អានតួអត្ថបទ
បរិស្ថាន

ហូឡង់៖ ​ឯកសារ​សំងាត់បង្ហាញថា ក្រុមហ៊ុនធំៗខ្លះ ចំណាយ​ប្រាក់​លើ​អ្នកប្រឆាំងបរិស្ថាន

ក្រុមហ៊ុន​ធំៗរបស់ហូឡង់​ ដែលក្នុងនោះមានក្រុមហ៊ុនប្រេង Shell និង​ក្រុមហ៊ុនKLM ជាដើម ត្រូវគេទំលាយ​ឯកសារសំងាត់ បង្ហាញថាធ្លាប់បាន​ផ្តល់ប្រាក់ឲ្យ​អ្នកជំនាញ ដើម្បីផ្សព្វផ្សាយប្រឆាំងនឹងការយល់ឃើញ ស្តីពី​ការកើនឡើងកំដៅផែនដី ឬការប្រែប្រួលអាកាសធាតុ។ នេះគឺជាលទ្ធផលស៊ើបអង្កេត របស់ក្រុមអ្នកកាសែតស៊ើបអង្កេតឯករាជ ហើយដែលត្រូវបានបណ្តាញសារព័ត៌មានធំៗរបស់ហូឡង់ យកមកចុះផ្សាយ នៅថ្ងៃសៅរ៍ទី២២កុម្ភៈ។

រូបភាព ថតពីកាសែត ​De Volkskrant របស់ហូឡង់​​
រូបភាព ថតពីកាសែត ​De Volkskrant របស់ហូឡង់​​ RFI
ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ការស្រាវជ្រាវ​ស៊ើបអង្កេត រយៈពេល៥ខែ​ ទីបំផុតក្រុមអ្នកកាសែតឯករាជ (PAJ) បានធ្វើសេចក្តីសន្និដ្ឋាន ក្នុងរបាយការណ៍របស់ខ្លួន ដោយដាក់ឈ្មោះថា Shell Papers។ មានក្រុមហ៊ុនធំៗរបស់ហូឡង់ ជាច្រើន បាន​ជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវ ចំណាយប្រាក់ឲ្យអ្នកជំនាញ​វិទ្យាសាស្ត្រ ដើម្បីឲ្យអ្នកជំនាញ​ទាំងនោះ ទៅនិយាយផ្ទុយ ឬប្រឆាំងនឹងការព្រួយបារម្ភ ទាក់ទិននឹង​ការកើនឡើងនូវកំដៅផែនដី។

យោងតាមការស៊ើបអង្កេត នៅរវាងឆ្នាំ១៩៨៩ ដល់ឆ្នាំ​១៩៩៨ សាស្ត្រាចារ្យជំនាញម្នាក់ ឈ្មោះ Frits Böttcher បានទទួលប្រាក់យ៉ាងហោច ​៤៥ម៉ឺនអឺរ៉ូ ពីក្រុម​ហ៊ុនធំៗ ដូចជាក្រុមហ៊ុន Shell និងក្រុមហ៊ុន KLM។ លោក Frits Böttcher ដែលបានស្លាប់កាលពីឆ្នាំ២០០៨ ត្រូវបានគេដឹងថា គឺធ្លាប់​ជាសាស្ត្រាចារ្យផ្នែករូបវិទ្យា នៅ​សកលវិទ្យាល័យ​Leiden ​ហើយគឺជាអ្នកជំនាញម្នាក់ ដែលបានធ្វើសកម្មភាពយ៉ាងច្រើន ប្រឆាំងនឹងគំនិតដែលយល់ឃើញថា កម្រាស់ឧស្ម័នកាបូនិកក្នុងបរិយាកាស ធ្វើឲ្យ​ផែនដីឡើងកំដៅ។ លោកសាស្ត្រាចារ្យរូបនេះ ធ្លាប់ទាំងបានអះអាងថា មាន​ឧស្ម័នកាបូនិកច្រើន មិនមែនអាក្រក់ទេ គឺវាល្អទៅវិញទេ សម្រាប់រុក្ខជាតិ។ លោកបានអះអាងទៀតថា ការកើនឡើងកំដៅផែនដី ឬការប្រែប្រួលអាកាសធាតុ គឺគ្រាន់តែជាជំនឿផ្តេសផ្តាស គ្មានមូលដ្ឋាន។

កាសែត De  Volkskrant ដ៏ល្បីរបស់ហូឡង់ ដែលបានចុះផ្សាយ​ការសន្និដ្ឋាននៃការស៊ើបអង្កេតនេះ បានលើកឡើងថា ការនិយាយឃោសនាប្រឆាំង បែបឡប់ប៊ី របស់លោកសាស្ត្រាចារ្យ Frits Böttcher បានចូលរួមធ្វើឲ្យ​ ហូឡង់ មានការយឺតយ៉ាវ ក្នុងការដាក់ចុះនូវគោលនយោបាយការពារបរិស្ថាន និងទប់ស្កាត់ការកើនឡើងនូវកំដៅផែនដី។

ក្រោយការចេញផ្សាយរឿងអាស្រូវនេះ ក្រុមហ៊ុនខ្លះបានបដិសេធ មិនទទួលស្គាល់ ហើយថារឿងរ៉ាវកើតឡើងជាង២០ឆ្នាំមកហើយ មិនអាចទៅស្វែងរកឯកសារមកបញ្ជាក់បានទេ។ ចំណែកក្រុមហ៊ុនខ្លះវិញ បានទទួលស្គាល់ តែបានធានាថាក្រុមហ៊ុនខ្លួន បានធ្វើការកែប្រែ ហើយងាកមកអនុវត្តគោលនយោបាយ​គាំព៌ាបរិស្ថាន យ៉ាងពេញទំហឹង។

ដោយឡែក សម្ព័ន្ធការពារបរិស្ថាននៅហូឡង់ ឈ្មោះ Milieudefensie បានស្នើសុំទៅសភាហូឡង់ ឲ្យបើកការស៊ើបអង្កេតមួយជាផ្លូវការ ស្តីពីការប្រើប្រាស់ឥទ្ធិពលរបស់ក្រុមហ៊ុនធំៗ ទៅលើវិស័យនយោបាយ ឬការស្រាវជ្រាវវិទ្យាសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ