អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-ហ្សេ២០

ហ្សេ​២០ បរាជ័យ ​គ្មាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​ចិន​រារាំង

ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារកណ្តាល​នៃ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ចលូតលាស់​ខ្លាំង​ជាង​២០​ដំបូង​នៅលើ​ពិភពលោក ឬ​ហ្សេ២០ នៅប្រទេស​ឥណ្ឌា បាន​បិទ​បញ្ចប់​ នៅថ្ងៃសៅរ៍ទី ២៥​កុម្ភៈ​នេះ ដោយ​គ្មាន​លទ្ធផល។ មូលហេតុ​គឺ​បណ្តាល​មក​ពួកគេ​និយាយ​មិន​ចុះ​សម្រុង​នឹង​គ្នា​ជាមួយ​ចិន ជុំ​វិញ​ពាក្យ​សង្គ្រាម​នៅអ៊ុយក្រែន។

ហ្សេ​២០ នៅ​ឥណ្ឌា បរាជ័យ ​គ្មាន​ ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​ចិន​រារាំង​
ហ្សេ​២០ នៅ​ឥណ្ឌា បរាជ័យ ​គ្មាន​ ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​ចិន​រារាំង​ via REUTERS - PRESS INFORMATION BUREAU
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ឆ្នាំ​ទៅ ​ជំនួប​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្សេ​២០ នៅប្រទេស​ឥណ្ឌូណេស៊ី​ មិន​អាច​ចេញ​​​សេចក្តី​ថ្លែងការណ៍​​រួម​បាន​ទេ​។ នៅ​ឆ្នាំ​នេះ ក៏​គ្មាន​ដែរ​សេចក្តី​ថ្លែងការណ៍​រួម​ហ្សេ២០។

ឥណ្ឌា​ដែល​ជា​ប្រធាន​ផ្លាស់​វេនក្រុម​ហ្សេ២០ បាន​ត្រឹម​ចេញ​សេចក្តី​ប្រកាស​សង្ខេប​លទ្ធផល​នៃ​ជំនួប​ប្រជុំ​ ថា សមាជិក​ហ្សេ២០ភាគ​ច្រើន​បាន​ថ្កោល​ទោស​សង្គ្រាម​នៅអ៊ុយក្រែន ដោយ​វាយតម្លៃ​ស្ថានភាព​​ និង​វិធានការ​ដាក់​ទណ្ឌកម្ម​ផ្សេង​ៗ​គ្នា​។ ប៉ុន្តែ​ចិន​និង​រុស្ស៊ី មិន​បាន​អនុម័ត​កថាខណ្ឌ​ទាក់​ទង​នឹង​អ៊ុយក្រែន​ទេ។

ជួប​ប្រជុំ​គ្នា​ពីរ​ថ្ងៃ​ គឺនៅថ្ងៃ​សុក្រ​និង​សៅរ៍​ទី ២៥​កុម្ភៈ ក្រុមហ្សេ២០ ត្រូវ​សាកល្បង​ព្រមព្រៀង​គ្នា​រក​​ដំណោះស្រាយ​ឱ្យ​បញ្ហា​ប្រឈម​​នៃ​សេដ្ឋកិច្ចពិភពលោក​ក្នុង​បរិបទ​សង្គ្រាម​អ៊ុយក្រែន​និង​វិបត្តិអតិផរណា ប៉ុន្តែ​​កិច្ចពិភាក្សាជួបការ​លំបាក​ជាង​ឆ្នាំ មុន​ទៀត​ ព្រោះ​សង្គ្រាម​នៅ​តែ​បន្ត។ ជា​លទ្ធផល​ ជំហរ​ខ្លះ​មិន​សូវ​មាន​លក្ខណៈ​ស្ថាបនា​ទេ។ នេះ​ជា​ការ​សម្គាល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អេស្ប៉ាញ។ បើ​តាម​ប្រភពអ្នក​ទទួល​ខុសត្រូវ​ជា​ច្រើន​​សុំ​មិន​បញ្ចេញ​ឈ្មោះ​វិញ​ ចិន​ចង់​ប្រើ​ពាក្យ​ណា​ដែល​ស្រាល ក្នុង​ន័យ​មិន​ថ្កោលទោស​​​សង្គ្រាមរុស្ស៊ី​​នៅអ៊ុយក្រែន ​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម។ ការ​​​ជជែកពិភាក្សា​​គ្នា​រក​ពាក្យ​ដ៏​សមរម្យ​មួយ​ ប្រព្រឹត្ត​ទៅ​រហូត​ដល់​ម៉ោង​២ទៀប​ភ្លឺ នៅ​តែ​ពុំ​ត្រូវ​គ្នា។

ឥណ្ឌា​ប្រធានផ្លាស់​វេន​ហ្សេ​២០​ផ្ទាល់​ ក៏​មិន​ថ្កោលទោស​​អន្តរាគមន៍​យោធា​របស់​រុស្ស៊ីទេ ឯចិន​តាំងពី​ថ្ងៃទី ២៤​កុម្ភៈ​២០២២​មក ក៏​​មិនដែល​បន្ទោស​​រុស្ស៊ី ហើយ​ក៏​មិនដែល​រិះគន់ជាសាធារណៈប្រតិបត្តិកា​​យោធារុស្ស៊ី​​ដែរ តែ​ប៉េកាំងតែង​សម្តែងការ​គាំទ្រ​មូស្គូ​នៅ​ពេល​ឃើញ​លោក​ខា​ងលិច​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។ ទាល់​តែ​ដល់​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ផ្ទុះ​សង្គ្រាម ទើប​គេ​ឃើញ​ចិន​ចាប់​ផ្តើម​បញ្ជាក់​ជំហរអព្យាក្រិត្យ​របស់​ខ្លួន ​លើក​សំណើ​ចរចា​ដោះស្រាយ​សង្គ្រាម​អ៊ុយក្រែន​តាម​ផ្លូវ​ចរចា ដោយ​មាន​១២​ចំណុច។ តាំង​ខ្លួន​ជា​អាជ្ញាកណ្តាល ចិន​បាន​ប្រកាស​នៅថ្ងៃ​នេះថា​នឹង​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បេឡារុស នៅថ្ងៃអង្គារ​។ ចំណែក​​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង ទំនង​ទៅ​ជួប​លោក​ស៊ីជីនពីង​ នៅ​ខែដើម​ខែមេសា។

ហ្សេ​២០​ធ្លាប់​បានឯកភាពកាលពី​ឆ្នាំ ២០២០ ​ លើ​ក្របខ័ណ្ឌ​​រួមដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​​បំណុល​របស់​ប្រទេស​ក្រីក្រ​ ប៉ុន្តែ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​មាន​ភាពយឺត​យ៉ាវ​ខ្លាំង និង​ត្រូវ​បាន​លើក​មក​ជជែក​ខ្លះ​ដែរ​ក្នុង​ជំនួប​នៅ​ប្រទេស​ឥណ្ឌា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ