យន្តហោះMH១៧ ៖ តុលាការចាប់ពិនិត្យភស្តុតាងដែលដាក់បន្ទុកលើជនសង្ស័យរុស្ស៊ីនិងអ៊ុយក្រែន
នៅថ្ងៃចន្ទទី ៧មិថុនា នៅក្នុងសវនាការ តុលាការហូឡង់បានចាប់ផ្តើមត្រួតពិនិត្យភស្តុតាងដែលដាក់បន្ទុកលើជនសង្ស័យបួននាក់ (រុស្ស៊ី បីនាក់ និងអ៊ុយក្រែនម្នាក់) ពីបទមានពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ MH១៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ គ្រោះថ្នាក់ដែលបានបណ្តាលឲ្យស្លាប់អ្នកជិះក្នុងយន្តហោះទាំង ២៩៨នាក់ ក្នុងនោះ ១៩៦នាក់ជាជនជាតិហូឡង់។
ចុះផ្សាយនៅថ្ងៃ៖
សវនការបានចាប់បើកតាំងពីខែមីនា២០២០មក តែការជំនុំជម្រះទើបចាប់ផ្តើមដោយជាក់ស្តែងនៅថ្ងៃទី៧មិថុនានេះតែប៉ុណ្ណោះ។ តុលាការចាប់ពិនិត្យពិច័យ ពិភាក្សាអំពីខ្លឹមសារនៃសំណុំរឿងចោទប្រកាន់ និងបំភ្លឺនូវរាល់សំណួរសំខាន់ៗ ដែលតុលាការបានចាប់ផ្តើមវិភាគ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការSchiphol នៅក្រុងអាំស្ទែដាំ។
សំណួរគន្លឹះទាំងនោះមានដូចជា ៖ តើយន្តហោះMH១៧ បានធ្លាក់ដោយត្រូវគ្រាប់មីស៊ីលBuk មែនឬ ? តើមីស៊ីលBuk ពិតជាបានបាញ់ចេញពីចំការកសិកម្មនៅ ជិតភូមិ Pervomaiskyi ? ជនជាប់ចោទ មានពាក់ព័ន្ធនឹងការបាញ់មីស៊ីលទម្លាក់យន្តហោះយ៉ាងណា ? នេះជាការលម្អិតបន្ថែមរបស់តុលាការ។
ជនជាប់សង្ស័យទាំងបួន (បីនាក់ជាជនជាតិរុស្ស៊ី ឈ្មោះ Serguei Doubinski, Igor Guirkine និង Oleg Poulatov ព្រមទាំង Léonid Khartchenkoជនជាតអ៊ុយក្រែន) ដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់ក្នុងជួរក្រុមផ្តាច់ទឹកដីនិយមនៅភាគខាងកើតអ៊ុយក្រែន អាចនឹងត្រូវតុលាការកាត់ទោសក្នុងបទឃាតកម្មសម្លាប់មនុស្ស ឱ្យជាប់ក្នុងពន្ធនាគារអស់មួយជីវិត។ គ្មាន ជនសង្ស័យណាម្នាក់បង្ហាញខ្លួនក្នុងអង្គសវនាការទេ តែជនសង្ស័យអ៊ុយក្រែនមានតំណាងជាផ្លូវការ នៅតុលាការ។
នៅថ្ងៃចន្ទទី៧មិថុនានេះ អង្គសវនាការត្រូវលើកអំពីប្រធានបទទូទៅនៃការងារអង្កេតរបស់រដ្ឋអាជ្ញា និងបន្តដោយការពិភាក្សារយៈពេលបីថ្ងៃ ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ទី ១០មិថុនា។ បន្ទាប់មក តំណាងជនជាប់ចោទ និងដើមចោទ អាចឡើងមកការពារខ្លួនរៀងខ្លួន រហូតដល់ថ្ងៃទី ៩កក្កដា។ ចំណែកគ្រួសារជនរងគ្រោះនឹងចូលមកធ្វើសក្ខីកម្មនៅខែកញ្ញា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ