នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសថាជិតឈ្នះ ឯយោធាសម្រេចដកទ័ពចេញពីតំបន់ហ្កាហ្សា
ក្នុងខណៈដែលការចរចាស្វែងរកបទឈប់កំពុងចាប់ផ្តើមជាថ្មី នៅថ្ងៃអាទិត្យទី៧មេសាដែលត្រូវជាគម្រប់៦ខែនៃការវាយឆ្មក់របស់ចលនាហាម៉ាសមកលើអ៊ីស្រាអែល យោធាអ៊ីស្រាអែលបានប្រកាសដកកងទ័ពថយចេញពីភាគខាងត្បូងហ្កាហ្សា។ ឯចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ បានធានាអះអាងថា ជ័យជំនះនៅកៀកបង្កើយសម្រាប់អ៊ីស្រាអែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៩
នៅសល់តែមួយជំហានទៀតទេ អ៊ីស្រាអែលនឹងឈ្នះសង្គ្រាមនៅហ្កាហ្សាហើយ ប៉ុន្តែការខាតបង់មានលក្ខណៈធ្ងន់ធ្ងរនិងចុកចាប់ខ្លាំងណាស់! នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ ទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែលទាំងមូល។ ជាមួយនឹងការផ្តល់តួលេខថាយោធាអ៊ីស្រាអែលកម្ទេចអស់ពួកហាម៉ាសចំនួន១៩កង ក្នុងចំណោម២៤កង លោកនេតាន់យ៉ាហ៊ូ បានសន្យាជាថ្មីថានឹងបន្តកម្ចាត់ពួកហាម៉ាសឱ្យទាល់តែផុតពូជ មិនថាពួកនោះលាក់ខ្លួននៅទីណាឡើយ។ សូម្បីតែក្នុងក្រុងរ៉ាហ្វា ក្រុងភាគខាងត្បូងបំផុតនៃហ្កាហ្សាជាប់ព្រំប្រទល់អេហ្ស៊ីប ក៏អ៊ីស្រាអែលមិនខ្លាចនឹងចូលទៅបោសសម្អាតចលនាប្រដាប់អាវុធនេះដែរ។ នេះបើតាមសំដីរបស់លោកនេតាន់យ៉ាហ៊ូ ដែលព្រមានទៀតថា បើគ្មានការដោះលែងចំណាបខ្មាំងទេ គ្មានឡើយការឈប់បាញ់។
សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលបើកផ្លូវត្រៀមទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ផងនោះ បានធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពី យោធាអ៊ីស្រាអែល បានប្រកាសដកទ័ពចេញតំបន់ភាគខាងត្បូងហ្កាហ្សា និងតំបន់ Khan Younès។ មានន័យថា ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលត្រូវបិទបញ្ចប់។
កងពលកម្មង់ដូទី៩៨ បានបញ្ចប់បេសកកម្ម និងបានចាកចេញទាំងស្រុងពីដែនដីប៉ាឡេស្ទីន នៅសល់តែកងពលធំទី១៦២ និងកងពលតូចណាហាល់ ដែលបន្តឈរជើងនៅតាមបណ្តោយគំនូសផ្លូវកាត់ចែកតំបន់ហ្កាហ្សាជាពីរ។ គឺជាខ្សែការពារចាំរារាំងមិនឱ្យពលរដ្ឋហ្កាហ្សាខាងត្បូងអាចឆ្លងទៅតំបន់ហ្កាហ្សាខាងជើងផង និងចាំបើកផ្លូវឱ្យយោធាអ៊ីស្រាអែលក្រែងត្រូវចេញធ្វើប្រតិបត្តិការម្តងម្កាលផង។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានគូសបញ្ជាក់ថា ទន្ទឹមនឹងការដកទ័ព អ៊ីស្រាអែលបាននឹងពង្រាយកម្លាំងឡើងវិញនៅជុំវិញតំបន់ហ្កាហ្សា ជាមួយយុទ្ធសាស្ត្រថ្មី គឺវាយប្រហារចោះៗ នៅពេលបានទទួលព័ត៌មានច្បាស់លាស់ពីភ្នាក់ងារចារកិច្ច និងសន្តិសុខ។ សម្រាប់ក្រុមយោធាអ៊ីស្រាអែល ការពង្រាយទ័ពប្តូរយុទ្ធសាស្ត្រនេះ គ្មានពាក់ព័ន្ធនឹងសម្ពាធនយោបាយ ឬឱសានវាទណាមួយពីសំណាក់សហរដ្ឋអាមេរិកទេ។ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិកចូបៃដិនព្រលយជាលើកទីមួយអំពីជំនួយយោធាឥតលក្ខខណ្ឌអាមេរិកចំពោះអ៊ីស្រាអែល បើស្ថានភាពមនុស្សនៅហ្កាហ្សាមិនប្រសើរ។ ចំណែកអង់គ្លេសសម្ព័ន្ធមិត្តសំខាន់ម្នាក់ទៀត ក៏បានស្រែកដែរថាការគាំទ្ររបស់ឡុងដ៍ អាស្រ័យលើសកម្មភាពអ៊ីស្រាអែលក្នុងការគោរពសិទ្ធិមនុស្សធម៌អន្តរជាតិ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នេះជាសញ្ញាដ៏ជាក់លាក់មួយដែលថាអ៊ីស្រាអែលកំពុងបើកផ្លូវទៅរកកិច្ចព្រមព្រៀងជាមួយហាម៉ាស។ ការចរចាស្វែងរកបទឈប់បាញ់កំពុងចាប់ផ្តើមជាថ្មី នៅ ថ្ងៃនេះ នៅក្រុងគែរប្រទេសអេហ្ស៊ីប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ