អានតួអត្ថបទ
ចិន

សមាជសភា​ចិន​បាន​បិទ​បញ្ចប់​ដោយ​ផ្តល់​អំណាច​ដល់​បក្ស​កាន់​តែ​ធំលើ​រដ្ឋាភិបាល

សមាជ​សភា​ប្រជាមានិត​បាន​បិទ​បញ្ចប់​សម័យ​ប្រជុំ​ប្រចាំ​របស់​ខ្លួន នៅ​ថ្ងៃ​ចន្ទទី ១១​មីនា ដោយ​អនុម័ត​គម្រោង​ច្បាប់​ជា​ច្រើន មាន​ជា​អាទិ៍​​ច្បាប់​​​ស្តី​ពី​ការគ្រប់​គ្រង​​អំណាច​រដ្ឋបាល។ បើ​តាម​សារព័ត៌មាន​រដ្ឋ​ គម្រោង​ច្បាប់​រដ្ឋបាល​ថ្មី បាន​បញ្ជាក់​ជា​ផ្លូវការ​អំពី​អំណាច​ដ៏​ធំ​ធេង​របស់​បក្ស​កុម្មុយនិស្ត​ក្នុង​ការ​ត្រួត​ត្រា​រដ្ឋាភិបាល។

China congres 11 mars 2024
China congres 11 mars 2024 AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ប្រជុំ​សម្រេច​ដោយ​បិទ​ទ្វារ​ នៅ​រសៀល​ថ្ងៃ​ចន្ទទី​១១​មីនា សភា​ចិន​បានបោះឆ្នោត​អនុម័ត​លើ​គម្រោង​ច្បាប់​ជា​ច្រើន មាន​ជា​អាទិ៍​ការ​​​ធ្វើ​វិសោធនកម្មសើរើ​​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រដ្ឋ​បាល​ ដោយ​​ផ្តល់​អំណាច​កាន់​តែ​ធំធេងឡើង​​ទៅ​ឱ្យ​បក្ស​កុម្មុយនិស្ត​ក្នុង​ការ​ត្រួត​ពិនិត្យ​ពី​លើ​​រដ្ឋាភិបាល។ ​ច្បាប់​ថ្មី ដែល​អនុម័ត​ដោយ​សំឡេង​គាំទ្រ​២៨៨៣ ទល់​នឹង​សំឡេង​ប្រឆាំង​៨​និង​អនុប្បវាទ​៩ បានកាត់​ចិប​យក​​អំណាចពីក្រុមប្រឹក្សា​រដ្ឋ ឈ្មោះ​ផ្លូវការ​របស់​រដ្ឋាភិបាល និង​រដ្ឋបាលជាន់​ខ្ពស់​ ​​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី លី ឈាំង។ តាម​ក្បួន លោក​នាយករដ្ឋមន្ត្រី​លីឈាំង ដឹក​នាំ​លើ​ក្រសួង​ចំនួន​២១ របស់​រដ្ឋាភិបាល​និង​មូលដ្ឋាន។ ជាង​នេះ​ទៅ​ទៀត នៅក្នុងមាត្រា​ទើប​ចែង​បញ្ចូល​​ថ្មី ក្រុមប្រឹក្សា​រដ្ឋ​ត្រូវ​មាន​តួនាទី ការ​ពារ​ដោយ​ឥតងាករេ អំណាច និង​សេចក្តី​សម្រេច​​​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​ ហើយ​​ត្រូវ​ដើរ​តាម​មាគ៌ាបក្ស ស្រប​តាម​គោលការណ៍​​ស៊ីជីនពីង​ ​តែមួយ​គត់។

ថ្វីបើ​ច្បាប់​ថ្មី​នឹង​មិនមក​ប្រែក្រឡាស់​ដំណើរការ​របស់​ស្ថាប័ន​ភ្លាម​ភ្លែត​មែន ប៉ុន្តែ​​បើ​តាម​អ្នក​ជំនាញ​ច្បាប់ ការ​កែប្រែ​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​របស់​ក្រុមប្រឹក្សា​រដ្ឋ ដែល​ប្រព្រឹត្ត​ទៅ​ជាលើក​ទីមួយ គិត​ចាប់​តាំងពី​ឆ្នាំ​១៩៨២មកនេះ​ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​និន្នាការ​ដើរ​ឆ្ពោះ​ទៅ​រក​ផ្ទេរ​អំណាចរដ្ឋ​​កាន់​តែ​ច្រើន​ឡើង​ៗ​ទៅ​ឱ្យ​គណបក្ស។ ពោល​គឺ​រដ្ឋាភិបាល​ជាត្រូវ​អនុវត្ត​​តាម​សេចក្តី​ណែនាំ​របស់​បក្ស​ដោយផ្ទាល់។ ដូច្នេះ​​តួនាទី​ជា​នាយករដ្ឋមន្ត្រីរបស់​លោក លី​ ឈាំង ត្រូវ​តិច​ទាប​ជាង​នាយករដ្ឋមន្ត្រី​អាណត្តិមុនៗ។

លោក​Ryan Mitchell ​សាស្រ្តាចារ្យ​ច្បាប់​នៃសកលវិទ្យាល័យ​ចិន​នៅ​ហុងកុង​ បាន​អះអាង​ថា នេះ​គឺ​ជា​ការ​ប្តូរ​ផ្លាស់​ដ៏​សំខាន់​ក្នុង​ការ​​បែង​ចែង​អំណាច​ប្រតិបត្តិនៅក្នុង​ប្រទេស​ចិន​។ ពី​មុន​មក ​ថ្វី​បើ​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ប្រធាន​គណបក្ស​កុម្មុយនិស្ត​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​បំផុត​មែន តែ​ការ​បែង​ចែក​អំណាច​ក្នុង​ការ​គ្រប់​គ្រង​នយោបាយ​និង​​រដ្ឋាភិបាល មិន​សូវ​ច្បាស់​លាស់​ទេ។ តាំង​ពី​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២​មក លោក ស៊ីជីនពីង បាន​បង្កើត​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ជា​ច្រើន​សម្រាប់​ត្រួត​ពី​លើ​ក្រសួងពាក់ព័ន្ធ​​ដោយ​ផ្ទាល់​តែ​ម្តង ដោយ​ខ្លះ​បញ្ជា​គង​ដល់​វិស័យ​នយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ធ្លាប់​តែ​ស្ថិត​ក្រោម​ដែន​អំណាច​របស់​នាយករដ្ឋមន្ត្រី។

សភា​ប្រជាមានិត​ចិន​ក៏​បាន​បិទ​បញ្ចប់​សមាជ​ប្រចាំ​ឆ្នាំ​ ដោយ​ទទួលស្គាល់ដែរ​ថា​ចិន​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​កម្មវត្ថុនាំ​ប្រទេស​ឱ្យ​​មាន​កំណើន​សេដ្ឋកិច្ច​៥%​ ព្រោះ​វិស័យ​ខ្លះ​បន្ត​ទាញ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ឱ្យ​ដាំ​ក្បាល​ចុះ ប៉ុន្តែ​គ្មាន​ទេ​ការ​ប្រកាស​ផែន​ការ​លម្អិត​​ស្តី​អំពី​មធ្យោបាយ​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ