អានតួអត្ថបទ
ឥណ្ឌា-G២០

នាយករដ្ឋមន្រ្តីឥណ្ឌាអំពាវនាវឲ្យធ្វើកំណែទម្រង់លើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនៅក្នុងកិច្ចប្រជុំ G២០

កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G២០ បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​សុក្រ ទី២៤ កុម្ភៈ​នៅ​ទីក្រុង​បង់ហ្កាឡ័រ​ក្នុង​ប្រទេស​ឥណ្ឌា។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​បើក​កិច្ចប្រជុំ​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន G២០ នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា មូឌី​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កំណែទម្រង់​លើ​ស្ថាប័ន​អន្តរជាតិ ដូច​យ៉ាង​ធនាគារពិភពលោក។ កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ G២០ បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​សង្រ្គាម​អ៊ុយក្រែន និង​ចំ​ពេល​ដែល​ប្រទេស​សឹង​ទាំង​អស់​កំពុង​ប្រឈម​នឹង​កំណើន​អតិផរណា។

នាយករដ្ឋមន្រ្តីឥណ្ឌាអំពាវនាវឲ្យធ្វើកំណែទម្រង់លើស្ថាប័នអន្តរជាតិនៅក្នុងកិច្ចប្រជុំ G២០រៀបចំ​ក្នុង​ប្រទេស​ឥណ្ឌា។
នាយករដ្ឋមន្រ្តីឥណ្ឌាអំពាវនាវឲ្យធ្វើកំណែទម្រង់លើស្ថាប័នអន្តរជាតិនៅក្នុងកិច្ចប្រជុំ G២០រៀបចំ​ក្នុង​ប្រទេស​ឥណ្ឌា។ AP
ផ្សាយពាណិជ្ជកម្ម

« កំណែទម្រង់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ » នេះ​ជា​កម្មវត្ថុ​អាទិភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក​ណារិនដ្រា មូឌី​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម និង​ក្រុម​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ខ្លាំង​ហៅកាត់ G២០។ « ការ​ជឿ​ទុក​ចិត្ត​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ត្រូវ​បាន​ធ្លាក់​ចុះ។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន គឺ​មក​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទាំង​នេះ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​កំណែទម្រង់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​មូឌី​នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ថ្ងៃទី១។ តាម​លោក​មូឌី គេ​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ពង្រឹង​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល ដូច​ជា​ការ​ប្រែប្រួលអាកាសធាតុ និង​កម្រិត​បំណុល​ខ្ពស់។

នៅ​ក្នុង​រឿង​បំណុល​នេះ នាយករដ្ឋមន្រ្តី​ឥណ្ឌា​ចង់​សំដៅ​លើ​ក្រុម​ប្រទេស​អភិវឌ្ឃ​ដែល​កំពុង​ជំពាក់​បំណុល​គេ​វណ្ឌ ក។ នៅ​ក្នុង​ន័យ​នេះ G២០ មាន​ពេល​ដល់​ថ្ងៃ​សៅរ៍ ទី២៥ កុម្ភៈ​ដើម្បី​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​កាត់​បន្ថយ​បំណុល​ពី​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ។ គួរ​បញ្ជាក់​ថា​ក្នុង​ឆ្នាំ ២០២០ G២០ បាន​ឯកភាព​គ្នា​លើ​ក្របខណ្ឌរួម​មួយ​ដើម្បី​ពិនិត្យមើល​ឡើង​វិញ​លើ​បំណុល​របស់​ប្រទេស​ក្រីក្រ​ខ្លាំង។ តែ​មក​ដល់​ពេល​នេះ ការ​ដាក់​ឲ្យ​អនុវត្ត​កំពុង​មាន​ភាព​យឺតយ៉ាវ។ អាមេរិក​បាន​ចង្អុល​មុខ​ចិន​ដែល​ជា​ម្ចាស់បំណុល​ធំ​របស់​ប្រទេស​អាហ្រ្វិក​ជា​ច្រើន​ថា​ជា​អ្នក​យក​ជើង​រា​ទឹក។

ចំណែក​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ចិន​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ការ​វិភាគ​លើ​ដើមចម​នៃ​បញ្ហា​បំណុល​ឲ្យ​បាន​ស៊ីជម្រៅ និង​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ។ ក្រៅ​ពី​បញ្ហា​បំណុល G២០ ក៏​គ្រោង​និយាយ​ពី​កំណែទម្រង់​លើ​ច្បាប់​សារពើពន្ធ​អន្តរជាតិ ពិសេស​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​គ្រាក់ៗ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ