៣ ម៉ឺននាក់​ កំពុងស្នាក់នៅនិង​ស្វែង​រក​សិទ្ធិជ្រកកោន​ក្នុងប្រទេស​អាល្លឺម៉ង់​។

ពីខាងទីក្រុងឡាអេវិញ​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​និងសន្តិសុខហូឡង់​ លោកស្រី ​អានឃីប្រូកឃើរ-ខ្នុល (Ankie Broekers-Knol) បាន​សរសេរ នៅក្នុង​លិខិតមួយ​ទៅកាន់​សភាហូឡង់​ថា​ ការពន្យារ​នេះនឹងត្រូវអនុវត្តរយៈពេល​ ៦ ខែ​ ហើយនឹង​អនុវត្ត​ចំពោះ​រាល់​ជន​បរទេសដែល​មាន​សញ្ជាតិ​អាហ្វហ្កានីស្ថាន​។

គួរបញ្ជាក់ថា​ សេចក្តីសម្រេចរបស់អាល្លឺម៉ង់​និងហូឡង់​ កាលថ្ងៃពុធ​ម្សិលមិញ​ខុសគ្នាផ្ទុយ​ស្រឡះ​ពី​គោលជំហរ​របស់ពួកគេ​កាលពីមុន​។ ទាំង​អាល្លឺម៉ង់​ និង​ហូឡង់​កាលពី​ថ្ងៃអង្គារ​ ១០ សីហា​ បាន​ចូលរួម​ជាមួយ​ប្រទេស​អឺរ៉ុប៤ ផ្សេង​ទៀត​រួមមាន​ អូទ្រីស​ បែលហ្ស៊ិក​ ដាណឺម៉ាក​ និងក្រិក​ ជំរុញ​ការ​បញ្ជូន​ជនចំណាកស្រុក​អាហ្វហ្កានីស្ថាន​ត្រលប់ទៅស្រុកកំណើតវិញ​ ប្រសិន​បើ​ការស្នើសុំសិទ្ធិជ្រកកោន​របស់ ពួកគេ​ទទួលបរាជ័យ​។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងនៅឡើយនោះទេ​ថាប្រទេសអឺរ៉ុប​ ៤ ផ្សេងទៀត​ប្តូរ​គោលជំហរដូចអាល្លឺម៉ង់​ និងហូឡង់ឬក៏អត់​។ ក៏ប៉ុន្តែ​ សេណារីយ៉ូ​ដែល​ប្រទេស​ទាំងអស់នោះ​សម្រេច​ដូចគ្នា​ ផ្អាក​ការ​បញ្ជូនជនចំណាកស្រុក​ទៅអាហ្វហ្កានីស្ថាន គឺជាអ្វី​ដែល​ក្រុមអង្គការ​សមាគម​ទន្ទឹងរងចាំ​ជាទីបំផុត​។

គួរជ្រាបដែរថា​ កាលពីខែកក្កដាកន្លងទៅ​ រដ្ឋាភិបាល​ក្រុងកាប៊ុល​បាន​ទទូចសុំ​សហភាព​អឺរ៉ុប​ឲ្យ​ផ្អាក​ការ​បញ្ជូនជនចំណាកស្រុកអាហ្វហ្កានីស្ថានរយៈពេល ៣ ខែសិន​ ព្រោះថា​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ កំពុងនៅ​តស៊ូប្រយុទ្ធប្រឆាំង​នឹង​ការវាយលុក​យ៉ាងសន្ធឹក​ពីសំណាក់​ពួកតាលីបង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ