អានតួអត្ថបទ
កូវីដ១៩

អឺរ៉ុប ​កំពុងឆ្លងកាត់​រលក​គ្រោះថ្នាក់​បំផុត នៃ​ការឆ្លងរាលដាល​កូវីដ​១៩

យោងតាម​តួលេខ​របស់អង្គការ​សុខភាពពិភពលោក ចំនួន​អ្នកឆ្លងមេរោគកូរ៉ូណាវីរុសថ្មី បានកើនកាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ចំនួន​ប្រមាណ ៤៦៥៣១៩នាក់ នៅទូទាំងពិភពលោក។ រលកឆ្លងរាលដាល​នេះ កំពុងតែ​មានសន្ទុះ យ៉ាងខ្លាំងបំផុតនៅតាមបណ្តារប្រទេស​នៅអឺរ៉ុប ដូចជានៅបារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញជាដើម។

សង្កាត់ Montmartre សង្កាត់ទេចរណ៍ក្រុងប៉ារីស ធ្លាប់តែអ៊ូអរ តែត្រូវស្ងាត់ជ្រងំ ដោយសារប្រជាជនក្រុងប៉ារីស ត្រូវជាប់បម្រាមគោលចរ ហាមចេញក្រៅ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៦ព្រឹក។
សង្កាត់ Montmartre សង្កាត់ទេចរណ៍ក្រុងប៉ារីស ធ្លាប់តែអ៊ូអរ តែត្រូវស្ងាត់ជ្រងំ ដោយសារប្រជាជនក្រុងប៉ារីស ត្រូវជាប់បម្រាមគោលចរ ហាមចេញក្រៅ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៦ព្រឹក។ REUTERS - CHARLES PLATIAU
ផ្សាយពាណិជ្ជកម្ម

ខណៈដែលរដូវស្លឹកឈើជ្រុះបានឈានចូលមកដល់ ជាមួយនឹង​សីតុណ្ហភាព​ដែលធ្លាក់ចុះត្រជាក់ ការឆ្លងរាលដាលជំងឺកូវីដ១៩ បានស្ទុះឡើងយ៉ាងខ្លាំង នៅតាមប្រទេសសឹងតែទាំងអស់នៅអឺរ៉ុប។ នៅ​អេស្ប៉ាញ និងបារាំង ចំនួន​អ្នកឆ្លងសរុប ទើបតែបានឈានឡើងលើស១លាននាក់ កាលពីចុងសប្តាហ៍កន្លងទៅ។

នៅថ្ងៃចន្ទទី​ ២៦តុលា រដ្ឋាភិបាលអេស្ប៉ាញ បានសម្រេច​ប្រកាសអាសន្នសុខាភិបាល​ ពីនេះរហូត​ដល់ខែ​ឧសភា​​ឆ្នាំ២០២១  ដោយបាន​ចេញ​បម្រាមគោលចរទូទាំងប្រទេស ហាមចេញក្រៅ ​ចាប់ពីម៉ោង ១១យប់ដល់ម៉ោង៦ព្រឹក។

ចំណែកនៅបារាំងវិញ ២៤ម៉ោង ​ចុងក្រោយគេបានរកឃើញអ្នកឆ្លងកូវីដថ្មីបន្ថែម ដល់ទៅជាង​៥​២០០០​នាក់។ ចំនួន​អ្នកជំងឺកូវីដ១៩ ដែលត្រូវទទួលការសង្គ្រោះបន្ទាន់ បានកើនឡើងរហូតដល់ ២៥០០នាក់។ ពាក្យចចាមអារ៉ាម ដែលថារដ្ឋាភិបាលបារាំង នឹងបិទខ្ទប់ប្រទេសទាំងស្រុងឡើងវិញ កំពុងតែធ្វើឲ្យ​គ្រប់គ្នាព្រួយបារម្ភ។

នៅអ៊ីតាលី ខេត្តធំ ៗចំនួន​៣ បានសម្រេច អនុវត្ត​បំរាមគោលចរ ហាមចេញដើរហើរ ក្នុងវេលាយប់។ ចំនួន​អ្នកឆ្លងថ្មី ២៤ម៉ោងចុងក្រោយ នៅអ៊ីតាលី គឺមានប្រមាណ​២១២៧៣នាក់។

នៅអាល្លឺម៉ង់វិញ ចំនួន​អ្នកឆ្លងថ្មី នៅថ្ងៃអាទិត្យ​ទី​២៥តុលា គឺមានប្រមាណ​ ៨៦៨៥នាក់ ដែលនេះគឺជាកម្រិតកើនឡើងខ្ពស់បំផុត។

អ្នកជំនាញសុខាភិបាល តាមប្រទេសនៅអឺរ៉ុប បានទាញសញ្ញាអាសន្នគ្រប់គ្នា ឲ្យ​រដ្ឋាភិបាល​ត្រូវចាត់វិធានការរិតបន្តឹងបន្ថែម ដូចជាការឈានទៅបិទខ្ទប់ទីក្រុង ឬតំបន់ខ្លះទាំងស្រុងតែម្តង។ អ្នកជំនាញ​ខ្លះ អះអាងថា ការបិទ​សកម្មភាពសេដ្ឋកិច្ច​ នាពេលនេះ ចំនួនយ៉ាងហោច​២សប្តាហ៍ វាអាចនឹងហុចផលវិជ្ជមាន ហើយវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម អាចនឹងបើកដំណើរការឡើងវិញបាន នៅក្នុងរដូវបុណ្យណូអែលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ