អានតួអត្ថបទ
សង្រ្គាមហ្កាហ្សា-តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ

រដ្ឋអាជ្ញារបស់ICCសន្យាស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម​ក្នុង​ជម្លោះអ៊ីស្រាអែល-ហាម៉ាស

iរដ្ឋអាជ្ញា​នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកការីម ខាន់សន្យាប្រឹងអស់ពីសមត្ថភាព​ដើម្បីស៊ើបអង្កេត​លើបទឧក្រិដ្ឋកម្មសង្រ្គាម​ដែលអាច​កើតមានឡើង​នៅក្នុង​ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីននៅជិត​២ខែមកនេះ។ នៅ​ឆ្នាំ ២០២១ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដែលមានទីតាំងនៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់​បាន​ប្រកាស​បើកការស៊ើបអង្កេត​ម្តងហើយ លើ​បទឧក្រិដ្ឋកម្ម​សង្រ្គាមកើតឡើងនៅដែនដីប៉ាឡេស្ទីន ដែលអាច​ជាស្នាដៃរបស់​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ដែលគ្រប់គ្រង​ទឹកដីហ្កាហ្សា។

រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកការីម ខាន់ Karim Khan
រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកការីម ខាន់ Karim Khan REUTERS - PIROSCHKA VAN DE WOUW
ផ្សាយពាណិជ្ជកម្ម

ក្រោយពីបញ្ចប់ទស្សនកិច្ច​នៅ​អ៊ីស្រាអែល និងនៅរ៉ាម៉ាឡារបស់ស៊ីហ្សកដានី​ ដែនដីគ្រប់គ្រង​ដោយ​អាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក​ការីម ខាន់​បាន​សន្យា​ថា តុលាការនៅទីក្រុង​ឡាអេនឹងប្រឹងប្រែង​អស់ពីសមត្ថភាពដើម្បីស៊ើបអង្កេត​លើបទឧក្រិដ្ឋកម្មសង្រ្គាមជាយថាហេតុ​នៅក្នុង​ជម្លោះអ៊ីស្រាអែលនិង​ហាម៉ាសលើកនេះ។

បើតាម​​រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ(ICC) ​វត្តមានរបស់​លោក​នៅ​អ៊ីស្រាអែល និងនៅដែនដីប៉ាឡេស្ទីន​ មិនមែននៅក្នុង​ក្របខ័ណ្ឌនៃការស៊ើបអង្កេត​របស់​តុលាការ​នៅទីក្រុង​ឡាអេ ប៉ុន្តែ នៅក្នុងអំឡុង​ទស្សនកិច្ច​ លោក​បាន​ជួបនិយាយ​ជាមួយជនរងគ្រោះជាច្រើននាក់​ទាំងនៅអ៊ីស្រាអែល និង​ក្នុងទឹកដីប៉ាឡេស្ទីន។

រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ​ធ្វើដំណើរទៅអ៊ីស្រាអែល​ទៅតាម​ការអញ្ជើញ​របស់ក្រុមជនរងគ្រោះ​អ៊ីស្រាអែល​ដោយសារ​ការវាយឆ្មក់​របស់​ពួកហាម៉ាស​ទៅលើ​ទីក្រុង​ភាគខាងត្បូង​អ៊ីស្រាអែល​កាលពីថ្ងៃទី​៧តុលា។ បើតាម​លោក​ការីម ខាន់ លោក​បាន​ឃើញ​ស្លាកស្នាមនៃអំពើឃោឃៅដែលមានការរៀបចំទុកជាមុន នៅ​លើទីតាំង​ដែល​ពួកហាម៉ាស​វាយប្រហារ​ដ៏ហិង្សា​ទៅលើ​ប្រជាជន​អ៊ីស្រាអែល។ នៅពាក់កណ្តាលខែ​វិច្ឆិកា ប៉ូលិស​អ៊ីស្រាអែល​បើកការស៊ើបអង្កេត​ទៅលើការប្រព្រឹត្តអំពើហិង្សា​ផ្លូវភេទពីសំណាក់​ក្រុមប្រដាប់អាវុធ​ហាម៉ាស​នៅក្នុងអំឡុង​នៃការវាយប្រហារ​ទៅលើ​មហោស្រពសិល្បៈនៅថ្ងៃទី​៧តុលា។ បើតាម​​រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ការវាយប្រហារដ៏ហិង្សា​របស់​ពួកហាម៉ាសនៅទឹកដីអ៊ីស្រាអែល​ដែលបាន​សម្លាប់មនុស្ស​ប្រមាណ​១២០០នាក់ គឺជាឧក្រិដ្ឋកម្ម​អន្តរជាតិធ្ងន់ធ្ងរ​ដែល​តុលាការ​ក្រុងឡាអេ​​មានតួនាទីត្រូវ​ជំនុំជម្រះ។ រដ្ឋអាជ្ញាតុលាការក្រុងឡាអេ​សង្កត់ធ្ងន់ផងដែរពីការបាត់បង់ជីវិត​ប្រជាជន​នៅភាគីប៉ាឡេស្ទីនដោយសារ​ការវាយប្រហារសងសឹក​របស់​អ៊ីស្រាអែល។ តាម​តួលេខពីខាងក្រុមហាម៉ាស មានមនុស្ស​ជាង ១៥០០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល​ស្លាប់​ដោយសារ​ការទម្លាក់គ្រាប់ ការបាញ់ផ្លោង​របស់​ទាហានអ៊ីស្រាអែល​ទៅលើ​ទឹកដីហ្កាហ្សានៅ​ជិត​២ខែមកនេះ។

នៅ​ឆ្នាំ​២០២១ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិធ្លាប់​បាន​ប្រកាស​បើកការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​នៅដែនដីប៉ាឡេស្ទីន ដែលអាចជាស្នាដៃប្រព្រឹត្តឡើងដោយ​ទាហានអ៊ីស្រាអែល ក្រុមហាម៉ាស និង​ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយចំនួនទៀត។ យោងតាម​រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ការិយាល័យរបស់លោកអាចពង្រីកការស៊ើបអង្កេតទៅលើ​​ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស​លើកនេះ។ ប៉ុន្តែ រហូតមកដល់ពេលនេះ បុគ្គលិកស៊ើបអង្កេត​របស់​លោក​មិនទាន់​អាចចូល​ទៅក្នុងទឹកដីហ្កាហ្សា ឬ​ទៅស៊ើបអង្កេត​នៅអ៊ីស្រាអែល ដែល​មិនមែនជារដ្ឋសមាជិករបស់(ICC) ​ និងជារដ្ឋដែលធ្លាប់តវ៉ា​ប្រឆាំងការសម្រេច​របស់​តុលាការក្រុងឡាអេកន្លងមក។

អ្នកជំនាញច្បាប់ដែលស្និទ្ធិ​នឹង​តុលាការព្រហ្មទណ្ឌអន្តរជាតិ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារព័ត៌មានបារាំង​AFP ដោយសារ​ជម្លោះប្រដាប់អាវុធលើកនេះ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនអាចរងការចោទប្រកាន់ដូចគ្នានៅតុលាការព្រហ្មទណ្ឌអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ