អានតួអត្ថបទ
កូវីដ១៩

អេស្ប៉ាញបិទខ្ទប់ប្រជាពលរដ្ឋជាថ្មី ឥណ្ឌាក្លាយជាចំណុចផ្ទុះកូវីដថ្មីប្រចាំអាស៊ី

ករណី​ឆ្លង​កូវីដ​១៩ បាន​កើនឡើង​ជា​ថ្មី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ នៅ​អេស្ប៉ាញ។ ប្រឈម​នឹង​ស្ថានភាព​បែប​នេះ អាជ្ញាធរ​បាន​សម្រេច​បិទខ្ទប់​ប្រជាពលរដ្ឋ​ឱ្យ​នៅក្នុងផ្ទះ​ជា​ថ្មី ប៉ុន្តែ​លើក​ជា​នេះ​ជា​​បង្ឃាំងតែ​ក្នុង​​តំបន់កាតាឡូញ៉ា​ ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​ខ្លាំង​ប៉ុណ្ណោះ។ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ករណី​ឆ្លង​ថ្មី​​ក៏​កំពុង​ស្ទុះឡើង​ខ្លាំង​ដែរ​នៅ​ឥណ្ឌា។ ឥណ្ឌា​កំពុង​​ក្លាយ​ជាជង្រុក​ផ្ទុះ​កូវីដ​១៩​ថ្មីប្រចាំ​តំបន់។

មន្ទីរពេទ្យ​បណ្តោះអាសន្ន​​សម្រាប់​ទទួល​អ្នក​ជំងឺ​កូវីដ ​នៅទីក្រុង​ប៊ុមបេ ប្រទេស​ឥណ្ឌា
មន្ទីរពេទ្យ​បណ្តោះអាសន្ន​​សម្រាប់​ទទួល​អ្នក​ជំងឺ​កូវីដ ​នៅទីក្រុង​ប៊ុមបេ ប្រទេស​ឥណ្ឌា REUTERS/Francis Mascarenhas
ផ្សាយពាណិជ្ជកម្ម

ការ​ដើរហើរ​ចេញ​ចូល​ត្រូវ​មាន​កំរិត និ​ងការ​ជួប​ជុំ​លើ​សពី​១០​នាក់​ត្រូវ​ហាមឃាត់ ... តំបន់​កាតាឡូញ៉ា​របស់​អេស្ប៉ាញ ដែល​មាន​ផ្ទៃ​ក្រឡា​១៤០០​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ប្រមាណ​២សែន​នាក់​ ត្រូវ​ជាប់​បម្រាម​បិទ​បង្ឃាំង​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​ជា​ថ្មី​ ​ តាំង​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​សៅរ៍​ទី ៤​កក្កដា​មក។

អេស្ប៉ាញ ជា​ប្រទេស​រងគ្រោះ​ដោយ​កូវីដ​១៩​ខ្លាំង​ជាង​គេ​មួយ ដោយ​រាប់​មាន​ស្លាប់​សរុប​យ៉ាង​ហោច ២៨៣៨៥​នាក់ កំពុង​ស្គាល់សន្ទុះ​កំណើន​អ្នក​ឆ្លង​ថ្មី​យ៉ាង​ខ្លាំង​ និងមាន​ករណី​​អ្នក​ស្លាប់​ច្រើន​ជា​ថ្មី​ទៀត​។ បើ​តាម​ប្រភព​ផ្លូវការ​ ពលករ​​មក​ពីក្រៅ​ជា​ប្រភព​នាំ​ឱ្យ​មាន​ការ​ចម្លង​ថ្មី​លើ​ទឹក​ដី​អេស្ប៉ាញ។

​​​​អាច​គ្រប់គ្រង​ការ​ចម្លង​កូវីដ១៩​បាន​ តាម​រយៈ​​វិធានការ​បិទ​ខ្ទប់​ប្រទេស​ដ៏​តឹង​តែង​បំផុត​អស់​រយៈ​ពេល​ជាងបី​ខែ  អាជ្ញាធរ​អេស្ប៉ាញ​សម្រេច​បិទ​ខ្ទប់​តំបន់​និង​ខេត្ត​ក្រុង​ណា​ដែល​មាន​ផ្ទុះ​ការ​ចម្លង​ថ្មី​ច្រើន និង​ ​បាន​ពង្រឹង​វិធាន​ការ​បន្ថែម​នៅ​តាម​អាកាស​​យានដា្ឋន​ ចាំ​ត្រួត​ពិនិត្យ​អ្នក​ចំណូល​ថ្មី។ សូម​បញ្ជាក់​ថា ដំណឹង​នៃ​ការ​បិទ​ខ្ទប់​តំបន់​កាតាឡូញ៉ា ធ្លាក់​មក​ចំថ្ងៃ​​ដែលអេស្ប៉ាញ​បាន​បើក​ព្រំដែន​ទទួល​ពលរដ្ឋ​ចំនួន​១២​ប្រទេស​ផ្សេង​។ អេស្ប៉ាញ​បាន​​​បើក​ព្រំដែន​ឡើង​វិញ​ជា​ដំបូង​ជាមួយតែ​​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ដូច​គ្នាតាំង​ពី​ថ្ងៃ​ទី​២១​មិថុនា​មក។ ​

ក្នុង​ពេល​អឺរ៉ុប​កំពុង​ចាប់​បើក​ព្រំដែន​​ឡើង​វិញ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត និង​ចាត់​វិធានការ​បិទ​ខ្ទប់​ដោយ​ដុបៗ​តាម​តំបន់ប្រឆាំ​ងនឹង​កូវីដ១៩​ នៅ​ប្រទេស​ឥណ្ឌា​វិញ កំណើន​ករណី​ឆ្លង​ថ្មី បានស្ទុះ​ឡើង​យ៉ាង​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​  ជា​ពិសេស​នៅ​តំបន់​ភាគ​ខាង​ត្បូង​និ​ងខាង​លិច​នៃ​ប្រទេស។ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះ ឥណ្ឌា​មាន​ ​ការ​ឆ្លង​ថ្មី​ដល់​ទៅ​២២០០០ករណី ពោល​គឺ​ជា​ចំនួន​ដ៏​ច្រើន​បំផុតដែល​ប្រតេស​​ពុំ​ធ្លាប់​ជួប​ពីមុន​មក​ទេ។ ជា​សរុប​ឥណ្ឌា​មាន​អ្នក​ឆ្លង​កូវីដ​១៩​ចំនួន ជាង​៦៤​ម៉ឺ​ន​នាក់ និង​ស្លាប់​ជាង​១៨០០០​នាក់។ ជាមួយ​តួលេខ​នេះ ឥណ្ឌា​បាន​ក្លាយ​ជាចំណុច​ផ្ទុះ​កូវីដ​ថ្មី​ប្រចាំ​តំបន់​អាស៊ី។ ឥណ្ឌា​បាន​ចាត់​វិធានការ​ទន្ទឹម​នឹង​អឺរ៉ុប បិទ​ខ្ទប់​ប្រទេស​យ៉ាង​តឹង​ជាង​គេ​បំផុត​នៅ​ពិភពលោក តែបានចាប់​លើក​បម្រាមចេញ​បន្តិចម្តងៗ​​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ