អានតួអត្ថបទ
ជីហាត-ស៊ីរី-អាមេរិក

កងទ័ពអាមេរិក អះអាងថាបានសម្លាប់​មេធំម្នាក់ របស់​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី

មេធំម្នាក់​របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដែលសំងំលាក់ខ្លួននៅភាគឦសានស៊ីរី​ ត្រូវបាន​សម្លាប់ដោយ​ប្រតិបត្តិការ​វាយ​​ប្រហារតាមយាន​ដ្រូន​ របស់កងទ័ពអាមេរិក​។ ផ្អែកតាម​លិខិតប្រកាស របស់​អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក ប្រចាំនៅ​តំបន់ដើមបូព៌ា​ Centcom មេក្រុមជីហាតរូបនេះ គឺជា​អ្នកចាត់ចែងបញ្ជា រៀបចំសកម្មភាពវាយ​ប្រហារភេរវកម្ម ជាច្រើនដង​ នៅអឺរ៉ុប ក្នុងអំឡុងពេល​ដែល​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម កំពុងមានឥទ្ធិពលខ្លាំង​។

រថយន្តទាហានអាមេរិក កំពុងចល័តនៅតំបន់ Qamishli ភាគខាងជើងស៊ិរី ថ្ងៃទី ៤ ធ្នូ ២០២២
រថយន្តទាហានអាមេរិក កំពុងចល័តនៅតំបន់ Qamishli ភាគខាងជើងស៊ិរី ថ្ងៃទី ៤ ធ្នូ ២០២២ AP - Baderkhan Ahmad
ផ្សាយពាណិជ្ជកម្ម

មេក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមម្នាក់​ ឈ្មោះ Khaled Aydd Ahmad al-Jabouri ត្រូវបានសម្លាប់ ដោយ​ប្រតិបត្តិវាយ​ប្រហាររបស់កងទ័ពអាមេរិក នៅភាគឦសានស៊ីរី នៅថ្ងៃអង្គារទី៤មេសា។ កងទ័ពអាមេរិកអះអាងថា នៅក្នុងប្រតិបត្តិការសម្លាប់នេះ គឺពុំជនស៊ីវីលណាម្នាក់រងគ្រោះទេ។

Khaled Aydd Ahmad al-Jabouri ត្រូវគេស្គាល់ថា គឺជាមេក្លោងធំ​ម្នាក់ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ជននេះមានតួនាទី​រៀបចំ​ផែនការ និងចាត់ចែងសកម្មភាពវាយ​ប្រហារភេរវកម្ម​នៅអឺរ៉ុប។​ ជាក់ស្តែង អំពើភេរវកម្មនៅទីក្រុងប៉ារីស ខែវិច្ឆិកា ឆ្នាំ២០១៥ ផ្តាច់ជីវិតមនុស្ស​១៣០នាក់ ភេរវកម្ម​នៅទីក្រុងនីស ខាងត្បូងប្រទេសបារាំង ខែកក្កដា​ឆ្នាំ​២០១៦ ស្លាប់​មនុស្ស​៨៦នាក់ ។ នៅឆ្នាំ​២០១៦ដដែល ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានធ្វើភេរវកម្ម​ចំនួន​៣លើក​នៅទីក្រុងប្រុចសែល ស្លាប់​មនុស្សជាង៣០នាក់ និង​នៅខែសីហាឆ្នាំដដែល ភេរវកម្ម​នៅ​អេស្ប៉ាញ ស្លាប់​មនុស្ស​ប្រមាណ​១៦នាក់ទៀត។ ភេរវកម្មទាំងអស់នេះ គឺសុទ្ធតែជាស្នាដៃរៀបចំ ចាត់ចែង របស់ Khaled Aydd Ahmad al-Jabouri។

យោងតាម​ អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី មេក្លោងជីហាតរូបនេះ បានចូល​មកសំងំលាក់ខ្លួន នៅ​ក្នុង​ខេត្ត Idlep ភាគឦសានស៊ីរី ប្រមាណជា​ង១០ថ្ងៃមកហើយ ដោយ​រស់នៅ​ក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់របស់​ក្រុមជីហាត។ ប្រភពដដែល​អះអាង ជននេះត្រូវបាន​សម្លាប់ ដោយ​យានដ្រូនបាញ់គ្រាប់ពីលើ ក្នុងពេលជននេះកំពុងដើរនិយាយទូរស័ព្ទតាមផ្លូវ។

លិខិតរបស់​អគ្គបញ្ជាការ​ដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់ដើមបូព៌ា​ បាន​លើកឡើងថា ទោះក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បាន​បាត់បងដែនដីគ្រប់គ្រង ចាប់ពីឆ្នាំ​២០១៩ពិតមែន តែក្រុមនេះ​នៅ​តែ​អាចជាការគំរាមមួយ ដែលមិនអាចប្រហែស​បាន។ ក្រុមជីហាតនេះ នៅតែអាចមានសមត្ថភាពបើកប្រតិបត្តិការវាយប្រហារភេរវកម្ម នៅក្នុងតំបន់ដើមបូព៌ា​ និងអាចទៅឆ្ងាយ​លើសពីនេះ​ផង។

គួរបញ្ជាក់ដែរថា កងទ័ពអាមេរិក បន្ត​មានវត្តមាននៅភាគខាងជើងស៊ីរី ដោយសហការជាមួយ​កងកម្លាំងប្រជាធិបតេយ្យ​ស៊ីរី និង​ក្រុមកួក ដើម្បី​តាមដាន និង​វាយ​ប្រហារសំឡេសមេក្លោងរបស់ក្រុមនេះម្តងមួយៗ។ ខែតុលាឆ្នាំ២០១៩ មេក្លោងធំបង្អស់របស់​ក្រុមជីហាតខ្មៅងងិតនេះ ឈ្មោះ Abou Bakr al-Baghdadi ត្រូវបានកងទ័ពអាមេរិកសម្លាប់​បាននៅភាគឦសានស៊ីរី។ ឆ្នាំ២០២២ មេក្រុមជីហាត២នាក់ទៀតត្រូវបានសម្លាប់ ហើយ​កាលពី​ខែ​កុម្ភៈកន្លងទៅនេះ កងទ័ពអាមេរិកបានបើក​ប្រតិបត្តិការសម្លាប់មេក្លោងជីហាតម្នាក់ទៀត នៅតំបន់ឦសានស៊ីរីដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ