អានតួអត្ថបទ
អេស្ប៉ាញ-ព្យុះព្រឹលទឹកកក

អេស្ប៉ាញ​រង​គ្រោះ​ពី​ព្យុះ​ទឹក​កក​ដ៏​ច្រើន​សម្បើម​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

ប្រទេស​អេស្ប៉ាញ​កំពុង​រង​គ្រោះ​ខ្លាំង​ពី​ព្យុះទឹកកក​ក្នុង​រដូវ​រងារ​នា​ដើម​ឆ្នាំ​ ២០២១​ នេះ​។ ព្យុះ​ទឹក​កក​បាន​បណ្តាល​ឲ្យ​មនុស្ស​ ៣នាក់​ស្លាប់​ និង​បង្ក​ជា​ភាព​ច្របូក​ច្របល់​ស្ទើរ​ពាសពេញ​ផ្ទៃនៃ​ប្រទេស​អេស្ប៉ាញ​ ដោយ​មាន​យានយន្ត​ជាច្រើន​ត្រូវ​ជាប់​គាំង​លែង​អាច​ធ្វើ​ដំណើរ​ទៅ​មក​ដូច​ធម្មតា​បាន​។ ទាំង​ផ្លូវ​ដែក​និង​ផ្លូវ​អាកាស​ក្នុង​ក្រុង​ម៉ាឌ្រីដ​ ត្រូវ​បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​ដោយសារ​តែ​ព្រឹល​ចេះ​តែ​បន្ត​ធ្លាក់ខ្លាំង​ឥត​ឈប់​នៅ​ថ្ងៃ​សៅរ៍​ ទី៩​ មករា​។

មនុស្សម្នាត្រូវគេមើលឃើញពីលើដំបូលនៃមជ្ឈមណ្ឌលវប្បធម៌ Circulo de Bellas Artes ក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញនៅថ្ងៃសៅរ៍ ទី៩ មករា ឆ្នាំ២០២១។
មនុស្សម្នាត្រូវគេមើលឃើញពីលើដំបូលនៃមជ្ឈមណ្ឌលវប្បធម៌ Circulo de Bellas Artes ក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញនៅថ្ងៃសៅរ៍ ទី៩ មករា ឆ្នាំ២០២១។ REUTERS - SUSANA VERA
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​តែ​ពី​ថ្ងៃ​សុក្រ​មកម្ល៉េះ​ ប្រទេស​អេស្ប៉ាញ​បាន​ជួប​នឹង​​ព្រឹល​ទឹកកក​ដែល​ធ្លាក់​ក្នុង​ចំនួន​ដ៏ច្រើន​សម្បើម​មិន​ធ្លាប់​ជួប​នោះ​ទេ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧១​ មក​។ ភ្នាក់ងារ​អាកាសធាតុ​អេស្ប៉ាញ​ បាន​ប្រកាសប្រាប់​ថា​ចំនួន​ព្រឹល​ដែល​ធ្លាក់​ដ៏ច្រើន​និង​ខ្លាំង​ខុស​ពី​ធម្មតា​នេះ​ បង្ក​ឡើង​ដោយ​ព្យុះ​ហ្វីឡូមេណា​ (Filomena)។

ព្យុះ​ហ្វីឡូមេណា​ បាន​គ្រប​ដណ្តប់​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​អេស្ប៉ាញ​ជាមួយ​នឹង​ព្រិល​ដែល​ធ្លាក់​ខ្លាំង​ ហើយ​ពាក់​កណ្តាល​នៃ​ប្រទេស​នេះ​បាន​ប្រកាស​ពីភាព​អាសន្ន​អំពី​ព្យុះ​ព្រឹល​ទឹក​កក​នៅ​ថ្ងៃ​សៅរ៍​។ ភ្នាក់ងារ​អាកាសធាតុ​អេស្ប៉ាញ​ បាន​ព្រមាន​ថា​ចំនួន​ព្រឹល​ក្នុង​កម្ពស់​រហូត​ដល់​ ២០ សង់​ទីម៉ែត​ ឬ​ស្មើជិត​ ៨ អ៊ីញ​ ទំនងជា​អាច​នឹង​ធ្លាក់ចុះ​នៅថ្ងៃ​សៅរ៍​ក្នុង​ទីក្នុង​ម៉ាឌ្រីដ​ និង​តំបន់​ទំនាប​កណ្តាល​របស់​អេស្ប៉ាញ​។ គេ​រំពឹង​ថា​ ព្រឹល​នឹង​បន្ត​ធ្លាក់​រហូត​ដល់​កម្ពស់​ខ្ពស់បំផុត​ ៥០​ សង់​ទីម៉ែត​។

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​អេស្ប៉ាញ​លោក​ Fernando Grande-Marlaska បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ បើទោះបី​ជា​អាកាសធាតុ​បង្កជា​ភាព​លំបាកខ្លាំង​យ៉ាងណា​ក៏ដោយ​ ដ៏​ចំនួន​ឧប្បត្តិហេតុ​គ្មាន​ច្រើន​នោះទេ​។ លោក​បន្ត​ទៀតថា​ មកទល់នឹង​ថ្ងៃ​សៅរ៍​ ទី៩​ មករា​ មាន​មនុស្ស​ ៣ នាក់​ ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​។

បុរស​វ័យ​ ៥៤ ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅក្រោម​ព្រឹល​នៅទីក្រុង​ Zarzalejo ភាគ​ពាយព្យ​ទីក្រុង​ម៉ាឌ្រីដ​ ហើយ​មនុស្សពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​ទឹក​គួច​ទៅបាត់​នៅ​ជិត​ភាគខាងត្បូង​ទីក្រុង​ Malaga។

នៅ​ពេល​ព្រឹល​ចាប់​ធ្លាក់ខ្លាំង​កាល​ល្ងាច​ថ្ងៃសុក្រ​ក្នុង​ក្រុងម៉ាឌ្រីដ​ គេ​ប្រទះឃើញ​ រថយន្ត​មួយ​ចំនួន​ បាន​ជាប់​គាំង​ នៅលើផ្លូវ​ហាយវេ​ក្បែរ​រដ្ឋធានី​។ រំពេចភ្លាមនោះ​ អាជ្ញាធរ​ក៏បាន​ប្រកាសផងដែរ​ផ្អាក​ដំណើរ​ការផ្លូវដែក​និង​ផ្លូវអាកាស​ក្នុង​ក្រុង​ម៉ាឌ្រីដ​​។

តាម​រយៈសារ​ធ្វីត​ នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​លោពេដ្រូ​ សានឆេ​ (Pedro Sanchez) បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ស្នាក់នៅ​ក្នុងផ្ទះ​ និង​អនុវត្ត​តាម​ការណែនាំ​របស់​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់។ ទន្ទឹមគ្នានេះ​ លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ ក៏​បាន​សម្តែង​នូវ​ការ​គោរព​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ ក្នុង​ការ​ជួយ​មនុស្ស​ចំនួន​រាប់​រយនាក់​ដែល​រង​គ្រោះ​ជាប់​នៅក្នុង​ព្រឹល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ