អានតួអត្ថបទ
បារាំង-អន្តោប្រវេសន៍

បារាំង​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ព្រំដែន ឆ្លងចូល​ពី​អេស្ប៉ាញ

សមត្ថកិច្ចបារាំង បានបន្ថែមការយាមល្បាត ត្រួតពិនិត្យយ៉ាងតឹងតែង​ នៅតាមច្រកព្រំដែន ជាមួយ​អាស្ប៉ាញ។ ការរឹតបន្តឹងវិធានការត្រួតពិនិត្យនេះ គឺបន្ទាប់​ពី​មានជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនពាន់នាក់​ បានឆ្លងពីទ្វីបអាហ្វ្រិក មកកាន់ប្រទេសអេស្ប៉ាញ។ ហើយមួយវិញទៀត បារាំងកំពុងតែចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីកើតហេតុអំពើភេរវកម្ម​សម្លាប់មនុស្ស នៅទីក្រុង​នីស បង្កឡើងដោយ​ជនអ៊ីស្លាមជ្រុលនិយម ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់។

សមត្ថកិច្ចពិសេស "Patrouille de France" (PAF) កំពុងឈរចាំឆែក​អ្នកដំណើរ ដែលជិះរថភ្លើងTGV ពី​ក្រុងបាសេឡូនប្រទេសអេស្ប៉ាញ ចូលមកទឹកដីបារាំង នៅ​ស្ថានីយ៍ ពែរពីញ៉ង់។ ថ្ងៃទី​១៤ វិច្ឆិកា ២០២០
សមត្ថកិច្ចពិសេស "Patrouille de France" (PAF) កំពុងឈរចាំឆែក​អ្នកដំណើរ ដែលជិះរថភ្លើងTGV ពី​ក្រុងបាសេឡូនប្រទេសអេស្ប៉ាញ ចូលមកទឹកដីបារាំង នៅ​ស្ថានីយ៍ ពែរពីញ៉ង់។ ថ្ងៃទី​១៤ វិច្ឆិកា ២០២០ AFP - RAYMOND ROIG
ផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ចនគរបាលព្រំដែនបារាំង បានធ្វើការត្រួតពិនិត្យ​ជាស្វ័យប្រវត្តិ ចំពោះអ្នកដំណើរទាំងអស់ ដែលឆ្លងចូល​ទឹកដីបារាំង ពីប្រទេសអេស្ប៉ាញ តាមច្រកភាគខាងត្បូង។ មិនថា តាម​រថភ្លើង ឬតាមរថយន្ត ព្រមទាំង​តាមផ្លូវវាងតូចៗក្នុងគំពតព្រៃជាដើម គឺសមត្ថកិច្ចបារាំង បានបន្ថែមកម្លាំង ដើម្បីតាមស្ទាក់ ជនអន្តោប្រវេសន៍ខុសច្បាប់។

អ្នកដែលមាន​លិខិតអនុញ្ញាតឲ្យ​ធ្វើដំណើរ ចូលក្នុងទឹកដីបារាំង ដោយស្របច្បាប់ ត្រូវបញ្ជូន​ទៅកាន់​ប្រទេសអេស្ប៉ាញវិញ ភ្លាមៗក្នុងរយៈពេល​៤ម៉ោង ដោយយោងទៅលើ​កិច្ចព្រមព្រៀងម៉ាឡាហ្កា ចុះឆ្នាំ២០០២។ ជាមួយ​នឹងវិធានការរិតបន្តឹងថ្មីនេះ សមត្ថកិច្ចព្រំដែនបារាំង មានកម្លាំង​ច្រើននាក់ ដែលអាចឆែកឆេរ បានទាំងថ្ងៃទាំងយប់ នៅតាមមធ្យោបាយ​ធ្វើដំណើរ។ សមត្ថកិច្ចក៏បានប្រើ​យានដ្រូនផងដែរ ដើម្បី​តាមដានពីលើផ្លូវវាងតូចៗ តាមជ្រលងភ្នំ នៅតាមបណ្តោយ​ឆ្នេរសមុទ្រ។

លោក Yannick Garden ប្រធានក្រុមនគរបាលព្រំដែន តំបន់ពីរ៉េណេខាងកើត បានលើកឡើងថា បើប្រៀបធៀបទៅឆ្នាំ២០១៩ ចំនួន​នៃ​ការចាប់ស្ទាក់ជនអន្តោប្រវេសន៍ខុសច្បាប់ បានកើនឡើង​​ចំនួន​​២៥% ក្នុងរវាង​៣ខែដើមឆ្នាំ២០២០ ហើយ​នៅរវាងខែកក្កដា ដល់ខែកញ្ញា គឺបានកើនឡើង៥០%។ បើគិតចាប់ពីដើមឆ្នាំ២០២០មក សមត្ថកិច្ច បានស្ទាក់បានជនអន្តោប្រវេសន៍ខុសច្បាប់ ឆ្លងចូលបារាំងពីអេស្ប៉ាញ ចំនួនប្រមាណ​១១០០០នាក់។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយ​នេះ មានជនភៀសខ្លួន និងជនអន្តោប្រវេសន៍ជាច្រើនពាន់នាក់ បានធ្វើដំណើរតាមទូក ឆ្លងពីទ្វីបអាហ្វ្រិក មកកាន់​ប្រទេសអេស្ប៉ាញ ត្រង់តំបន់អង់ដាលូហ្ស៊ី ដោយហេតុថា ផ្លូវឆ្លងចូលតាមប្រទេសអ៊ីតាលី មានឧបសគ្គច្រើន និងចាល់មនុស្សខ្លាំង។ ជនអន្តោប្រវេសន៍ទាំងនោះ មានចំរុះ ខ្លះមកពី​ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន ប្រទេសអាហ្វ្រិកភាគខាត្បូង​សាហារ៉ា និងប្រទេសអាហ្វ្រិកខាងជើង ម៉ារ៉ុក អាល់ហ្សេរីជាដើម។

នៅក្រោយ​អំពើភេរវកម្មនៅទីក្រុងនីស បង្កឡើងដោយជនអន្តោប្រវេសន៍សញ្ញាតិទុយណេស៊ី ដែលបានចូលមកបារាំងដោយខុសច្បាប់ រដ្ឋាភិបាលបាលបារាំង បានចេញវិធានតឹងតែង ក្នុងការ​គ្រប់គ្រង​ព្រំដែន។ លោកប្រធានាធិបតីម៉ាក្រុង បានលើកឡើងថា លោកមានបំណង​ធ្វើកំណែទម្រង់ស៊ីជំរៅ ទៅលើបទវិធានគ្រប់គ្រងព្រំដែនផ្ទៃក្នុងសហភាព​អឺរ៉ុប ក្នុងតំបន់ឆិនហ្គិន ដើម្បីធ្វើយ៉ាងណា​ ទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ