អានតួអត្ថបទ
ហូឡង់-សេរីភាពសារព័ត៌មាន

ប្រទេស​ហូឡង់កំពុង​តក់ស្លុត​នឹង​ទង្វើ​បាញ់​ប្រហារ​លើ​​អ្នក​កាសែត កណ្តាល​ក្រុង

អ្នកកាសែត​ជនជាតិ​ហូឡង់ មាន​ជំនាញ​ខាង​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋធំៗ​ ដែល​រង​ការ​គំរាមកំហែង​សម្លាប់ ត្រូវ​បាន​ជន​មិន​ស្គាល់​បាញ់​ ឱ្យ​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្បាល កាលពី​ល្ងាច​ថ្ងៃអង្គារ ទី ៦ កក្កដា ២០២១ នៅ​កណ្តាល​ក្រុង​អាំស្ទែរដាំ។ នាយក​រដ្ឋមន្ត្រីប្រទេស​​ហូឡង់​ ក៏​ដូច​ជា​ប្រធាន​ក្រុមបឹក្សា​សហភាពអឺរ៉ុប បាន​ថ្លែង​សារ​ថ្កោល​ទោស​ភ្លាម​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​អ្នក​កាសែត​នេះ ដោយ​អះអាង​ថា​ នេះ​ជា​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន ជា​ការ​វាយប្រហារ​លទ្ធិ​ប្រជាធិបតេយ្យ​​និង​នីតិរដ្ឋ​។

លោក Peter R. de Vries អ្នកកាសែត​រង​ការ​បាញ់​ប្រហារ​នៅ​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃពុធ​ទី ៧ កក្កដា ២០២១
លោក Peter R. de Vries អ្នកកាសែត​រង​ការ​បាញ់​ប្រហារ​នៅ​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃពុធ​ទី ៧ កក្កដា ២០២១ AFP - REMKO DE WAAL
ផ្សាយពាណិជ្ជកម្ម

ការបាញ់​ប្រហារ​លើ​រូប​លោក​Peter R. de Vries កំពុង​ធ្វើ​ឱ្យប្រទេសហូឡង់ ​ស្ថិត​ក្នុង​ស្ថានភាព​​រន្ធត់​យ៉ាង​ខ្លាំង ព្រោះលោក​ជា​​ឥស្សរជន​​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស។ លោក​ធ្លាប់​ចេញ​មុខ​ចេញ​មាត់ជា​ញឹកញយ​​តាម​កញ្ចក់​ទូរទស្សន៍ ក្នុង​នាម​​ជា​ពិធីករ​ទូរទស្សន៍​វ័យ​៦៤​ឆ្នាំ ​និង​អ្នក​កាសែត​ស៊ើបអង្កេត។ លោក​មាន​ស្នាដៃ​ច្រើន​ និង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​មនុស្ស​តស៊ូ​ពុំពារ ដើម្បី​ស្វែង​រក​ការពិតជូន​​ជនរងគ្រោះ​ ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្មធំៗ។

កាន់​តែ​កត់​ស្លុត​ទៀត​នោះ ពលរដ្ឋ​ហូឡង់​ហាក់​មានអារម្មណ៍​ថា នីតិរដ្ឋ​កំពុង​រង​ការ​ប្រហារ​ ជា​ថ្មី​ម្តងទៀត។ កាលពីខែ​កញ្ញា​​ឆ្នាំ​២០១៩ មាន​ករណី​បាញ់​សម្លាប់​មេធាវី​ម្នាក់​កណ្តាល​រដ្ឋធានី​អាំស្ទែរដាំ ដោយ​ហេតុ​តែមេធាវី​នោះ​បានការពារ​សាក្សី​សំខាន់​ម្នាក់​ក្នុង​សំណុំ​រឿង​ឃាតកម្ម​សម្លាប់​មនុស្ស​នៅ​កន្លែង​លក់​គ្រឿង​ញៀន។ ហើយ​មួយ​រយៈ​ក្រោយមក​នេះ ​លោក Peter de Vries បាន​ក្លាយ​ជា​មនុស្ស​ជំនិតបំផុត​​របស់​សាក្សី​នោះ​។

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ជន​ដៃ​ដល់​ជា​នរណា និង​អំពីមូលហេតុ​នៃ​ការ​បាញ់​​ទេ។ ប៉ូលិស​ចាប់​បាន​ភ្លាម​ជនសង្ស័យ​បី​នាក់ ដែល​ក្នុង​នោះ​ម្នាក់​ទំនង​ជា​បាញ់​ផង។ ការ​អង្កេត​ទើប​ចាប់​ផ្តើម។ប៉ុន្តែ​សារព័ត៌មាន​ហូឡង់​ជា​ច្រើន បាន​រំលឹក​អំពី​ការ​ព្រួយ​បារម្ភ​តាំង​ពី​ពីរ​ឆ្នាំ​មក​ហើយ​ខ្លាច​ក្រែង​​ តែ​លោក ពីទ័រ​ ជាមនុស្ស​បន្ទាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​ពួក​ឧក្រិដ្ឋជន​គ្រឿង​ញៀន។

នាយករដ្ឋមន្ត្រី​ ព្រមទាំង​រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិធម៌ និង​សន្តិសុខ​ជាតិ បាន​ចុះ​ទៅ​ដល់​ទីស្នាក់ការ​ភ្នាក់ងារ​សន្តិសុខ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ភេរវកម្ម​ភ្លាម​ ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពី​សំណុំ​រឿង​នេះ។ សម្រាប់​លោក​នាយករដ្ឋមន្ត្រីហូឡង់ ក៏​ដូច​ជា​ប្រធាន​គណៈកម្មការអឺរ៉ុប ទង្វើ​បាញ់​ប្រហារ​អ្នកកាសែតនេះ ជា​ការ​បាញ់​ប្រហារ​​សេរីភាព​សារព័ត៌មាន។ គ្រប់​គ្នា​សុទ្ធ​តែ​បាន​ថ្លែង​ថ្កោល​ទោស និង​សម្តែង​សាមគ្គីភាព​ចំពោះ​លោក Peter de Vrie ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​អាច​ដល់​ថ្នាក់​ស្លាប់។ អ្នក​សារព័ត៌មាន​អឺរ៉ុប ត្រូវ​អាច​ធ្វើការ​​អង្កេត លើ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម ពុករលួយ ដោយ​គ្មាន​ភ័យ​ព្រួយ​អំពី​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​របស់​តំណាង​គណៈកម្មការ​ការពារ​អ្នក​កាសែត​នៃ​សមាគម​ការពារ​​សេរីភាព​សារព័ត៌មាន​ ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក។

បើ​តាម​ចំណាត់​ថ្នាក់​ចុងក្រោយ​របស់​អង្គការ​អ្នកយកការណ៍​គ្មានព្រំដែន​ស្តី​អំពី​សេរីភាព​សារព័ត៌មាន​ ប្រចាំ​ឆ្នាំ​២០២១ ប្រទេស​ហូឡង់​ជាប់​ចំណាត់​ថ្នាក់​លេខ​៦ ក្នុង​ចំណោម​១៨០​ប្រទេស​ បន្ទាប់​ពី​ន័រវេស ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក និង​កូស្តារីកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ